ភ្នំពេញ៖ នៅ​ទីបំផុត​បាន​រក​ឃើញ​​ក្រុម​​ជយលាភី​ ​៣ ​​ក្រុម​ចុង​ក្រោយ ​​​​ពី​ការ​ប្រកួត​​​វគ្គ​ពាក់​​កណ្តាល​​​​​ផ្តាច់​ព្រ័ត្រ​ក្នុង​ប្រទេស កម្ពុជា ​​​នៃ​មហោ​ស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​លើក​ទី ១១​ ​ឆ្នាំ ​២០១៩​ ​ប្រារព្ធ​ធ្វើ​នៅ​​​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន​ (CJCC) កាល​ពី​ចុង​សប្តាហ៍​មុន​​។

សិស្សានុសិស្ស​វិទ្យាល័យ​ទាំង ​៣ ក្រុម ដែល​មាន​ចំនួន​សរុប ​៩ រូប​នោះ នឹង​ត្រូវ​បាន​អញ្ជើញ​ទៅ​កាន់​ប្រទេស​ ​ជប៉ុន​​ ក្រោម​កម្មវិធី ​JENESYS2019 ​ដើម្បី​​ប្រកួត​ជាមួយ​នឹង​សិស្ស​​មក​ពី​បណ្តា​​ប្រទេស​​អាស៊ាន​ទាំង ១០ ព្រម​ទាំង​​មាន​ប្រទេស ​ចិន ​ម៉ុងហ្គោលី កូរ៉េខាងត្បូង ​តៃវ៉ាន់ ទីម័រ​ខាង​កើត និង​​​ជប៉ុន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ទីក្រុង​មិណាមិអាវ៉ាជិ ខេត្ត​ហ្យូហ្គុ ប្រទេស ​ជប៉ុន នា​ថ្ងៃទី ​៧ ខែ ធ្នូ​ ឆ្នាំ ​២០១៩។

បើ​តាម​សេចក្តី​ប្រកាស ​​​​នៅ​ក្នុង​វគ្គ​ពាក់​កណ្តាល់​ផ្តាច់​ព្រ័ត្រ​ នៅ​​ប្រទេស​ ​កម្ពុជា ​​នោះ ដែល​​រៀបចំ​ឡើង​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​​កម្ពុជា​ ដែល​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន ​និង​​​កីឡា ​និង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន​ នោះ​ បាន​​ឲ្យ​ដឹង​ថា​៖ «​ប្រធានបទ​ដែល​ត្រូវ​​​បក​ស្រាយ​​ក្នុង​ឆ្នាំ​នេះ​គឺ​​ «​តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ការ​បង្ក​បញ្ហា​​ដល់​អ្នក​ដទៃ?​ តើ​​​ត្រឹម​ត្រូវ​ទេ សម្រាប់​តែ​ផល​​ប្រយោជន៍​​​ផ្ទាល់​?​ តើ​អ្នក​អាច​គិត​​ដល់​អ្នក​ដទៃ​ផង​​បាន​ដែរ ​ឬ​ទេ?»។​​​ សម្រាប់​ការ​ប្រកួត​មាន​ភាពយន្ត​ចំនួន​ ៦៩​ រឿង​ ​ដែល​​​ផលិត​​ដោយ​ក្រុម​សិស្ស ៣៤ វិទ្យាល័យ​ទូទាំង​ប្រទេស ​កម្ពុជា បាន​ដាក់​​ពាក្យ​ចូលរួម​​ ហើយ​​ក្នុង​​ចំណោម​នោះ​មាន​ភាពយន្ត​ ១៥ រឿង ត្រូវ​​​បាន​សម្រិត​សម្រាំង​ ដើម្បី​​ចាក់​បញ្ចាំង​​នៅ​ក្នុង​ការ​ប្រកួត​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​»។​​​

ជយ​លាភី ​​៣​ ក្រុម​ពី​​ការ​ប្រកួត​​ផលិត​រឿង​ខ្លី​​សិស្ស​វិទ្យាល័យ​ឆ្នាំ​ ២០១៩​ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកម្ពុជា។ រូបថត សហ​ការី

ការ​ប្រកាស​លទ្ធផល​ចុង​ក្រោយ​​បាន​​បន្ត​ឲ្យ​ដឹង​ពី ​៣ ​ក្រុម​​ជា​ម្ចាស់​ជយលាភី​​​​វគ្គ​​​​ពាក់​កណ្តាល់​ផ្តាច់​ព្រ័ត្រ​​នៃ​មហោ​ស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​លើក​ទី ១១​ ​ឆ្នាំ ​២០១៩ នៅ​ក្នុង​ប្រទេស ​កម្ពុជា ​​ដែរ​ថា​​៖​ «​ក្រុម​ជយលាភី​លេខ ​១ បាន​ទៅ​លើ​សិស្ស​មក​ពី​វិទ្យាល័យ​ព្រះមុនីវង្ស​ ដែល​ផលិត​រឿង​ខ្លី​​មាន​ចំណង​ជើង​ថា «លោក​ឪពុក​» មាន​គ្នា ​៣ នាក់ ​គឺ​យុវជន សុខ កែវទិត្យវិជ្ជា យុវជន​ តាំង លីឃុន និង​យុវជន ឃន ប៉េង​លាភ​។ ចំណែក​ជយលាភី​លេខ ២ បាន​ទៅ​លើ​ក្រុម​​សិស្ស​​ ដែល​ផលិត​​រឿង​មាន​ចំណង​ជើង​ថា «កម្មផល» ​ដែល​មក​ពី​វិទ្យាល័យ​​ផ្សេង​គ្នា​គឺ​មាន​យុវ​ជន ​ ឆន ច័ន្ទតារា​ឈុន​ហួរ មក​វិទ្យាល័យ​ទួលទំពូង​​ យុវជន​ ម៉ៅ សុវណ្ណាគង់ និង​យុវជន​ នៅ រក្សា​បុត្រ ដែល​មក​ពី​សាលា​ឯកជន​ ​គឺ​សាលា​រៀន​អន្តរ​ទ្វីប​អាមេរិកាំង។ ចំណែក​ឯ​ជយលាភី​លេខ ​៣ បាន​ទៅ​លើ​ក្រុម​សិស្ស​រៀន​នៅ​វិទ្យាល័យ​​ព្រះមុនីវង្ស​ទៀត​ ដែល​ផលិត​រឿង​ខ្លី​មាន​ចំណង​ជើង​ថា ​«ការ​សម្រេច​ចិត្ត» គឺ​មាន​ផលិតករ​មាន​យុវតី​ ហាប់ ម៉ូនីកា​ យុវតី ស៊ិន ពេជ្រម៉ាលី​ និង​យុវជន ​គូ សុវឌ្ឍនៈ​»។​

គួរ​បញ្ជាក់​ដែរ​ថា ​កម្មវិធី​មហោ​​ស្រព​​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​នេះ​ បាន​ចាប់​ផ្តើម​នៅ​ប្រទេស ​ជប៉ុន ​តាំង​ពី​ឆ្នាំ ​២០០៧ មក​ម្ល៉េះ ​​ហើយ​ចាប់​តាំង​ពី​ពេលនោះ​មក​ គឺ​មហោស្រព​នេះ​ បាន​ចាប់​ផ្តើម​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ។ ចំណែក​ឯ​សិស្សានុសិស្ស​កម្ពុជា​​វិញ ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​មហោស្រព​នេះ ចាប់​តាំង​ពី​ឆ្នាំ ​២០០៩​ មក​ផង​ដែរ៕​