ក្រុងតូក្យូ: យុវវ័យជប៉ុនគ្រងឈុតប្រពៃណីគីម៉ូណុ មកជួបជុំគ្នានៅបរិវេណសាធារណៈក្នុងប្រទេសជប៉ុនកាលពីថ្ងៃចន្ទ ដើម្បីប្រារឰពិធីពេញវ័យ ថ្វីដ្បិតតែព្រឹត្ដិការណ៍សប្បាយរីករាយជាច្រើនត្រូវបានលុបចោលដោយសារតែវិបត្ដិកូវីដ។
មនុស្សជាង ១ លាននាក់នៅជប៉ុនបានចម្រើនដល់វ័យ ២០ ឆ្នាំ ជាអាយុដែលពួកគេអាចទទួលទានគ្រឿងស្រវឹង ជក់បារី និងរៀបការស្របច្បាប់ ដោយមិនចាំបាច់មានការឯកភាពពីឪពុកម្ដាយ។
ពួកគេរមែងប្រារឰពិធីនេះរៀងរាល់ខែមករាស្ដីពី «ព្រឹត្ដិការណ៍ថ្ងៃពេញវ័យ» ជាមួយកម្មវិធីផ្លូវការ ដែលមានជាក្បួនគ្រួសារសាមុរ៉ៃបែបបុរាណ និងមានការទទួលទានគ្រឿងស្រវឹងជោកជាំផងដែរ។
ប៉ុន្ដែការកើនឡើងនៃជំងឺកូវីដ ១៩ និងការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេលមួយខែ នៅក្នុងទីក្រុង និងតំបន់ជុំវិញក្រុងតូក្យូ បានបង្ខំអាជ្ញាធរលុបចោល ឬពន្យាកម្មវិធីជាច្រើនក្នុងឆ្នាំ ២០២១។
និស្សិត ណាអូមិ អូបា បានប្រាប់ AFP នៅព្រឹត្ដិការណ៍កាវ៉ាសាគី ភាគនីរតីទីក្រុងថា៖ «ខ្ញុំដឹងថា វាមានហានិភ័យនៃជំងឺឆ្លង តែខ្ញុំមកទីនេះ ពីព្រោះវាជាព្រឹត្ដិការណ៍ ដែលយើងទទួលបានបទពិសោធតែម្ដងក្នុងឆាកជីវិត ហើយវាក៏ជាឱកាសជួបមិត្ដភក្ដិ ដែលខ្ញុំខានជួបគ្នាយូរ»។
និស្សិតវ័យ ២០ ឆ្នាំ ហៅថា អាយ៉ាណេ អ៊ូឈីណុ បាននិយាយថា៖ «ក្រោយកម្មពិធីចប់ ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញ តែវាមិនសូវសមសោះ ពេលអត់បានទៅណា និងញ៉ាំអីជាមួយមិត្ដភក្ដិ ដោយសារតែវីរុស»។
នៅ Yokohama Arena ស្ដ្រីគ្រងឈុតគីម៉ូណុ កន្សែងបង់ក និងម៉ាសពណ៌ស អង្គុយឃ្លាតឆ្ងាយពីគ្នា ដោយបុរសស្លៀកឈុតជំនួញ។
សមត្ថភាពទីតាំងនេះ អាចផ្ទុកមនុស្ស ៥ ពាន់នាក់ ដោយកម្មវិធីត្រូវបានបែងចែកជា ៤ រៀបចំនៅថ្ងៃចន្ទ។ អ្នកចូលរួមត្រូវបានជម្រាបឱ្យរក្សាគម្លាតសុវត្ថិភាព និងនិយាយតិចៗដើម្បីទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមថ្មី។
កាលពីសប្ដាហ៍មុន លោកបាននិយាយថា អ្នកឆ្លងវីរុសកូរ៉ូណាជាងពាក់កណ្ដាលនៅទៅក្រុងតូក្យូជាយុវជនអាយុក្រោម ៣០ ឆ្នាំ។
ទីក្រុងនេសាទ យ៉ៃស៊ុ ភាគកណ្ដាលប្រទេសជប៉ុន បានរៀបចំ «ព្រឹត្ដិការណ៍ថ្ងៃពេញវ័យ» បើកឡានចូលកាលពីថ្ងៃអាទិត្យ ដែលទាក់ទាញអ្នកជិះរថយន្ដប្រមាណ ៤៧០ គ្រឿងមកចូលរួមអបអរ។
បុរសវ័យ ២០ ឆ្នាំ បានប្រាប់ Sankei Shimbun ថា៖ «យើងនឹកមិត្ដភក្ដិចាស់ៗ តែក៏រីករាយដែរ ដែលបានចូលរួមព្រឹត្ដិការណ៍នេះ»។
ក្រុងតាម៉ា នៅភាគខាងលិចក្រុងតូក្យូ ក៏បានរៀបចំព្រឹត្ដិការណ៍នេះតាមអនឡាញសម្រាប់ពលរដ្ឋចម្រើនពេញវ័យ។
មុនពេលចាប់ផ្ដើម អាភិបាលក្រុងបានធ្វើការសុំទោសចំពោះអ្នកចូលរួមដោយនិយាយថា៖ «ខ្ញុំសុំទោស! តែវាជាការពិត ដែលជំងឺឆ្លងកំពុងតែរីករាលដាល។ ក្នុងនាមជាមនុស្សពេញវ័យ សុំទទួលការសុំទោសនេះផងចុះ»៕ AFP/HR