ក្រុងគីតូ: អណ្ដើកយក្សប្រជុំកោះហ្គាឡាប៉ាហ្គោ ផ្ទុកហ្ស៊ែនពិសេស ដែលអាចកែប្រែ DNA ប្រតិកម្មប្រព័ន្ធស៊ាំជំងឺ និងសមត្ថភាពបង្ក្រាបជំងឺមហារីក ដោយផ្ដល់តម្រុយចំពោះអាយុវែងរបស់វា។ នេះយោងតាមការសិក្សាមួយចុះផ្សាយកាលពីថ្ងៃចន្ទ។
ក្រុមអ្នកស្រាវជ្រាវអន្ដរជាតិបានចុះបញ្ជីហ្ស៊ែនអណ្ដើកប្រភេទនេះចំនួន ២ រួមទាំង Lonesome George ជាសមាជិកចុងក្រោយនៃអម្បូរ Geochelone nigra abingdoni ដែលបានងាប់ក្នុងទ្រុងចិញ្ចឹមលើដែនកោះ Santa Cruz នៃប្រជុំកោះ ហ្គាឡាប៉ាហ្គោ ក្នុងឆ្នាំ ២០១២។
ពួកគេបានរកឃើញវិសេសភាពនៃហ្ស៊ែនអណ្ដើកអម្បូរនេះដែលអាចកែប្រែ DNA ព្យាបាលការរលាក និងហ្ស៊ែនទប់ស្កាត់ជំងឺវិវឌ្ឍន៍ទៅជាមហារីក។ នេះបើយោងតាមការសិក្សាចុះផ្សាយក្នុងព្រឹត្ដិបត្រ Nature Ecology & Evolution។
កោះប៉ាស៊ីហ្វិក ក្បែរដែនដីអេក្វាទ័រ ជាទីឋានល្បីល្បាញពីសម្រស់ធម្មជាតិ។ នាយកឧទ្យានជាតិហ្គាឡាប៉ាហ្គោ លោក ចច ការីអុន បាននិយាយថា ការរកឃើញអាថ៌កំបាំងអាយុយឺនយូរអណ្ដើកនេះនឹងជួយបង្កាត់ពូជអណ្ដើកយក្សដ៏កម្រនេះលើដែនដីប្រជុំកោះឡើងវិញ។
អណ្ដើកយក្ស ដែលអាចរស់បានអាយុជាង ១០០ ឆ្នាំក្នុងទ្រុងចិញ្ចឹម បានមកតំបន់កោះភ្នំភ្លើង ហ្គាឡាប៉ាហ្គោ កាលពី ប្រមាណ ៣ ទៅ ៤ លានឆ្នាំមុន៕