ភ្នំពេញ: ស៊ាំភ្នែក​នឹង​ស្រោម​ទូរស័ព្ទ​ពណ៌​លាតៗ និង​រូបភាព​បែប​បរទេស ពេល​អស់​បារម្ភ​ហើយ​ ជាមួយ​នឹង​ស្រោម​ទូរស័ព្ទ​សម័យ​ថ្មី ដែល​មាន​ការ​រចនា​ម៉ូដ​តុក្កតា​ទេពធីតា​ឃ្យូតៗ​ ជាពិសេស​ រចនាប័ទ្ម​បែប​ខ្មែរ​ពី​ហាង «The Morea មោរា»។

ក្រៅពី​រូប​លើ​ស្រោម​ទូរស័ព្ទ​គ្រប់​ប្រភេទ រូបភាព​តុក្កតា​ដ៏​សម្បូរ​បែប​ចាប់​ពី រាពណ៍ ហនុមាន អប្សរាសួគ៌ នាង​រំសាយសក់ និង​ក្រពើ​នេនធន នាង​មាណវី​លេង​ចាប៉ី កំលោះ​ក្រមុំ​ស្រង់​ព្រះ​ រហូត​ដល់​តួ​អង្គ​គូស្នេហ៍ ឬ យក្សា ដែល​អាច​រំលេច​ឈ្មោះ​ជា​ភាសា​ជាតិ​ដ៏​ស្រស់​ស្អាត ក៏​ត្រូវបាន​រចនា​លើ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ផងដែរ។

រូបភាព​ដ៏​ស្រស់​ស្អាត រចនា​ឡើង​ពីស្នាដៃ​អ្នក​សិល្បៈ​ខ្មែរ បាន​រំលេច​លើ​ស្ទិកឃ័រ កាក់​ម្ជុរ​ខ្ទាស់ កាបូប​ស្ពាយ ប៉ុង​ជន្ទល់​ទូរស័ព្ទ និង​បន្ដោង​សោ។

ស្ទិកឃ័រ​ឃ្យូតៗ​នីមួយៗ មាន​រូបភាព​តួអង្គ​ក្នុង​រឿង​រាមកេរ្ដិ៍​ គែម​ខ្មៅ គែមស រូបភាព​អុំទូក នារី​បាខែម នារី​ទៅ​កំពត ហនុមាន និង​ក្របី​ទូភី ព្រះ​នាង​ខោល និង​អប្សរា​គ្រប់​ទម្រង់ និង​គ្រប់​ពណ៌។

កាក់​ម្ជុរ​ខ្ទាស់ ក៏មាន​រំលេច​នូវ​រូប​ក្បាល​តួអង្គ​នានា​ ដូចជា នារី​បាខែម ក្រុង​រាពណ៍ នាង​សីតា ហនុមាន ព្រះរាម ក្របី​ទូភី អប្សរា​ នាង​រំសាយ​សក់ ប្រុស​ញ៉ាំ​ទុរេន នាង​កង្រី ហើយ​តួអង្គ​ទាំង​នេះ​មាន​សកម្មភាព​ប្លែកៗ​ផ្សេង​ទៀត។

តួ​អង្គ​ល្ខោន​ខោល​ដ៏​ស័ក្ដិសម​ឥត​ខ្ចោះ​រំលេច​លើកាបូប​ស្ពាយ​ចំហៀង​ និង​ស្ពាយ​ពី​ក្រោយ​នៅ​ហាង The Morea មោរា​។ រូបថត សហ​ការី

ចំពោះ​ការ​រចនា​រូបភាព​លើ​កាបូប​ស្ពាយ​ចំហៀង​ និង​ស្ពាយ​​ពី​ក្រោយ​ រួមមាន រូប​អប្សរា ហនុមាន ក្រុង​រាពណ៍ តួអង្គ​ល្ខោន​ខោល ក៏ដូចជា​តួ​អង្គ​ដទៃទៀត។ ប៉ុន្ដែ​ការ​រចនា​លើ​កាបូប​បាន​បន្ថែម​រូបភាព​ចម្លាក់​បែប​ប្រាង្គ​ប្រាសាទ​ និង​ក្បាច់ក្បូរ​ផ្សេងៗ​ទៀត។

រូប​ភាព​បែប​ឃ្យូត​ៗ​ក្នុង​រចនាប័ទ្ម​បែប​ខ្មែរ​ទាំង​នេះ​កើត​ចេញ​ពី​គំនិត​ច្នៃ​ប្រឌិត និង​ស្រមើ​ស្រមៃ​របស់កញ្ញា​ ឈួម រតនា ជាប្អូនប្រុស​​របស់លោក​ ដែល​មាន​បំណង​ថែ​រក្សា​សិល្បៈ​ដូន​តាឲ្យ​មាន​ភាព​រស់​រវើក​ និង​បំពេញ​តម្រូវ​ការ​ទៅ​តាម​​ការ​និយម​ចូលចិត្ដ​របស់​មនុស្ស​គ្រប់​គ្នា។

លោក ពិសិដ្ឋ ជា​សហស្ថាបនិក និង​ជា​នាយក​គ្រប់​គ្រង​ទូទៅ​នៃ​ហាង «The Morea មោរា​» បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «ដោយ​មើល​ឃើញ​ និង​ដឹង​ច្បាស់​អំពី​តម្លៃ​នៃ​​ស្នាដៃ​សិល្បៈ​ខ្មែរ ភ្ជាប់​ជាមួយ​នឹង​ការ-​ស្រឡាញ់​ចូល​ចិត្ដ​ប្រើប្រាស់​របស់​របរ​រចនា​ម៉ូដ​បែប​ខ្មែរ​ទាំង​នេះ​ផង ពួកយើង​បាន​ព្យាយាម​សម្រិត​សម្រាំង​នូវ​ស្នាដៃ​សិល្បៈ វប្បធម៌​ និង​ប្រពៃណី​ខ្មែរ ដែល​ដូនតា​បន្សល់​ទុក​ មក​ផ្សែផ្សំ​រចនា​លើ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ។ គួប​ផ្សំ​នឹង​កិច្ចការ​ដ៏​ផ្ចិតផ្ចង់​របស់​ពួកយើង វា​ធ្វើ​ឲ្យ​សមិទ្ធផល​ចុង​ក្រោយ​ទទួល​បាន​ជា​សម្ភារ​​បែប​ប្រណីត​ភាព​ ដែល​អ្នក​ប្រើប្រាស់​នឹង​ស្រឡាញ់​​ពេញចិត្ត​ដូច​ត្បូង​ កែវមោរា»។

ហេតុដូច្នេះហើយ ទើប​បាន​ជា​យុវជន​រូប​នេះ បាន​ជ្រើសរើស​ឈ្មោះ​ហាង​ ដែល​ដាក់​លក់​ផលិត​ផល​ច្នៃ​ពី​គំនូរ​បែប​សិល្បៈ​ខ្មែរ​ឃ្យូតៗ​លើ​សម្ភារ​ប្រើ​ប្រាស់​កំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​នេះ​ថាជា «មោរា» ជា​ ២ ភាសា។

លោក ឈួម ពិសិដ្ឋ បាន​ពន្យល់​ថា៖ «The Morea ឬ មោរា ដែល​ជា​ឈ្មោះ​ត្បូង​ពណ៌​ទឹក​សមុទ្រ​ដែល​មាន​ឆ្នូត ជា​វត្ថុ​ស័ក្ដិ​សិទ្ធិ​របស់​នាង​មណីមេខលា (តួ​អង្គ​ក្នុង​ទម្រង់​របាំ​មណីមេខលា​និង​រាមសូរ) យក​ទៅ​ផ្ចាញ់​យក្ខរាមសូរ ក្នុង​រឿង​ដើម​កំណើត​រន្ទះ»។

លោក​បាន​អះអាង​ថា ​ក្រុម​របស់​លោក​បង្កើត មោរា​ ក៏ចង់​បន្សល់​ទុក​នូវ​ស្នាដៃ​ទៅថ្ងៃ​ខាង​មុខ។ ក្រុម​ការងារ​ទាំង​អស់​នេះ​បាន​ច្នៃ​ប្រឌិត​សម្ភារ​​ផ្សេងៗ​ដែល​សុទ្ធ​សឹង​តែ​ចេញ​ពី​ការ​ស្រឡាញ់ និង​ដើម្បី​បន្សល់​ទុក​នូវ​ស្នាដៃ​ផ្ទាល់។

​ស្ទិក​ឃ័រ​ឃ្យូត​ៗ​ស្ដីពីភាពទន់ភ្លន់​នៃ​អប្សរា​ខ្មែរ​​​។ រូបថត សហ​ការី

ម្ចាស់​ហាង​ មោរា​ បាន​បន្ត​ឲ្យ​ដឹង​ថា៖ «យើងមាន​គូររូប ក៏​ដូចជា​ច្នៃ​ប្រឌិត​ រូបតុក្កតា ទេពធីតា ហនុមាន​ នាងសីតា អប្សរា​ និង​រូបគំនូរ​ផ្សេងៗ​ទៀត ដាក់​លើ​កាបូប​ស្ពាយ​ខាង​ក្រោយ កាបូប​ស្ពាយ​ចំហៀង​ កន្លាស់​អាវ ស្ទិកឃ័រ​សម្រាប់​បិទលើ​ទូរស័ព្ទ​ និង​កុំព្យូទ័រ​ បន្តោង​សោ ក៏​ដូចជា ស្រោម​ទូរស័ព្ទ​ផ្នែក​ខាង​ក្រោយ។ ក្រៅពីនោះ ​យើងក៏​មាន​ផ្ទាំង​គំនូរ​​តូច​ធំ​ផ្សេងៗ​ទៀត​ ដែល​រៀបចំ​ចេញ​ពី​ការ​ព្រីន​ ដាក់​ក្នុង​ស៊ុម​គ្រប់​បែប​គ្រប់​សណ្ឋាន»។

ក្រៅពី​សេវាកម្ម​ដាក់រូប​តុក្តតា ទេពធីតា​ និង​តួ​អង្គ​ផ្សេងៗ​នៅ​លើ​​សម្ភារ​ប្រើប្រាស់ «The Morea ឬមោរា» ​អាច​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ដោយ​ការ​ដាក់​រូប​ឯកជន ជាពិសេស​សម្រាប់​អតិថិជន ដែល​មាន​បំណង​ចង់​ដាក់​រូប​របស់​ខ្លួន​ ឬ​រូប​​មនុស្ស​ជាទី​ស្រឡាញ់​នៅ​លើ​ស្រោម​ទូរស័ព្ទ។

លោក ពិសិដ្ឋ បាន​ប្រាប់​ថា ចំពោះ​ការច្នៃ​រូបរបស់​ខ្លួន​ដាក់​លើ​ទូរស័ព្ទ​ លោក​នឹង​បំប្លែង​រូប​របស់​អតិថិជន​ទៅ​ជា​រូបភាព​ពណ៌ទឹក ដែល​មើល​ទៅ​ស្អាត​ ស័ក្ដិសម និង​ទាក់​ទាញ​ជាង។ តែ​ការ​ព្រីនរូប​ដាក់​នៅ​លើ​ស្រោម​ទូរស័ព្ទ មើល​ទៅ​ឃើញ​ថា​មិន​សូវ​ស្រស់​ស្អាត។

អតិថិជន​ក៏​អាច​បន្ថែម​អក្សរ​នៅ​លើ​ផលិត​ផល​ផ្សេងៗ​បាន​ ដោយ​គ្រាន់​តែ​បន្ថែម​ប្រាក់ ១២ ០០០ រៀល ឬ ៣ ដុល្លារ សម្រាប់​ស្រោម​ទូរស័ព្ទ និង​កាបូប​ស្ពាយ និង ១ ដុល្លារ ឬ ៤០០០ រៀល សម្រាប់​ការ​បន្ថែម​អក្សរ​លើ​កន្លាស់​អាវ​ឬ​ស្ទិកឃ័រ។ ចំពោះ​តម្លៃ​ផលិតផល​ផ្សេងៗ​មាន​លក្ខណៈ​ខុសៗ​គ្នា​ទៅ​តាម​ប្រភេទ​ផលិតផល​នីមួយៗ។

សម្រាប់​ព័ត៌មាន​លម្អិត​ចូល​ទៅ​វេបសាយ https://store.themorea.com/ ឬ​ហ្វេសប៊ុក The Morea មោរា៕

​មោរា បន្ថែម​រូបភាព​ចម្រុះ​ទៅលើ​សម្ភារ​ផ្សេង​ៗ​ដ៏ទាក់ទាញ​​។ រូបថត សហ​ការី