ភ្នំពេញ: លើក​ចង្អុលដៃ​ដាក់​លើ​បបូរមាត់ ជា​សញ្ញា​ប្រាប់​ឲ្យ​ស្ងៀម​ស្ងាត់ និង​យក​ចិត្ដ​ទុក​ដាក់​ស្ដាប់​ការ​ពន្យល់​ណែនាំ​អំពី​លក្ខខណ្ឌ​នៃ​ការ​ប្រកួត យុវជន​វ័យ ២៣ ឆ្នាំ ក្នុង​ឯក​សណ្ឋាន​អាវ យឺត​ក្រហម​ខោ​ខ្មៅ​ស្បែក​ជើង​កីឡា ឈរ​កណ្ដាល​វង់​កុមារា និង​កុមារី​គ្រង​ឈុត​កីឡា​បាល់​ទាត់​ចម្រុះ​ពណ៌​ស្ថិត​ក្នុង​បរិវេណ​សាលា​រៀន បាន​និយាយ​ប្រាប់​ថា «មុន​នឹង​ស៊ុត​បាល់​បញ្ចូល​ទី​គូ​ប្រកួត​ក្រុម​ម្ខាងៗ​ត្រូវ​បោះ​បាល់​ទៅ​ឲ្យ​សមាជិក​ក្រុម​ជា​នារី​សិន»។

យុវជន ទិ​ត្យ សុវណ្ណារ៉ា ជា​អ្នក​រស់នៅក្នុង​តំបន់​ជម្រក​បណ្ដោះអាសន្ន ឬ​សំណង់​អនាធិប​តេយ្យ​បឹងកក់​ដែល​ល្បី​ស្អុយ​អសោច​រឿង​អំពើ​អបាយ​មុខ និង​គ្រឿង​ញៀន​បាន​ពន្យល់​ប្រាប់​លក្ខខណ្ឌ​ចំពោះ​ការ​លេង​បាល់​ទាត់​នោះ​ថា៖ «ក្រុម​នីមួយៗ​ត្រូវ​មាន​សមាជិក​ទាំង​ស្រី​និង​ប្រុស​ហើយ​មុន​ពេល​ទាត់​បញ្ចូល​ទី​សមាជិក​ប្រុស​ស្រី​ត្រូវ​ហុច​បាល់​ឲ្យ​គ្នា​សិន ដោយ​មិន​អាច​ប្រុស​ប៉ះបាល់​ឲ្យ​ប្រុស រួច​ស៊ុត​នោះ​ឡើយ»។

ក្រោម​ប្រធានបទ​កីឡា និង​ការអប់រំ​គម្រោង «Play to Progress» កាលពីដើម​ឆ្នាំ ២០១៨ ត្រូវ​បាន​បង្កើត​ឡើង​ដោយ សុវណ្ណារ៉ា ជា​ផ្លូវការ ដែល​មាន​គោល​បំណង​ផ្សព្វផ្សាយ​ចំណេះ​ដឹង​អំពី​បញ្ហា​សង្គម និង​លើក​កម្ពស់​តម្លៃ​ស្ដ្រី​តាមរយៈ​កីឡា​ដល់​កុមារា និង​កុមារី​រស់​នៅ​ក្នុង​សហគមន៍​មិន​សូវ​មាន​លទ្ធភាព​ចំពោះ​ឱកាស​លេង​កីឡា។

កីឡា​​ផ្ដល់​​​ឱកាស​ឲ្យ​កុមារ​​ក្រីក្រ​អភិវឌ្ឍ​ខ្លួន​​​។ សហការី

ដោយ​ខ្លួនឯង​ជា​អ្នក​ចូល​ចិ​ត្ដ​លេង​កីឡា​តាំងពី​កុមារភាព​រហូតដល់​ហក់​ចេញ​ផុត​ពី​អន្ទាក់​អបាយ​មុខ សុវណ្ណារ៉ា បាន​រំឭក​ថា៖ «ខ្ញុំ​ស្រឡាញ់​បាល់​ទាត់ តែ​មិន​សំខាន់​ជាង​ការ​ផ្ដល់​ឱកាស​ឲ្យ​កុមារ​ក្រីក្រ​អភិវឌ្ឍ​ខ្លួន​នោះ​ទេ។ វា​ទើប​ក្ដី​សុបិន​របស់​ខ្ញុំ។ កីឡា​ជា​យាន​ចម្លង​ខ្ញុំ​ឲ្យ​សម្រេច​ជោគ​ជ័យ។ កីឡា​ជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ខ្ញុំ​ហើយ​ពេល​នេះ វា​ក៏​មាន​ប្រសិទ្ធ​ភាព​ចំពោះ​អ្នក​ដទៃ​ផង​ដែរ»។

ផ្ដើម​ពី​ការចំណាយ​ពេលវេលា កម្លាំង​ញើស​ឈាម និង​ប្រាក់​ហោប៉ៅ​បន្ដិចបន្ដួច ផ្សែផ្សំ​មូលនិធិ​ពី​មិត្ដភក្តិ កីឡាករ​ក្រប​ខ័ណ្ឌ​ពាន​ពាក់​កណ្ដាល​អាជីព ដែល​ទើប​លើក​ពាន KMH Champions League រូប​នេះ​ត្រូវ​បាន​ជ្រើស​រើស​ជា​បេក្ខភាព​ប្រកួត​ប្រជែង Beyond Sport Foundation លើក​ទី ១០ នៅ​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី ១២ និង​ទី ១៣ ខែ​កញ្ញា ខាង​មុខ​នេះ។

ជា​បេក្ខជន​របស់​កម្ពុ​ជាដំបូង​បំផុត​ក្នុងចំណោម​បេក្ខភាព ៤០០ នាក់​មក​ពី ៣៣ ប្រទេស ២៣ ប្រភេទ​កីឡា និង ១០ ជំពូក អ្នក​ជាប់​ក្នុង​បញ្ជី​សម្រាំង​មកពី​ជុំវិញ​ពិភពលោក ជា​បុគ្គល​ជួយ​ដល់​សង្គម​តាមរយៈ​កីឡា​ដោយ​ប្រើ​វិធីសាស្ត្រ​ច្នៃ​ប្រឌិត និង​លើក​ទឹក​ចិត្ដ​ខ្ពស់។

កីឡាករ​បាល់ទាត់​ពាក់​កណ្ដាល​អាជីព និង​ជា​អ្នកសម្របសម្រួល​ផ្នែក​កីឡា​នៅ​អង្គការ​រូបនេះ បាន​បន្ថែម​ថា៖ «វា​ជា​ជោគ​ជ័យ​ដ៏​សម្បើម ដែល​កុមារ​ទាំង​នេះ​បាន​យល់​ដឹង និង​អភិវឌ្ឍ​ជីវិត​ពួកគេ។ ខ្ញុំ​នៅ​បន្ដ​កិច្ចការ​ប្រចាំ​ថ្ងៃ​ធម្មតា តែ​ខ្ញុំ​សង្ឃឹម​ថា​នឹង​បន្ដ​អភិវឌ្ឍ​គម្រោង Play to Progress នេះ​ទៀត។ ខ្ញុំ​មាន​មោទ​នភាព​ដែល​ត្រូវបាន​ជ្រើស​រើស​ចូលរួម​ប្រកួត​ក្នុង​ពាន​អន្ដរជាតិ»។

ស្ថិតក្នុង​ប្រភេទ​កីឡា​លើកស្ទួយ​សុខភាព និង​សុវត្ថិភាព (Promoting Health and Well-being through Inclusive Sport) កម្មវិធី «Play to Progress» បាន​ដំណើរ​ការ ៦ ខែ​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល ៦ ដង​នៅ​ក្នុង​ខេត្ដ​កំពត ក្រុង​ភ្នំពេញ ខេត្ដ​កណ្ដាល និង​ខេត្ដ​កំពង់ស្ពឺ។ នៅ​ខេត្ដ​កំពត ផ្ដោត​លើ​ចំណេះ​ដឹង​អំពី​បញ្ហា​គ្រឿង​ញៀន ហើយ​នៅ​កំពង់ស្ពឺ កុមារ​តែ ២ នាក់​ក្នុង​ចំណោម ៥ នាក់​គិត​ថា ស្ដ្រី​អាច​មាន​សមត្ថភាព​ក្លាយជា​មេ​ដឹកនាំ។ ពេល​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល ពួកគេ​បាន​យល់​ដឹង​កាន់​តែ​ច្រើន។

លោក​បាន​បញ្ជាក់ទៀតថា៖ «មាន​វិធី​ជាច្រើន​ដែល​សប្បុរសជន​គ្រប់រូប​អាចជួយ​យើង​បាន។ បើ​លោក​អ្នក​ស្គាល់​សហគមន៍​ក្នុង​ខេត្ដ​ណា​ដែល​មាន​កុមារ​ខ្វះ​លទ្ធភាព អាច​ទាក់​ទង​មក​យើង​ខ្ញុំ។ លោក​អ្នក​អាច​ជួយ​ជា​ហិរញ្ញវត្ថុ និង​ស្ម័គ្រ​ចិត្ដ​លើ​កម្មវិធី តាមរយៈ​ហ្វេសប៊ុក www.facebook.com/playtoprogress»។

អង្គការ​មូលនិធិ Beyond Sport Foundation ជា​អង្គភាព​ប្រារឰ គាំទ្រ ផ្សព្វផ្សាយ​ចំណេះដឹង និង​ផ្ដល់​មូលនិធិ​ដល់​អង្គការ និង​ស្ថាប័ន​ដែល​ប្រើ​កីឡា​ជួយ​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ចីរភាព​របស់​អង្គការ​សហ​ប្រជាជាតិ៕