ក្រុង​តូក្យូ : ក្នុង​ផ្ទះ​បាយ​ដ៏​មមាញឹក ក្លិន​ឈ្ងុយ​ភាយ​ពេញ​ច្រមុះ​ ខណៈ​មេចុងភៅ​ យូតុ ស៊ីណូហារ៉ា រៀបចំ​ចម្អិន​ទឹក​ស៊ុប​សម្រាប់​មី​រ៉ាមេន ដែល​មិន​មែន​រម្ងាស់​ពី​សាច់​ជ្រូក ឬ​មាន់។ អាថ៌កំបាំង​នៃ​រសជាតិ​គ្រឿង​ផ្សំគឺ​​ជា ​ចង្រិត​។

លោក ស៊ីណូហារ៉ា បាន​ពន្យល់​អំឡុង​ពេល​កូ​រ​ទឹក​ស៊ុប​ថា​៖ «​ក្នុង​ឆ្នាំងមួយ​​នេះ យើង​ដាក់​ចង្រិត​ ១ ម៉ឺន​ក្បាល​ ធ្វើ​ជា​ទឹកស៊ុប​សម្រាប់​ ១០០ ចាន​»។

មីស៊ុប​រ៉ាមេន ផលិត​ដោយ​មេ​ចុងភៅ ស៊ីណូហារ៉ា និង​ក្រុម​កូន​កាំបិន មាន​សម្រស់​ និង​​ក្លិន​មិន​ខុស​ពី​ស៊ុប​នៅ​តាម​ភោជនីយដ្ឋាន​នានា​ទូទាំង​ប្រទេស​ជប៉ុន​នោះទេ​។

សរសៃ​មី​ពណ៌ស​នៅ​ចំកណ្ដាល​ទឹក​ស៊ុប បន្ថែម​ដោយ​សាច់​ជ្រូក​ប៉ុន្មាន​ចំណិត​ និង​ជ្រក់​ទំពាំង​ថែម​ទៀត​។

ស៊ីណូហារ៉ា មាន​បំណង​លើកស្ទួយអាហារ​ចម្អិនពីសត្វ​ល្អិត ឲ្យ​មាន​តម្លៃស្មើនឹង​សាច់សត្វ​ដទៃ។ រូបថត AFP

អ្វី​ដែល​ខុស​ប្លែក​តិច​តួច​នោះ​គឺ​ថា មេចុង​ភៅ​វ័យ ២៦ ឆ្នាំ ស៊ីណូហារ៉ា ប្រើ​ចង្រិត​រម្ងាស់​ជា​ទឹក​ស៊ុប​ ប្រេង​ធញ្ញជាតិ ទឹកស៊ីអ៊ីវ និង​មី​។

ចំណុច​មួយ​ទៀត ខុស​ត្រង់​សត្វ​ល្អិត​លីង​បន្ថែម​ជា​គ្រឿង​បន្ថែម​រសជាតិ និង​​លម្អ​លើ​ចាន​​ជាមួយ​ស្លឹក​មីស៊ូបា នៅ​លើ​ចាន​ស៊ុប​។

លោក ស៊ីណូហារ៉ា មិន​មែន​ជា​មេចុងភៅ​ជំនាញ​នោះទេ តាម​ពិត​ លោក​គ្រាន់តែ​ចាត់​ទុក​ខ្លួន​ឯង​ជា​ «​កុមារ​ដី»​ ហើយ​វា​ជា​អ្វី​ដែល​លោក​ស្រឡាញ់​គ្រប់​ធម្មជាតិ​នៅ​លើ​ដី​ រួម​ទាំង សត្វ​ល្អិត​ផង​ដែរ។

ចុងភៅ​ដែល​មាន​ទម្លាប់ទទួលទាន​សត្វ​ល្អិត​តាំងពី​ក្មេង​រូបនេះ ​បាន​ប្រាប់ទីភ្នាក់ងារ​ AFP ថា​៖ «​ខ្ញុំ​ចង់​ណែនាំ​នូវ​អារម្មណ៍​ទទួល​ទាន​សត្វ​ល្អិត។ ដូច្នេះ​សត្វ​ល្អិត​នឹងត្រូវបាន​ចាត់​ទុក​ដោយ​ស្មើ​ភាព​ទៅ​នឹង​សត្វ​ធំៗ និង​រុក្ខជាតិ​ដទៃ​ទៀត​»។

លោក ស៊ីណូហារ៉ា មាន​ចំណូលចិត្ត​ទទួលទានសត្វ​ល្អិត ដោយ​លួច​​លាក់ តាំងពី​លោក​នៅក្មេង។ រូបថត AFP

ខណៈ​បណ្ដា​ប្រទេស​ជាច្រើន​នៅអាស៊ី អាហ្វ្រិក អាមេរិក​ខាងត្បូង និង​អូសេអានី មាន​ប្រវត្តិទទួលទានសត្វ​ល្អិត​ជាអាហារ​ជាយូរ​លង់ណាស់មកហើយ មនុស្ស​ជាច្រើន​ ជាពិសេសនៅ​​បស្ចិម​ប្រទេស​ នៅ​តែ​ខ្ពើមរអើម​នឹង​អាហារ​ពីសត្វ​ល្អិត​នៅឡើយ។

អ្នក​ជំនាញ​បរិស្ថាន និង​កសិកម្ម​បាន​ និង​កំពុង​ព្យាយាម​បំបែក​រនាំង​ទាំងនេះ ដោយ​ផ្សព្វ​ផ្សាយ​សត្វ​ល្អិត​ជា​ធនធាន​សម្បូរ​រ៉ែ និង​ប្រូតេអ៊ីន​​ស្ទួយ​បរិស្ថាន​។

លោក​យល់​ឃើញ​ថា សត្វ​ល្អិត​ជា​អាហារ​ឈ្ងុយ​ឆ្ងាញ់​ ដែល​គួរ​តែ​ដាក់​ក្នុង​បញ្ជី​មុខ​ម្ហូប​ ជាក់​ស្ដែងមាន​ ដង្កូវមេអំបៅ ជាដើម​។

ដង្កូវ​ស្រោប​ស្លាប​ត្រូវ​បាន​ចាត់​ទុក​ជា​សត្វ​ល្អិន​រំខាន​ក្នុង​ប្រទេស​ជប៉ុន​ ដោយសារ​តែ​ពួក​វាមក​រោម​បុប្ផា​សាគូរ៉ា​រៀង​រាល់​ពេល​។

រួបភាព​កាលពី​ឆ្នាំ ២០១៥ បង្ហាញ​លោក ស៊ីណូហារ៉ា ចាប់​សត្វ​ល្មូន​បំពង។ រូបថត AFP

យ៉ាងណាមិញ លោក​ ស៊ីណូហារ៉ា យល់​ថា ដង្កូវ​មេអំបៅ​ជាគ្រឿង​ផ្សំ​ដ៏​ពិសេស​។

លោក​បាន​ប្រាប់​ថា​៖ «​ពួកវា​ពិត​ជា​ឆ្ងាញ់​ពិសា​។ ពួកវា​មាន​រសជាតិ​ដូច​បង្អែម​ជប៉ុន​។ ដង្កូវ​ទាំង​នេះ​ស៊ី​តែ​ស្លឹក​សាគូរ៉ា​ប៉ុណ្ណោះ​។ ដូច្នេះ​ពួកវា​ពិតជា​មាន​ក្លិនឈ្ងុយ​»។

លោក ស៊ីណាហារ៉ា និង​ក្រុម​ការងារ​មាន​គម្រោង​បើក​ភោជនិយដ្ឋាន​សត្វ​ល្អិត​ឈ្មោះ Antcicada នៅទីប្រជុំជន​ក្រុង​តូក្យូ កាលពី​ខែ​មេសា តែ​ត្រូវ​បង្ខំ​ចិត្ដ​ផ្អាក​ដោយសារ​តែ​ការ​រីករាលដាល​នៃ​វីរុស​កូរ៉ូណា​។

​លោក ស៊ីណូហារ៉ា បង្ហាញ​សត្វ​ល្អិត​ដែល​អាច​ចម្អិន​ទទួលទាន កាលពីលោក​នៅ​ជា​និស្សិត​ក្នុង​ឆ្នាំ ២០១៥។ រូបថត AFP

ផ្ទុយ​ទៅវិញ ពួកគេ​រៀបចំ​មីស៊ុប​រ៉េមេន​ចង្រិត ដែល​អាច​ចម្អិន​នៅតាម​ផ្ទះ និង​លក់​តាម​អនឡាញ​បាន​ដល់ ៦០០ ឈុត​កាលពី​ពាក់​កណ្ដាល​ខែ​ឧសភា​។

លោក បាន​ឲ្យ​ដឹងថា​៖ «​អរគុណ​ខ្លាំង​ណាស់​ មី​មួយ​ឆ្នាំង​ចុង​ក្រោយ​នេះ​លក់​អស់​តែ ៣ ម៉ោង​ប៉ុណ្ណោះ​»។

លោក ស៊ីណូហារ៉ា មាន​ក្ដី​រំពឹង​ខ្ពស់​ចំពោះ​ចង្វាក់​ផលិតកម្ម​ប្រើ​សត្វ​ល្អិត​នេះ រួមទាំង ស្រាបៀរ​ផលិត​ពី​សត្វ​ចង្រិត និង​ទឹក​តែ​ច្នៃ​ពី​លាមក​ដង្កូវ​នាង​ផង​ដែរ​។

លោក​បាន​អះអាង​ថា​៖ «​ខ្ញុំ​មើល​ឃើញ​ពី​សក្ដានុពល​យ៉ាង​ខ្លាំង​»៕ AFP/HR

មី​រ៉ាមេន ចម្អិន​ពី​ចង្រិត​រម្ងាស់ធ្វើទឹកស៊ុប និង​បំពង​ដាក់​លើ​សរសៃ​មី។ រូបថត AFP

រូបមន្ត​ផ្សំ​ពិសេស​​នៃ​អាហារចម្អិន​ដោយ​​លោក ស៊ីណូហារ៉ា គឺ​ជា​សត្វ​ចង្រិត។ រូបថត AFP

ការ​រម្ងាស់ទឹកស៊ុប​មួយ​ឆ្នាំង ត្រូវ​ប្រើចង្រិត​ប្រមាណ ១ ម៉ឺន​ក្បាល។ រូបថត AFP

រសជាតិទឹកស៊ុប​ចម្ងិន​ពី​ចង្រិត និង​សត្វ​ល្អិត ត្រូវ​បាន​លោក​អះអាង​ថា ស្រដៀង​គ្នា​ទៅ​នឹង​ទឹកស៊ុបមី​​រ៉ាមេនទូទៅ។ រូបថត AFP

មុខ​ម្ហូប​ខ្លះ​តម្រូវ​ឲ្យ​ក្រឡុសត្វ​ល្អិត មុន​នឹង​យក​ច្នៃ​ជា​គ្រឿង​ផ្សំ និង​បន្ទះ​សាច់​នានា។ រូបថត AFP