ភ្នំពេញៈ ដើម្បី​ថែរក្សា និង​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា និង​ប្រពៃណី​ហ្មដំរី ដែល​មាន​តាំងពី​បរមបុរាណ ខណៈ​បច្ចុប្បន្ន​នៅ​សេសសល់​ក្នុង​ខេត្ត​ភាគ​ឦសាន​ប្រទេស​កម្ពុជា មូលនិធិ​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា (Airavata Khmer Elephant Foundation) ក៏​ត្រូវ​បាន​បង្កើត​កាលពី ៤ ឆ្នាំ​មុន​ដោយ​ផ្ដល់​ឱកាស​ឲ្យ​ភ្ញៀវទេសចរ​ទទួល​បាន​ភាពស្និទ្ធស្នាល​ជាមួយ​សត្វ​ដំរី​ចិញ្ចឹម​ក្នុង​បរិស្ថាន​នៃ​ព្រៃ​ធម្មជាតិ​។

ដោយឡែក​យុវតី​កូនកាត់​ខ្មែរ-បារាំង​ដោយ​មាន​ម្តាយ​ជាតិខ្មែរ និង​ឪពុក​ជា​ជនជាតិ​បារាំង​សញ្ជាតិ​ខ្មែរ​នោះ ម៉ារីយ៉ាន ក្លេ បច្ចុប្បន្ន​ទើប​មាន​វ័យ ១៦ ឆ្នាំ ខណៈ​ខ្លួន​ក៏​បាន​ស្ម័គ្រចិត្ត​ធ្វើ​ជា​តំណាង​ទូត​សុឆន្ទៈ​នៃ​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា​រយៈពេល​ជិត ៤ ឆ្នាំ​មក​ហើយ​ពោល​ចាប់​តាំងពី​នៅ​មាន​វ័យ​ត្រឹមតែ ១២ ឆ្នាំ មក​ម្ល៉េះ​។

យុវតី​ជា​កូនកាត់​ខ្មែរ-បារាំង ម៉ារីយ៉ាន ក្លេ ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយចិត្ត​ដ្បិត​ខ្លួន​ចូលរួម​ជួយ​ដល់​សហគមន៍​ជិត​ ៤ ​ឆ្នាំ​មក​ហើយ​ដោយ​មាន​ភារកិច្ច​ជា​អគ្គរដ្ឋទូត​សុឆន្ទៈ​នៃ​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា​នោះ​ថា​៖ «​នាង​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​កិច្ចការ​នេះ ហើយ​នាង​ខ្ញុំ​ក៏​ជួយ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ការអភិរក្ស​សត្វ​ដំរី​ខ្មែរ​កំពុង​តែ​នៅ​តិច​មែនទែន​ក្នុង​ស្រុក​ខ្មែរ​តាមរយៈ​ប្រាប់​មិត្តភក្តិ និង​បងប្អូន​នៅ​តាម​សហគមន៍​គឺ​ឲ្យ​ពួកគាត់​មាន​ចិត្ត​ស្រឡាញ់​ធម្មជាតិ និង​សត្វ​ដំរី​នេះ​តែ​ម្តង​»​។

ម៉ារីយ៉ាន ក្លេ ដែល​ជា​កូនស្រី​ទី​ ២ អ្នកស្រី ខៃ ចិន្តា ជា​ប្រធាន​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា​ក៏​មាន​ក្តី​រំពឹង និង​សំណូមពរ​ដែរ​ថា​នឹង​មាន​ការរួមចំណែក​អភិរក្ស​ព្រៃឈើ​ដែល​ជា​ជម្រក​សត្វព្រៃ និង​ធ្វើឲ្យ​រស់រាន​ឡើងវិញ​នូវ​ប្រពៃណី​ចិញ្ចឹម​មើលថែ​សត្វ​ដំរី​នៅ​កម្ពុជា​ផង​ដែរ​ក្រោយពី​បាន​ជ្រាបថា សព្វថ្ងៃ​ធនធាន​សត្វ​ដំរី​នៅ​ស្រុក​ខ្មែរ​គឺ​កាន់តែ​ហោច​ទៅៗ​នោះ​។

កញ្ញា ម៉ារីយ៉ាន ក្លេ ក៏​បាន​បញ្ជាក់​ថា​៖ «​នាង​ខ្ញុំ​សំណូមពរ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​សូម​ចូលរួម​អភិរក្ស​ទាំងអស់​គ្នា​នូវ​ធនធាន​ដំរី​នៅ​ស្រុក​ខ្មែរ ព្រោះ​ថា​សត្វ​ដំរី​កាន់​តែ​មាន​ចំនួន​តិច​ណាស់​ឥឡូវ​នេះ​»​។

ស្ថិត​នៅ​ចម្ងាយ​ជិត ១០ គីឡូម៉ែត្រ​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី​តំបន់​អភិរក្ស​ដំរី​អៃរាវត្តា គឺជា​ជំរំ​សត្វ​ដំរី​ដែល​ផ្ដល់​ឱកាស​ដល់​ភ្ញៀវទេសចរ​បាន​ជួប​សត្វ​ប្រមោយ​វែង និង​ហ្ម​របស់​វា​ជា​ជនជាតិ​ភាគតិច​នោះ​។ ហើយ​ក៏​មាន​សកម្មភាព​អេកូ​ទេសចរណ៍​ដទៃ​ទៀត ដូចជា ការ​ជិះ​ដំរី ការថតរូប​អនុស្សាវរីយ៍​មុន​រៀបអាពាហ៍ពិពាហ៍​ (Pre-Wedding) ជាមួយ​នឹង​សត្វ​ដំរី​ផ្ដល់​ចំណី និង​ថែទាំ​ដំរី​ក្នុង​ជម្រក​ព្រៃ​ធម្មជាតិ​ដោយ​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ដែល​មាន​ទំហំ ៣០០ ហិកតា​នៅក្នុង​ភូមិ​កាទៀង ខណៈ​ឯ​តំបន់​អៃរាវត្តា​ដែល​នៅ​ខេត្ត​រតនគីរី​ជា​ជម្រក​ធម្មជាតិ​នៃ​ដំរី​ចិញ្ចឹម និង​បន្ថែម​ដោយ​ផ្ទៃដី​កសិកម្ម​មាន​ប្រមាណ​ជា​ចំនួន ៦០ ហិកតា​ផង​ដែរ​៕