ក្រុង​ឡុង​ដ៍: ជីពចរ និង​ចង្វាក់បេះដូង​ចាប់ផ្ដើម​លោត​ខុស​ប្រក្រតី​នៅ​មជ្ឈមណ្ឌល​ថែទាំ​ជន​ចាស់​ជរា ពេល​ស្ដ្រី​ចំណាស់​មួយ​ចំនួន​បាន​ជួល «អ្នក​រត់​តុ​បុរស​សម្ញែង​គូទ» មក​បម្រើ​អាហារ​ពេល​ល្ងាច​ជូន​ពួក​គាត់។

យាយៗមណ្ឌល Milton Lodge ក្រុង​ខូ​ល​ឆេ​ស្ទ័​រ តំបន់ អេស​សេច បាន​ទទូច​សុំ​បុគ្គលិក​នៅ​មណ្ឌល ថា តើ​ពួកគេ​អាច​ឃើញ​ក្រុម​អ្នក​បម្រើ​បុរសៗ​អត់​ស្លៀក​ពាក់​បាន​ទេ?

មជ្ឈមណ្ឌល​នេះ​បាន​បង្កើត​កម្មវិធី Sparkle ដែល​បុគ្គលិក​បាន​រៃអង្គាសប្រាក់ ដើម្បី​សម្រេច​ក្ដី​បំណង​ប្រាថ្នា​របស់​ពួកគេ។ ទីបំផុត ពួកគេ​បាន​ទទួល​ក្រុម «បុរស​បាំង​ប្រមោយ» មក​បម្រើ​អាហារ​ពេល​ល្ងាច ៣ ឈុត។

ស្ដ្រី​ចំណាស់ ១១ នាក់​បាន​អញ្ជើញ​កូនស្រី និង​ចៅស្រី​មក​ទស្សនាការ​សម្ដែង និង​ថែមទាំង​ទទួល​ការ​ម៉ាស្សា​ពី​ក្រុម​បុរស​សង្ហា​ផង​ដែរ។

សហ​អ្នកសម្របសម្រួល​កម្មវិធី​នៅ​មណ្ឌល Milton Lodge ក្លែ​រ ម៉ា​ទីន បាន​ឲ្យ​ដឹងថា វា​ជា​គំនិត​ផ្ដួចផ្ដើម​ពី​អ្នក​ស្រី ចូន ខប អាយុ ៨៩ ឆ្នាំ។

អ្នកស្រី​ថា៖ «ពួកគេ​ញ៉ាំ​អាហារ ៣ មុខ ជាមួយ​អ្នកបម្រើ​អាក្រាត តែ​យើង​ក៏​សុំ​ឲ្យបុរសៗ​ទាំង​នោះ​ឲ្យ​លេង​សើច​ល្មមៗ​បាន​ហើយ»។

អ្នកស្រី ដូ​ល ចេ​ន​គី​នស៍ អាយុ ៩៩ ឆ្នាំ ជា​ស្ដ្រី​ចាស់​ជាងគេ​នៅ​មណ្ឌល​ក៏បាន​ស្នើសុំ​បុរស​ក្មេងៗ​លេង​សាច់​ទាំង​នោះ មក​អបអរ​ថ្ងៃ​ខួប​កំណើត គម្រប់ ១០០ ឆ្នាំ របស់​ខ្លួន​ផង​ដែរ។

អ្នកស្រី ក្លា​ដាស ស្មី​ត អាយុ ៨២ ឆ្នាំ បាន​បន្ថែមថា៖ «ខ្ញុំ​អង្គុយ​កៅអី​មុខ និង​មាន​ឱកាស​ល្អ ដោយ​បុរសៗ​ទាំង​នោះ​ផ្ដល់​សេវាកម្ម​ពេញ​ចិត្ដ។ វា​ជា​វេលា​ដ៏​រីករាយ​បំផុត»៕HR