ភ្នំពេញ៖ សិស្សានុសិស្សចំនួន ៦២៧ នាក់ ដែលឆ្លងកាត់ការប្រកួតវគ្គជម្រុះពីសិស្សានុសិស្សសរុបចំនួន ១ ៤០០ នាក់ មកពីសាលាចំណេះដឹងទូទៅទាំងសាលារដ្ឋ និងសាលាឯកជនជាង ៥០ សាលា ទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួននៃប្រទេស កម្ពុជា នឹងត្រូវទៅចូលរួមកម្មវិធីប្រកួតប្រជែងសមត្ថភាពគណិតវិទ្យាពិភពលោកលើកទី ៣ នៅក្នុងឆ្នាំ ២០២០ (2020 World Mathematics Invitational-WMI) ខាងមុខនេះ។
បើតាមលោក ហ៊ុង ស៊ាងប៊ុង ដែលជាអ្នកសម្របសម្រួលផ្នែកខាងនាំសិស្សទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាពគណិតវិទ្យាពិភពលោកឈ្មោះ World Mathematics Invitational (WMI) ដែលជាកិច្ចសហការរៀបចំឡើងដោយក្រុមហ៊ុន Global Education Network Cambodia និងសាលាចំណេះដឹងទូទៅអន្តរជាតិវេស្ទើន (Western International School)។
យុវសិស្សខ្មែរដែលធ្លាប់ទៅចូលរួមកម្មវិធីប្រកួតប្រជែងសមត្ថភាពគណិតវិទ្យាពិភពលោក WMI នេះ បានចំនួន ២ លើករួចមកហើយ ដោយលើកទី ១ បានធ្វើនៅប្រទេស កូរ៉េខាងត្បូង នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨ និងលើកទី២ បានធ្វើនៅទីក្រុងហ្វូគុអូកា កាលពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៩ ប្រទេស ជប៉ុន ខណៈនៅឆ្នាំ ២០២០នេះ ប្រទេស កម្ពុជា នឹងចូលរួមជាលើកទី ៣ ដែលធ្វើនៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី។
លោក ហ៊ុង ស៊ាងប៊ុង បានបង្ហើបឲ្យដឹងថា៖ «នាថ្ងៃទី ១៧-២១ ខែ កក្កដា ឆ្នាំ ២០២០ ខាងមុខនេះ សម្រាប់ជាទិន្នន័យបឋម នៃចំនួនសិស្សានុសិស្សខ្មែរយើងចំនួន ៦២៧ នាក់ ដែលជាសិស្សានុសិស្ស ទើបតែបានឆ្លងកាត់ប្រកួតជម្រុះនៅក្នុងប្រទេស កម្ពុជា កាលពីថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២០ កន្លងមកនៅក្នុងចំនួនសរុបចូលរួម ១ ៤០០ នាក់ នោះ នឹងត្រូវទៅចូលរួមការប្រកួតសមត្ថភាពគណិតវិទ្យាលក្ខណៈពិភពលោក WMI ឆ្នាំ ២០២០ ជាលើកទី ៣ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី។ កាលពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៩ កន្លងមក ដែលជាការចូលរួមលើកទី ២ នោះ កម្ពុជាយើងបាននាំសិស្សចំនួនជាង ១០០ នាក់ ទៅចូលរួមប្រកួតនៅក្នុងទីក្រុងហ្វូគុអូកា ប្រទេស ជប៉ុន និងលទ្ធផលយើងមានសិស្សចំនួន ៥០ រូប ទទួលជ័យជម្នះ។
ចំណែកលើកទី ១ ដែលធ្វើនៅទីក្រុងសេអ៊ូល ប្រទេស កូរ៉េខាងត្បូង នោះ យើងបាននាំសិស្សានុសិស្សចំនួន ៥៥ នាក់ និងលទ្ធផលបានជ័យជម្នះចំនួន ២១ នាក់»។
អ្វីគួរឲ្យកត់សម្គាល់នោះ សម្រាប់ការប្រកួតសមត្ថភាពគណិតវិទ្យា ដែលជាលក្ខណៈពិភពលោក WMI កាលពីឆ្នាំ ២០១៩ នៅប្រទេស ជប៉ុន នោះ យុវតីស្រស់សោភា ណារិទ្ធ កញ្ញារ័ត្ន ដែលជាសិស្សរៀនថ្នាក់ទី ១១D នៅសាលាអន្តរជាតិវេស្ទើនបានបង្កើតនូវកំណត់ត្រាថ្មី គឺទទួលបានពានរង្វាន់លំដាប់កំពូលពិភពលោកនេះដែរពីការប្រឡងគណិតវិទ្យាលំដាប់ពិភពលោកវគ្គផ្តាច់ព្រ័ត្រ ដែលមានចំនួនបេក្ខជន-បេក្ខនារី ជាយុវសិស្សចូលរួមប្រឡងចំនួន ១ ៤០៤ នាក់ មកពី ២៣ ប្រទេស។
ដោយឡែកសម្រាប់ខ្មែរយើងដដែលក៏មានយុវជនឈ្មោះ រាត់ កំរងជេដ្ឋា ជាសិស្សរៀននៅសាលាវេស្ទើនអន្តរជាតិ ថ្នាក់ទី ១១ ដែលរូបគេគឺជាម្ចាស់មេដាយមាស ២ ជំនាន់ នៅក្នុងការប្រឡងសមត្ថភាពគណិតវិទ្យាលំដាប់ពិភពលោកវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងសេអ៊ូល ប្រទេស កូរ៉េខាងត្បូង កាលពីថ្ងៃទី ១៣ ខែ កក្កដា ២០១៨ នៅទីក្រុងហ្វូគុអូកា ប្រទេស ជប៉ុន កាលពីថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១៩ កន្លងមកនេះ។
ចំពោះកម្មវិធីប្រកួតសមត្ថភាពគណិតវិទ្យាលំដាប់ពិភពលោក WMI នេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅនៃការអប់រំស្មារតីផ្នែកគណិតវិទ្យា និងបង្កើតប្រជាប្រិយភាព ដែលមានកម្រិតចាប់ពីថ្នាក់មតេយ្យជាន់ខ្ពស់ដល់ថ្នាក់ទី ១២ ខណៈប្រទេស កម្ពុជា បានចូលរួមប្រកួតជាលើកដំបូង នៅក្នុងឆ្នាំ ២០១៨ ដោយមានការជួយសម្របសម្រួលពីក្រុមហ៊ុន Global Education Network Cambodia និងសហការជាមួយសាលាវេស្ទើន។
លោក ហ៊ុង ស៊ាងប៊ុង បានបញ្ជាក់ថា៖ «បច្ចុប្បន្នក្រុមហ៊ុន Global Education Network Cambodia ក៏កំពុងតែជួយសម្រួលក្នុងការបើកវគ្គបំប៉នសិស្សខ្មែរ សម្រាប់ផ្នែកគណិតវិទ្យានេះ ដោយបានអញ្ជើញគ្រូឯកទេសគណិតវិទ្យា និងគរុកោសល្យមកពីក្រសួងអប់រំ ដើម្បីបង្រៀនសិស្សខ្មែរផងដែរ មុននឹងទៅចូលរួមប្រកួតលក្ខណៈពិភពលោក»។
បច្ចុប្បន្នសមាជិកចូលរួមកម្មវិធីប្រឡង WMI មានប្រទេស អាមេរិក ចិន កូរ៉េ កម្ពុជា ថៃ នីហ្សេរីយ៉ា ឥណ្ឌូនេស៊ី ម៉ាកាវ ហុងកុង ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ អ៊ីរ៉ង់ ឡាវ ឥណ្ឌា កាហ្សាក់ស្ថាន ប្រេស៊ីល មីយ៉ាន់ម៉ា វៀតណាម អូស្រ្តាលី ម៉ុងហ្គោលី៕
វីដេអូ៖