សៀមរាបៈ នាក្នុងរាត្រីឆ្លងឆ្នាំ ២០១៩ ថ្ងៃទី ៣១ ខែធ្នូ នឹងមានកម្មវិធីសប្បាយៗ ទស្សនីយភាពប្លែកៗ ជាមួយនឹង ការប្រគុំតន្រ្តីស្គរដៃដែលសម្ដែងដោយក្រុមសិល្បការនីមេធា (Cambodia Living Art) ទស្សនីយភាពដង្ហែព្រះបាទជ័យវរ្ម័នទី ៧ របាំភោគផល និងក្បាច់គុណល្បុក្កតោខ្មែរ ទទួលទានអាហារ និងភេស្ជៈបែបខ្មែរ ដែលមានប្រភពមកពីតំបន់នានាក្នុងខេត្តសៀមរាប ដោយការលក់សំបុត្រចូលរួមកំសាន្តក្នុងម្នាក់ ១៨០ ដុល្លារ រៀបចំដោយក្រុមវិស័យឯកជន។
លោក អ៊ឹមផាន មលីវណ្ណ នាយកសាខាហាងជាងបាក់វណ្ណហុងលក់គ្រឿងអលង្ការ ប្រចាំខេត្តសៀមរាប លើកឡើងក្នុងសន្និសីទសារព័ត៌មាន នាពេលថ្មីៗនេះថា លោកនឹងចូលរួមជាមួយគម្រោងរៀបចំ រាត្រីស្រមោសរសប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅសណ្ឋាគារមេម័រផាលេស (ក្រុងសៀមរាប) ដែលនឹងរៀបចំឡើង នារាត្រីឆ្លងឆ្នាំសកល ២០១៩ ។
លោកបង្ហើបថា លោកនឹងនាំយកមកដាក់តាំងបង្ហាញ និងលក់គ្រឿងអលង្ការត្បូងពេជ្រ និងវត្ថុអនុស្សាវរីយ៍ មិនមែននាំចូលពីបរទេសដែលផលិតពីស្នាដៃកូនខ្មែរដើម្បីលើកស្ទួយតម្លៃ និងអភិរក្សវប្បធម៌ខ្មែរផ្នែកជាងទង។ ថវិកាដែលបានមកពីការគ្រឿងអលង្ការទាំងនោះ មួយផ្នែកត្រូវបានជួយក្នុងមូលនិធិសប្បុរសធម៌ មន្ទីរពេទ្យកុមារអង្គរ។
ការធ្វើនេះក្នុងន័យបង្ហាញពីឆន្ទៈ និងបំផុសការចូលរួមពីវិស័យឯកជននានា ឲ្យចូលរួមក្នុងសកម្មភាពជួយសង្គមការងារសប្បុរសធម៌ និងដើម្បីប្រើប្រាស់សិល្បៈ នៃការចែករំលែកចំណេះជំនាញ ដល់យុវជនខ្មែរ ដែលចង់ចេះក្នុងផ្នែកចម្លាក់ និងជាងទងឲ្យពួកគាត់ចាប់អារម្មណ៍ និងស្គាលពីតម្លៃនៃសិល្បៈចម្លាក់ខ្មែរ។
លោកយល់ឃើញថា៖ «មន្ទីរពេទ្យនានាក្នុងខេត្តសៀមរាប ជាពិសេសកុមារអង្គរឬហៅថាមន្ទីរពេទ្យបេះដូងគឺមានតម្រូវការថវិកាជាច្រើនក្នុងមួយឆ្នាំៗដើម្បីបំរើសេវាព្យាបាល និងសង្គ្រោះដល់កុមារកម្ពុជា ហើយសកម្មភាពសប្បុរសធម៌ ដែលរៀបចំឡើងជាការបង្ហាញទឹកចិត្តរួមគ្នាជួយ ជាមួយមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំពិនិត្យព្យាបាលសង្គ្រោះដល់កុមារកម្ពុជាដោយទឹកចិត្តសប្បុរសធម៌ តាមរយៈផ្តល់សេវាព្យាបាលសុខភាពផ្សេងៗ សម្រាប់ជំងឺកុមារគ្រប់ប្រភេទរាប់ចាប់ពីជំងឺស្រាលរហូតដល់ជំងឺធ្ងន់»។
លោក សេង សេរីវុឌ្ឍ តំណាងសណ្ឋាគារមេម័រផាលេសលើកឡើងបញ្ជាក់ថា៖ «ក្នុងរាត្រីនោះមានកម្មវិធីសប្បាយៗ ទស្សនីយភាពប្លែកៗ ជាមួយនឹងការប្រគុំតន្រ្តីស្គរដៃ ដែលសម្ដែងដោយក្រុមសិល្បៈករសិល្បៈការិនី (Cambodia Living Art) ដោយលើកយកទម្រង់ទស្សនីយភាពដង្ហែ ព្រះបាទជ័យវរ្ម័នទី ៧ របាំភោគផល និងការសម្តែងក្បាច់គុណល្បុក្កតោខ្មែរ បន្ថែមពីនេះ មានរៀបចំទទួលទានអាហារនិងភេសជ្ជៈបែបខ្មែរ ដែលមានប្រភពមកពីតំបន់នានាក្នុងខេត្តសៀមរាប។ ភ្ញៀវអញ្ជើញចូលរួមនឹងត្រូវទិញ សំបុត្រក្នុងម្នាក់ ១៨០ ដុល្លារ ហើយថវិកា ដែលប្រមូលបានមកពីការលក់សំបុត្រត្រូវបានបែងចែករាប់បញ្ជូលនៅក្នុងមូលនិធិសប្បុរសធម៌ មន្ទីរពេទ្យកុមារអង្គរ។
អ្នកស្រី ស៊ិនកេត អារុណ ជាមន្ត្រីទំនាក់ទំនងសាធារណៈមន្ទីរពេទ្យកុមាអង្គរ (ខេត្តសៀមរាប) បានឲ្យដឹងថា៖ «នេះមិនមែនលើកដំបូងទេ ដែលសណ្ឋាគារមេម័រផាលេស រៀបចំកម្មវិធីសប្បុរសធម៌នោះ។ ក្នុង១ឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរ មានតម្រូវការថវិកាប្រមាណ ៦លាន ៥ សែន ដុល្លារអាមេរិក ដើម្បីប្រតិបត្តិការមនុស្សធម៌ ជួយសង្គ្រោះជីវិត និងព្យាបាលជំងឹដល់កុមារកម្ពុជាមកពីគ្រប់ទិសទី ក្នុងមួយថ្ងៃមានកុមារមករកសេវាសង្គ្រោះ និងព្យាបាលជំងឺពី ៥០០ ទៅ ៦០០ នាក់។ កុមារ ដែលទទួលសេវាសង្គ្រោះ ព្យាបាលនិងថែទាំជំងឺនៅទីនេះមិនបានបង់ថ្លៃទេ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យបានជួយឧបត្ថម្ភដល់កុមារដែលមានគ្រួសារក្រីក្រជួបការលំបាកថែមទៀតផង។
អ្នកស្រីបន្តថា៖ «មន្ទីរពេទ្យជួយសង្គ្រោះនិងព្យាបាលដល់កុមារលើសេវាសង្គ្រោះបន្ទាន់ ការវះកាត់បេះដួង និងជំងឺទូទៅ ព្រមទាំងមានបន្ទប់អ្នកជំងឺសម្រាកផងដែរ។ បន្ថែមពីនេះមន្ទីរពេទ្យ បានជួយបណ្តុះបណ្តាលបុគ្គលិករបស់មន្ទីរពេទ្យផ្ទាល់ដោយមានការចូលរួមជួយបណ្តុះបណ្តាលពីមន្ត្រីបុគ្គលិកសុខាភិបាលរបស់រាជរដ្ឋាភិបាលមួយចំនួនផង ក្នុងការពង្រឹងសមត្ថភាពជំនាញ វិស័យសុខាភិបាល និងបានចុះជួយអប់រំ និងបណ្តុះបណ្តាលដល់ប្រជាសហគមន៍ តាមមូលដ្ឋាននានា ដើម្បីឲ្យគាត់បានយល់ដឹងពីបញ្ហាសុខាភាព វិធីបង្ការ និងការពារតាមការចាក់វ៉ាក់សាំងជាដើម ដើម្បីរួមគ្នាកាត់បន្ថយអាត្រាឈឺ និងអាត្រាស្លាប់ ដោយការមិនបានដឹងមុន និងមិនបានព្យាបាល»៕