ក្រុង​រ៉ា​បា: ម៉ា​ដូ​ណា រាជិនី​ប៉ុប បានបង្ហាញ​ខ្លួន​ទៅកាន់​អតីត​រាជធានី​នៃ​រាជា​ណាចក្រ ម៉ារ៉ាកេច ស្ថិត​នៅ​ភាគ​ខាង​លិច​ប្រទេស​ម៉ារ៉ុក​ដើម្បី​ប្រារឰ​ខួប​កំណើត ៦០ ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍។

តារាចម្រៀង​ប៉ុប​អាមេរិក​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក និង​អ៊ីនស្ដា​ក្រាម​របស់ខ្លួន​នៅមុន​ថ្ងៃ​ពិសេស ១ ថ្ងៃ​ថា៖ «ដើរ​កាត់​តាម​វិថី​ខ្វាត់​ខ្វែង​អំឡុង​ពេល​បព្វជិត​អ៊ិស្លាម​ធ្វើ​ពិធី​សំយ៉ាំង»។

ម៉ា​ដូ​ណា បាន​បង្ហោះ​វីដេអូ «ខួបកំណើត វេទមន្ដ និង​ដំណើរ​ផ្សងព្រេង» នាពេល​រាត្រី​នៅ​តាម​វិថី​តូចៗ​ខ្វាត់​ខ្វែង​ក្នុង​ផ្សារ​នៃ​ទីក្រុង​បុរាណ។ កាល​ពី​ថ្ងៃ​អង្គារ នាង​ក៏បាន​បង្ហោះ​រូប​ខ្លួន​ឯង​ដោយ​ពាក់​មួក​កន្ដឹប​លម្អ​គ្រឿង​អលង្ការ​បុរាណ រួម​ទាំង​សំណេរ​ថា «ថ្ងៃ​នេះ ខ្ញុំ​ពាក់ C A K E ឬ​នំខេក​លើ​ក្បាល​របស់​ខ្ញុំ»។

អ្នក​បានឃើញ​រាជិនី​ប៉ុប​រូបនេះ​នៅ​ក្រុង​បុរាណ ម៉ា​រ៉ា​កេ​ច បាន​និយាយថា ប៉ូលិស​ម៉ា​រ៉ុ​ក​រារាំង​មិន​ឲ្យ​អ្នក​កាសែត និង​ជាង​ថតរូប​ចូល​ក្បែរ​ឡើយ។

ដើម្បី​ប្រារឰ​ពិធី​ពិសេស​នោះ ម៉ា​ដូ​ណា បាន​បង្កើត​កម្មវិធី​សប្បុរសធម៌​ជា​ហូរហែ​ក្រោម​ប្រធាន​បទ «Raising Malawi» ដែល​ជួយ​ដល់​កុមារ​កំព្រា និង​កុមារ​ងាយ​រង​គ្រោះ​នៅ​ប្រទេស​ម៉ាឡាវី។

ឆ្លងកាត់​ស្នេហា​បុរស​ក្មេង​ជាច្រើនរូប រាជិនី​ប៉ុប ម៉ា​ដូ​ណា ដែល​បាន​ចិញ្ចឹម​កូន​ជនជាតិ​ម៉ាឡាវី ៤ នាក់ បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា៖ «សម្រាប់​ថ្ងៃ​ខួប​កំណើត​ខ្ញុំ ខ្ញុំ​មិន​អាច​គិត​ពី​កាដូ​អ្វី​ក្រៅ​ពី​ទំនាក់​ទំនង​គ្រួសារ​ពិភពលោក​របស់​ខ្ញុំ​ជាមួយ​ប្រទេស​ដ៏​ស្រស់​ស្អាត​នេះ​ឡើយ ជា​ពិសេស កុមារ​ដែល​ត្រូវ​ការ​ជំនួយ​បំផុត»៕