ភ្នំពេញ: បាយស្រូប ១ ប្រអប់តម្លៃចន្លោះពី ៣០០០ ទៅ ៥០០០ រៀល អ្នកលក់ត្រូវប្រើប្លាស្ទិកជាច្រើនដូចជាប្រអប់បាយ ស្លាបព្រា ថង់ច្រកជ្រក់ និងថង់ច្រកវត្ថុទាំងនេះ។ ស្ទើរតែគ្រប់ដងវិថី និងតាមរបងផ្ទះប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សំរាមដែលជះក្លិនស្អុយអសោចកំពុងតែបង្កជាកង្វល់ចំពោះបញ្ហាបរិស្ថានដល់សង្គមជាតិ។
នៅក្នុងចំណោមសំរាមប្រមាណ ៣០០០ តោនដែលកកើតឡើងក្នុងរាជធានីភ្នំពេញក្នុង ១ ថ្ងៃ មានសំរាមប្លាស្ទិកចំនួន ១៨ ភាគរយ ឬស្មើនឹង ៦០០ តោនក្នុង ១ ថ្ងៃ។ ប្រជាពលរដ្ឋទូទៅហាក់និយមប្រើប្រាស់ប្លាស្ទិកស្ទើរតែគ្រប់ពេលវេលា គ្រប់ទីកន្លែង។
អ្នកខ្លះចោទអ្នករើសអេតចាយថា ជាអ្នកកកាយមាត់ថង់ ពង្រាយសំរាមដែលចងទុកដាក់ត្រឹមត្រូវហើយ តែតាមពិតពួកគេជាអ្នកជួយមួយផ្នែកដល់បរិស្ថានតាមរយៈការស្វែងរកវត្ថុប្លាស្ទិក ដែលអាចលក់ដូរបាន។
អ្នកថតរូបជនជាតិព័រទុយហ្គាល់លោក មីហ្គែល ជេរ៉ូនីម៉ូ ជាប់ចិត្ដថតរូបក្មេងរើសអេតចាយ និងមានបំណងរៀបចំពិព័រណ៍ថ្មីក្រោមចំណងជើងថា «រាជាណាចក្រប្លាស្ទិកជុំវិញទស្សនៈផ្សេងៗលើបញ្ហាសំណល់ និងអេកូឡូស៊ីនៅកម្ពុជា»។
លោក ជេរ៉ូនីម៉ូ និយាយថា៖ «នេះជាផ្នែកមួយនៃស៊េរីថតរូបឈ្មោះ Invisible Soldiers។ អ្នករើសអេតចាយធ្វើការងារលំបាកដោយទទួលបានប្រាក់ចំណូលទាប តែជាអ្នកសម្អាតតាមដងផ្លូវ និងស្ទួយការប្រើប្រាស់ឡើងវិញ។ ដោយសារកម្ពុជាមិនទាន់មានយន្ដការកែច្នៃផលិតផលប្រើប្រាស់ឡើងវិញជាផ្លូវការ ខ្ញុំចង់ផ្ដល់កិត្ដិយសដល់ពួកគេ និងនិយាយពីការរើសអើសចំពោះអាជីពពួកគេ។ ពួកគេមិនត្រូវបានគេមើលឃើញ ស្ទើរតែជាសំរាមក្នុងសង្គម»។
អ្នកថតរូបដែលឈឺឆ្អាលរឿងបរិស្ថានរូបនេះបានបន្ដថា៖ «ទាំងនេះជាអ្វីដែលយើងអាចធ្វើបានចំពោះការលើកស្ទួយទំនាក់ទំនងកាន់តែប្រសើររវាងធម្មជាតិ និងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ»។
លោកបានឲ្យដឹងថា ពិព័រណ៍នេះនឹងបង្ហាញពីទស្សនៈផ្សេងៗជុំវិញបញ្ហាកាកសំណល់ និងអេកូឡូស៊ីនៅកម្ពុជា ដោយមានការចូលរួមពីអ្នកសិល្បៈក្នុងស្រុក ១៤ នាក់ រួមជាមួយបរទេស ៨ នាក់ថែមទៀត។ «រាជាណាចក្រប្លាស្ទិកជុំវិញទស្សនៈផ្សេងៗលើបញ្ហាសំណល់ និងអេកូឡូស៊ីនៅកម្ពុជា» មានរយៈពេល ១ ខែ ដោយចាប់ផ្ដើមពីថ្ងៃទី ២៨ ខែវិច្ឆិកានេះពីម៉ោង ៦ ដល់ម៉ោង ៨ យប់នៅផ្ទះមេត្ដារាជធានីភ្នំពេញ៕