ក្រុង​ហ្សាការតា៖ ផ្ដើម​ចេញ​ពី​បំណង​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន និង​លើក​កម្ពស់​សុខភាព​ប្រជាពលរដ្ឋ ពេល​នេះ​យុទ្ធនាការ​បិទ​ផ្លូវ​ហាម​ប្រាម​រថយន្ត​​​បើកបរ​នៅ​វិថី​ដ៏​អ៊ូអរ​មួយ​​នៃ​ទីក្រុង​ហ្សាការតា​នា​ថ្ងៃ​អាទិត្យ បាន​ក្លាយ​ជា​ទិដ្ឋភាព​ដ៏​ទាក់ទាញ​មួយ​សម្រាប់​​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​ដែន​កោះ​​វប្បធម៌​ចម្រុះ​មួយ​នេះ។

កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០០៧ ទីក្រុង​ហ្សាការតា បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ផ្លូវ​គ្មាន​រថយន្ត​ដំបូង​បង្អស់​របស់​ខ្លួន ដោយ​ការ​បិទ​ផ្លូវ​​មួយ​កំណាត់​ដ៏​វែង ដើម្បី​អនុញ្ញាត​ឲ្យ​ថ្មើរ​ជើង អ្នក​ជិះ​កង់ ឬ​យាន​ជំនិះ​គ្មាន​ផ្សែង ធ្វើ​ដំណើរ​ជា​​គុណ​ប្រយោជន៍​សុខភាព។

ការ​បិទ​ផ្លូវ​ធ្វើ​ឡើង​ចាប់​ពី Jalan Sudirman និង​ Jalan Thamrin ពី​ម៉ោង ៦ ព្រឹក ដល់​ម៉ោង ១១ ព្រឹក ដើម្បី​ឲ្យ​ពលរដ្ឋ​រីករាយ​នឹង​ការ​ធ្វើ​ដំណើរ​ ឬ​ហាត់​ប្រាណ។

នៅ​សប្ដាហ៍ទី​ ៤ ​នៃ​ខែ​នីមួយៗ ចំនួន​មនុស្ស​ដើរ និង​ជិះកង់​រឹត​តែ​ច្រើន។ រូបថត AFP

វិថី​ដែល​ធ្លាប់​តែ​កកកុញ​ដោយ​រថយន្ត​ណែន​ណាន់​តាន់​តាប់ ត្រូវ​បាន​ជំនួស​ដោយ​សកម្មភាព​កីឡា​យ៉ាង​ស្ងប់ស្ងាត់។

ដើម​ឡើយ​ការ​បិទ​ផ្លូវ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ម្ដង​គត់​ក្នុង ១ ខែ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ ២០១២ យុទ្ធនាការ​វិថី​គ្មាន​រថយន្ត បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ ឆ្លើយ​តប​នឹង​ការ​គាំទ្រ​ដ៏​ច្រើន​ពី​ប្រជាពលរដ្ឋ​នៅ​ហ្សាការតា។

ទន្ទឹម​នឹង​នោះ​ផង​ដែរ ទិដ្ឋភាព​មាន​អ្នក​លក់​ដូរ​ឥត​សណ្ដាប់​ធ្នាប់ នៅ​ពេល​បិទ​ផ្លូវ ក៏​ត្រូវ​បាន​លុប​បំបាត់​ដោយ​ថ្មីៗ​នេះ​អភិបាល​ក្រុង​ហ្សាការតា បាន​កំណត់​គោលដៅ​សម្រាប់​លក់​ដូរ​ជាក់​លាក់ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សោភណភាព​វិថី​គ្មាន​យាន​ជំនិះ​ផ្សែង។

ទិដ្ឋភាព​ដ៏មមាញឹក​នៃ​ចរាចរណ៍​នៃ​ទីក្រុង​ហ្សាការតា ប្រទេស​ ឥណ្ឌូនេស៊ី។ រូបថត AFP

ជា​រៀង​រាល់​ព្រឹក​ថ្ងៃ​អាទិត្យ​ ពលរដ្ឋ​ហ្សាការតា តែងតែ​រូត​រះ​ក្រោក​ពី​ព្រលឹម ដើម្បី​ទទួល​បាន​បទពិសោធ​ធ្វើ​ដំណើរ​ប្រកប​ដោយ​ផាសុកភាព តាមរយៈ​ការ​ដើរ រត់​កីឡា ជិះកង់ ជិះស្គី និង​រុញ​រទេះ​កូន​តូច​ជាដើម។

ភាព​ផ្ទុយ​គ្នា​រវាង​ទិដ្ឋភាព​ទីក្រុង​ដែល​មាន​ពលរដ្ឋ​ជាង ១០ លាន​នាក់ ​ដ៏​សែន​មមាញឹក ប្រែ​មក​ជា​វិថី​​កីឡា​បែប​ស្ងប់ស្ងាត់ បាន​​ក្លាយ​ជា​ប្រពៃណី​មួយ​នៃ​អ្នក​ទីក្រុង​ឥណ្ឌូនេស៊ី​មួយ​នេះ ក៏​ដូច​ជា​ភាព​ពិសេស​មួយ​ក្នុង​ការ​​ទាក់ទាញ​ទេសចរ​ឲ្យ​មក​ទទួល​បទពិសោធ​នេះ​ផង​ដែរ៕