ភ្នំពេញ៖ តារាចម្រៀងស្រី និងជាតារាសម្តែងសម្ញែងភាពសិចស៊ីរាងតូចច្រឡឹង កញ្ញា រតនៈ ពិសី ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញតារាស្រីរូបនេះ ចែករំលែកព័ត៌មានរៀបរាប់ខ្លឹមសារពីការរួចជីវិតលើដែនសមុទ្រ ក្រោមឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុនៅកោះរ៉ុងសន្លឹមកាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ។
យោងតាមព័ត៌មានក្នុងស្រុកជាច្រើន កាលពីថ្ងៃទី ៥ ខែមករា ស្ថិតនៅកោះរ៉ុងសន្លឹមមានហេតុការណ៍រលកធំៗ ព្រមទាំងមានខ្យល់ព្យុះបោកបក់ ធ្វើឲ្យទូកភ្ញៀវទេសចរទៅលេងកោះបានបាក់បែកកណ្តាលសមុទ្រធ្វើឲ្យអ្នកដំណើររងរបួស ប៉ុន្តែក៏មិនធ្វើឲ្យមានអ្នកគ្រោះថ្នាក់ដល់អាយុជីវិតដែរ។ ជាអកុសលក្នុងបាតុភូតនោះក៏មានវត្តមានតារាចម្រៀងស្រីកញ្ញា រតនៈ ពិសី ជាជនរងគ្រោះម្នាក់ផងដែរ។
តារាស្រីរាងតូច ចូលចិត្តបង្ហាញដើមទ្រូង រតនៈ ពិសី បានផ្តល់បទសម្ភាសមកកាន់ ភ្នំពេញប៉ុស្តិ៍ តាមរយៈទូរស័ព្ទពីដំណើររឿង ដែលធ្វើឲ្យនាងជួបគ្រោះធម្មជាតិថា៖ «ដំបូងបងមិនចង់ឡើងទូកទេ ព្រោះឃើញថា អាកាសធាតុដូចជាមិនសូវល្អ ប៉ុន្តែម្ចាស់ទូកបាននិយាយថា មិនអីទេ មានអាវការពារ ហើយមិត្តភក្តិបងចេះតែបង្ខំ បងក៏ព្រមទៅ គោលបំណងគ្រាន់តែចង់ទៅមើលផ្កាថ្ម និងត្រី តែមិនបានទៅដល់កោះរ៉ុងទេ គឺនៅជិតៗហ្នឹង (កោះរ៉ុង)»។
ស្រីស្រស់សាច់សខ្ចីក៏បានបន្តទៀតថា៖ «នៅពេលដែលត្រឡប់ឡើងច្រាំងវិញ ក៏មានភ្លៀងធ្លាក់ធ្វើឲ្យពួកយើងទៅ មុខអត់រួចក៏ឈប់កណ្តាលសមុទ្រសិន ប៉ុន្តែឃើញថាទូក ដែលគេទៅមុនទូកបងត្រូវរលកវាយបំបែក អ៊ីចឹងហើយគេតម្រូវឲ្យអ្នកនៅក្នុងទូកបងចុះហែលទឹកឡើងច្រាំង ប៉ុន្តែបងអត់ចេះហែលទឹក ហើយណាមួយអាវការពារវាធំជាងខ្លួនបង ចំណែកឯ មិត្តភក្តិបងបានទាញបងឲ្យលោតចូលទឹក ត្រូវដៃជាមួយទូកទៀត»។
តារាចម្រៀងសាច់សខ្ចី មិនញញើតនឹងសម្ញែងដើមទ្រូងសិចស៊ី កញ្ញា រតនៈ ពិសី ក្រៅពីទម្លាយថា មុនដំណើរកើតហេតុ អ្នកម្ដាយរបស់នាងបានយល់សប្ដិអាក្រក់នោះ នាងក៏បានរៀបរាប់ទៀតថា៖ «បងគិតថា ខ្លួនឯងប្រាកដជាមកចោលសាកសពនៅកណ្តាលសមុទ្រជាមិនខាន វាពិតជាវេទនាខ្លាំងណាស់ មានភ្លៀង ខ្យល់ រលកក៏ធំ ហើយណាមួយនៅខ្លាចសត្វធំៗនៅក្នុងសមុទ្រទៀត បងបានបន់គ្រប់វត្តុស័ក្តិសិទ្ធិសុំឲ្យរួចជីវិត»។
តារាស្រីរូបនេះក៏បានបញ្ជាក់ថា អ្នកដែលគេចេះហែលទឹកគេក៏ហែលទៅច្រាំង ចំណែកខ្លួនវិញបានតោងម្ចាស់ទូករហូតដល់សល់ជម្រៅទឹកប្រហែល ២ ម៉ែត្រ ម្ចាស់ទូកបានលែងឲ្យហែលខ្លួនឯង។
ដោយសារតែកញ្ញា មិនចេះហែលទឹកធ្វើឲ្យរលកបោកទាញឲ្យទៅជ្រៅវិញតែសំណាងល្អដែលមានជនជាតិបរទេស ២ នាក់ បានឃើញនាងក្នុងសភាពស្រវេស្រវាដូច្នោះ ពួកគេក៏ខំហែលទៅជួយតារាស្រីរូបនេះឲ្យឡើងដល់ច្រាំង ស្របពេលដែលនាងបានសន្លប់បាត់ស្មារតីទៅហើយ។
តារាចម្រៀង រតនៈ ពិសី បានផ្តាំផ្ញើដល់បងប្អូនមានបំណងចង់ទៅលេងនៅកោះថា៖ «សូមឲ្យពិនិត្យមើលអាកាសធាតុឲ្យបាន ច្បាស់លាស់សិនមុននឹងឆ្លងទៅលេង ហើយកុំចេះតែជឿម្ចាស់ទូកថាមិនអី គេគ្រាន់តែចង់បានលុយយើងទេ ប៉ុន្តែដល់ពេលមានរឿង គ្មានអ្នកណាមកទទួលខុសត្រូវលើជីវិតយើងនោះទេ»៕