ក្រុងកំពត៖ នាឱកាសប្រារព្ធពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី ២ ដែលទើបកន្លងផុតទៅកាលថ្ងៃទី ២០-២២ ខែ ធ្នូ ឆ្នាំ ២០១៩ នៅឯខេត្តកំពតនោះ គេក៏ឃើញរូបសំណាកសិល្បៈមានឈ្មោះ សេ្ដចសមុទ្រ និងនាងទេពមច្ឆា មានកម្ពស់ជាង ១ ម៉ែត្រ ដំឡើង និងច្នៃយ៉ាងទាក់ទាញ ដោយវិចិត្រករ លោក រៀម មុនីស៊ីឡុង និងក្រុមសិល្បករចំនួន ៦ រូបទៀត បានរួមគ្នាបង្កើតស្នាដៃនេះឡើង ដើម្បីបំផុសឲ្យពលរដ្ឋយល់ដឹងពីផលប៉ះពាល់នៃសំរាម និងគុណប្រយោជន៍នៃការច្នៃសំរាមឡើងវិញ។
លោក រៀម មុនីស៊ីឡុង ត្រូវបានមហាជនស្គាល់ច្រើនតាមរូបសិល្បៈនានា ដែលលោកបានកែច្នៃពីសំរាម ជាពិសេសប្លាស្ទិក និងសំរាមផ្សេងៗទៀត។ នាពេលថ្មីៗនេះ លោកបានដំឡើងរូបសិល្បៈមួយដ៏ទាក់ទាញ និងជាស្នាដៃសិល្បៈខ្នាតធំដំបូងរបស់លោក គឺរូបសំណាកសេ្ដចសមុទ្រ និងនាងទេពមច្ឆា ដែលច្នៃពីកាកអំពៅ ដើមឈូក ស្រកាត្រី សម្បកងាវ សម្បកពងទា និងដបប្លាស្ទិក។
លោក រៀម មុនីស៊ីឡុង ដែលមានប្រវត្តិរូបដ៏កំសត់ ដោយបានរៀនតែត្រឹមថ្នាក់ទី៤ នៅសាលាបឋមសិក្សា ពេលមានវ័យ ១៤ ឆ្នាំ ទើបបានចូលរៀនព្រោះតែជីវភាពគ្រួសារក្រីក្រលំបាក និងឧស្សាហ៍ផ្លាស់ប្តូរលំនៅឋានទៀតនោះបានឲ្យដឹងថា៖ «ក្រុមការងារលោកចំណាយពេលទាំងយប់ទាំងថ្ងៃដំឡើង ប្រើពេលជាង ១ ខែទើបរួចរាល់។ តាមធម្មតាក្នុងរូប ១ យ៉ាងហោចណាស់ ក៏ចំណាយពេលធ្វើជាង ២ ខែដែរ ដោយសារនេះគឺជាករណីពិសេស ទើបខ្ញុំ និងក្រុមការងារ ៦ រូបផ្សេងទៀត ខំប្រឹងធ្វើរូបសិល្បៈខាងលើដោយប្រើបច្ចេកទេសដំឡើង ដែលយករូបមន្ត បានស្រាវជ្រាវកាលពី ១០ ឆ្នាំមុនមកប្រើ។ រូបមន្តនោះ គឺការយកវត្ថុធាតុដើម ដែលមានកាកអំពៅ ដើមឈូក សម្បកពងទា ឬពងមាន់ មកកិនច្របល់ចូលគ្នា ហើយបន្ទាប់មកក៏យកទៅបៀកលើគ្រោងដែកដែលបានដំឡើងរួច»។
សិល្បកររូបនេះបន្តថា៖ «ចំពោះរូបសំណាកស្តេចសមុទ្រ និងនាងទេពមច្ឆា បង្កើតឡើងដោយកាកសំណល់សំរាម និងប្លាស្ទិកចូលរួមផ្សព្វផ្សាយពីការងារគ្រប់គ្រងបរិស្ថាន ក្នុងពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី ២ នៅខេត្តកំពត នៃឆ្នាំ ២០១៩ នេះ។ រូបសំណាកនីមួយៗ មានទំហំបណ្តោយប្រវែង ១,៣០ ម៉ែត្រ និងកម្ពស់ប្រហែល ២ ម៉ែត្រ ដែលបានដាក់តាំងបង្ហាញនៅមុខស្តង់ពិព័រណ៍របស់ក្រសួងបរិស្ថានក្នុងពិធីបុណ្យសមុទ្ររយៈពេល ៣ ថ្ងៃនោះ»។
លោក រៀម មុនីស៊ីឡុង ដែលមានវ័យ ៣៣ ឆ្នាំ សិល្បករឆ្នើមខាងកែច្នៃសំរាមធ្វើជាគ្រឿងតុបតែងលម្អ និងវត្ថុអនុស្សាវរីយ៍ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលគាំទ្រដល់កិច្ចគាំពារបរិស្ថានបង្កើតស្នាដៃថ្មី ដូចជាសង់រូបសំណាកស្តេចសមុទ្រ និងទេពមច្ឆាឡើងដោយមានសហការ ពីសិល្បករចំនួន ៦ រូប ហើយសម្ភារ ឬវត្ថុធាតុដើមមាន កាកអំពៅ ដបទឹកសុទ្ធ ស្រកាត្រី សម្បកពងទា សម្បកពងមាន់ ដើមឈូក និងកែវប្លាស្ទិក ដែលចោលតាមដងផ្លូវសាធារណៈនោះ។
លោកបានបន្ថែមថា ធ្លាប់មានរបួស និងរងគ្រោះដោយការបំពុលនៃសំរាម ដូចនេះការបង្កើតស្នាដៃសិល្បៈពីសំរាម និងប្លាស្ទិក នេះ បំណងចង់ផ្តល់សារអប់រំ ទៅដល់សាធារណជនឲ្យចេះគិតគូរពីការទុកដាក់សំរាមឲ្យត្រឹមត្រូវ ជាពិសេស កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបច្ចុប្បន្នកំពុងតែបង្កផលប៉ះពាល់ទៅមនុស្ស សត្វ ទាំងនៅលើដី និងក្នុងសមុទ្រ។
លោក រៀម មុនីស៊ីឡុង ក៏ត្រូវមហាជនស្គាល់ខ្លាំងពីស្នាដៃថ្មីចុងក្រោយឆ្នាំ ២០១៨ គឺបង្កើតរូបចាប៉ីដងវែងធំបំផុតពីដបសុទ្ធជ័រចំនួន ៦ ពាន់ដប និងទុយោជ័រ ១៦ ០០០ ដប៕