សៀមរាប: នៅក្នុង​រជ្ជកាល​អធិរាជ លី យូ គ្រង​រាជ​ពី​ឆ្នាំ ៩៦១ ដល់​ឆ្នាំ ៩៧៦ ក្មេង​ស្រី​អាយុ​ចន្លោះ​ពី ៧ ទៅ ១៥ ឆ្នាំ​ត្រូវ​បាន​រុំ​ប្រអប់​ជើង​ដោយ​រឹត​បន្ដិច​ម្ដងៗ​ដើម្បី​ទទួល​បាន​ប្រអប់​ជើង​តូច​បីដូច​ក្រពុំ​ឈូក។

ប្រពៃណី​កាល​ពី​ជាង ១ ពាន់​ឆ្នាំ​មុន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​ស្ដ្រី​តាំង​ពី​កុមារភាព​ដោយ​យល់​ថា​វា​ជា​ទំនោរ​បង្កើន​សម្ផស្ស​នារី និង​ពុះពារ​ការ​លំបាក​ជា​កូន​ស្រី និង​ភរិយា​ដ៏​ឧត្ដុងឧត្ដម។ ១ ឆ្នាំ​ដំបូង​ជា​វេលា​ដ៏សែន​រង​ទុក្ខ​បំផុត ពីព្រោះ​ក្មេង​ស្រី​អត់​អាច​ដើរ​រួច​ឡើយ លុះត្រា​តែ​ម្រាម​ជើង ដែល​បត់​រុំ​នោះ​បាក់​ក្រោម​ទម្ងន់​ខ្លួន។

ទោះបីជា​ក្នុង​ឆ្នាំ ១៩១១ ប្រពៃណី​រុំ​ប្រអប់ជើង​ក្រពុំ​ឈូក​ត្រូវបាន​ហាម​ឃាត់​យ៉ាង​ណា​ក៏ដោយ ក៏​ពលរដ្ឋ​ចិន​នៅ​តាម​ជន​បទ​នៅ​តែ​បន្ដ​អនុវត្ដ​ជំនឿ​មួយ​នេះ​រហូត​ដល់​ប្រមុខ​ដឹកនាំ​ប្រទេស​ចិន លោក ម៉ៅ សេទុង បាន​បង្ខំ​ឲ្យ​អនុវត្ដ​ច្បាប់​តឹងរ៊ឹង​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ឆ្នាំ ១៩៤៩។

ជំនួប​ដ៏​ចៃដន្យ​រវាង​អ្នកសិល្បៈ​ថតរូប​ឯកសារ Jo Farrell និង​ចៅប្រុស​ស្ដ្រី​មាន​ជើង​ក្រពុំ​ឈូក ដែល​ជា​អ្នក​បើកបរ​រថយន្ដ​តាក់ស៊ី ក្នុង​ពេល​អ្នក​ស្រី​បំពេញ​បេសក​កម្ម​ចង​ក្រង​រូបភាព​ឯកសារ​ស្ដីពី​ស្ដ្រី​ជើង​ក្រពុំ​ឈូក។

អ្នកស្រី Jo Farrell បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​មែនទែន​ដែល​បាន​ឮ​បែប​នេះ។ មនុស្ស​ភាគ​ច្រើន​បាន​ប្រាប់​ខ្ញុំ​ថា​វា​ជា​ប្រពៃណី​តាំង​ពី​យូរលង់ ហើយ​ពេល​នេះ​គ្មាន​សេស​សល់​ស្ដ្រី​ណា​មាន​ជើង​ក្រពុំ​ឈូក​ឡើយ។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​ឋាន​ជីដូន​អ្នក​បើក​តាក់ស៊ី​នោះ​ក្នុង​ខេត្ដ​សាន​ដុង និង​បាន​ជួប​អ្នកស្រី ហ្សាង យុនយីង។ គាត់​ជា​ស្ដ្រី​ដំបូង​ក្នុង​គម្រោង​របស់​ខ្ញុំ»។

អ្នកស្រី ហ្សា​ង បាន​ចែក​ឋាន​ក្នុង​អាយុ ៩១ ឆ្នាំ កាលពី​ខែសីហា កន្លងទៅនេះ។ ផ្ដើម​ចេញ​ពី​ការងារ​តាំង​ពី​ឆ្នាំ ២០០៤ ដែល​អ្នកស្រី Jo ត្រូវ​ធ្វើ​ដំណើរ​ចុះ​ភូមិ​ឋាន​ជន​ជាតិ​ចិន​រាប់​សិប​ដង ហើយ​អ្នក​ថតរូប​អង់គ្លេស​រូប​នេះ​បាន​ចង​ក្រង​រូបថត​ឯកសារ​ស្ដ្រី​ចិន​ជើង​ក្រពុំ​ឈូក​ជាង ៥០ នាក់។

កម្រង​រូបថត​ពណ៌​ស​ខ្មៅ​ទាំងនេះ នឹងត្រូវ​បានដាក់​តាំង​បង្ហាញ​នៅ​ហាង​លក់​គ្រឿង​អលង្ការ អាំម៉ូ (AMMO- Jewellery Workshops) ក្នុង​ក្រុង​សៀមរាប ចម្ងាយ​ប្រមាណ ៧ គីឡូម៉ែត្រ​ពី​តំបន់​បេតិកភណ្ឌ​ពិភពលោក អង្គរ​វត្ដ ចាប់​ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃទី ១៨ ខែ​ធ្នូ​ខាង​មុខ​នេះ។

អ្នកស្រី Jo Farrell ដែល​ផ្ដោតលើ​រឿងរ៉ាវ​ស្ដ្រី​ឆ្លងកាត់​តាម​សម័យកាល​ចាប់​ពី​ប្រពៃណី​រុំ​ជើង​ក្រពុំ​ឈូក​នៅ​ចិន រហូត​ដល់​ស្ដ្រី​កាយ៉ាន​ពាក់​កង​នៅ​ក​បាន​ប្រាប់​ពី​គោល​បំណង​ពិព័រណ៍​នេះ​ថា៖ «ចំពោះ​រូបថត​ទាំង​នេះ​យើង​បង្កប់​ន័យ​អប់រំ​ការ​ស្រាវ​ជ្រាវ​អំពី​មនុស្ស ត្រណម​សង្គម និង​សិល្បៈ»។

អ្នកថត​រូប​អង់គ្លេស Jo Farrell ប្រើកាមេរ៉ា​ស៊េរីចាស់ ក្នុង​ការ​ថត​​រូប​ស្ត្រី​ចិន​មានជើង​ក្រពុំ​ឈូក​​។ សហការី

កម្រង​រូបថត​ពី​ទំនោរ​សម្ផស្ស​របស់​ស្ដ្រី​ចិន​បុរាណ បានទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នានា​ជុំវិញ​ពិភពលោក​ក្នុង​ឆ្នាំ ២០១៤។ អ្នកស្រី Jo Farrell បាន​ប្រើ​កាមេរ៉ា​ស៊េរី​ចាស់ Analogue Hasselblad ជាមួយ​នឹង​ទេព​កោសល្យ​ថតរូប​ផ្ទាល់​ខ្លួន ដោយ​រក្សា​នូវ​តថភាព​ដើម​ទាំង​ស្រុង ដោយ​គ្មាន​ការ​កាត់​តម្រឹម​រូប​អ្វី​ឡើយ។

ក្រោយពី​បញ្ជាក់ថា​រូបថត​ទាំងនេះ​គ្រាន់តែ​ជាការ​អប់រំ អ្នកស្រី Jo Farrell បាន​បន្ដ​ថា៖ «ពិព័រណ៍​នៅ​ក្រុង​សៀមរាប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ភ្ញាក់ផ្អើល មាន​ប្រតិកម្ម​ផ្លូវ​អារម្មណ៍ នឹក​អាណិត​អាសូរ និង​យល់​យោគ»។

Zelda Cheatle ជា​បណ្ណារក្ស និង​គ្រូបង្រៀន​ផ្នែក​ថតរូប​ដ៏​ល្បីល្បាញ ត្រូវបាន​ដក​ស្រង់​សម្ដី​ដោយ​បាន​និយាយ​ថា៖ «ស្ដ្រី​ចំណាស់​ដែល​ថត អ្នក​ស្រី​សុទ្ធ​តែ​បាន​បង្កើត​ទំនាក់​ទំនង​ដ៏​ជឿ​ទុក​ចិត្ដ ដោយ​មិន​មែន​គ្រាន់​តែ​លើក​កាមេរ៉ា​ចុច​យកៗ​នោះ​ទេ»។

ពិព័រណ៍​ជើង​ក្រពុំ​ឈូក​របស់​ស្ដ្រី​ចិន ដាក់តាំង​បង្ហាញ​ចាប់ពី​ថ្ងៃទី៨ ដល់ ១៨ ខែធ្នូ នៅ​អាំម៉ូ​ជា​សហគ្រាស​សង្គម ដែល​បណ្ដុះ​បណ្ដាល​យុវជន​កម្ពុជា​ឲ្យ​មាន​ជំនាញ​ជា​អ្នក​ឌីហ្សាញ​ផ្នែក​គ្រឿង​អលង្ការ ស្ថិត​នៅ​ផ្ទះ​លេខ ១២០ ផ្លូវ​វត្ដបូ ក្រុង​សៀមរាប ឬ​តាម​ទូរស័ព្ទ​លេខ ០៩៦ ៦៧៨ ៨៧៣១៕