ក្រុង​ហែល​ស៊ីន​គី: លោកតា សាន់​តា ក្លូ​ស បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច សម្រាប់​បម្រើ​ការងារ​នៅ​រដូវ​គ្រិស្ត​ស្មាស់​ដ៏​រងា​ញ័រ​ញាក់ ឯ​តំបន់​ខាង​ជើង លេប​លេន (Lapland) ។

ដើម្បី​រក្សា​សុខភាព សាន់​តា ក្លូ​ស តាំងពី​ខែវិច្ឆិកា ត្រូវបាន​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​វ៉ាក់សាំង​គ្រុន​ផ្ដាសាយ នៅ​តំបន់​ដ៏​ត្រជាក់​បំផុត​នៃ​ប្រទេស​ហ្វាំងឡង់។

អ្នកគ្រូ​ពេទ្យ Tiia Kahkonen គឺជា​អ្នកផ្ដល់​សេវាកម្ម​ចាក់​ថ្នាំ​វ៉ាក់សាំង anti-influenza ដល់​ក្រុម​លោកតា សាន់តា ក្លូស នៅ​ភូមិ សាន់តា ក្លូស ក្រុង Rovaniemi ភាគ​ខាង​ជើង​ហ្វាំងឡង់​ក្នុង​រង្វង់​មហា​សមុទ្រ​ទឹកកក​អាក់ទិក។

ការចាក់​ថ្នាំ​បង្ការ​ផ្ដាសាយធំ ជួយ​ធានា​ឲ្យ​បាន​នូវ​សុខ​ភាពល្អ​ដល់​បុគ្គលិកក​បម្រើការ​ជា​លោកតា សាន់តា ក្លូស អំឡុង​រដូវកាល​គ្រិស្ត​ស្មាស់​ដ៏​មមា​ញឹក​ប្រចាំ​ឆ្នាំ។

កាលពី​ខែធ្នូ ឆ្នាំមុន តំបន់ លេប​លេន បានទទួល​ភ្ញៀវទេសច​របរ​ទេស ៣៩ ម៉ឺន​នាក់ ដែល​មាន​កំណើន ១០ ភាគរយ​បើ​ធៀប​ទៅ​នឹង​រដូវ​បុណ្យ​គ្រិស្ត​ស្មាស់​ឆ្នាំ​មុន។

យោងតាម​ទិន្នន័យ​ផ្លូវការ ភ្ញៀវទេសចរ​ជា​ក្រុមធំៗ ដែល​បាន​មកដល់​ភូមិ សាន់​តា ក្លូស នៅ​ប្រទេស​ហ្វាំងឡង់ ភាគ​ច្រើន​ជា​ជន​ជាតិ​អង់គ្លេស រុស្ស៊ី បារាំង និង​អាល្លឺម៉ង់។

នៅ​អំឡុង​ពេលនេះ​ផងដែរ ទីភ្នាក់ងារ​ផ្ដល់​ធនធានមនុស្ស បាន​ព្យាយាម​ស្វែងរក​បុគ្គលិក​បម្រើការ​ជា សាន់តា ក្លូស នៅ​តំបន់ លេប​លេន ក្នុង​រង្វង់​មហាសមុទ្រ​អាកទិក ដើម្បី​បំពេញ​តម្រូវការ​ភ្ញៀវទេសចរ​នៅ​រដូវ​ធ្លាក់​ទឹកកក​ចុង​ឆ្នាំ។

អ្នក​ដែល​ប្រាថ្នា​ក្លាយខ្លួនជា សាន់​តា ក្លូ​ស អាជីព​ត្រូវមាន​ជំនាញ​ផ្នែក​បដិសណ្ឋារកិច្ច ទំនាក់​ទំនង និង​រាងកាយ​មាំ​មួន​អាច​ស៊ូទ្រាំ​នឹង​អាកាស​ធាតុ​ក្រោម​សូន្យ រហូត​ដល់ -៤០ អង្សារ​ក៏មាន៕