ភ្នំពេញ: ចម្លាក់ពាក់កណ្ដាលខ្លួនរំលេចនូវរូបភាពបុរសចំណាស់បរទេស ពាក់វ៉ែនតា នៅក្នុងទឹកមុខញញឹមរាក់ទាក់ ដែលអ្នកផងទាំងឡាយបានឃើញ មានតែពោលគោរព និងកោតសរសើរចំពោះវីរភាពដ៏ថ្លៃថ្លាក្នុងរយៈពេល ២៦ ឆ្នាំមកនេះ មិនមែនជាស្នាដៃកើតឡើងពីកិច្ចការប្រចាំថ្ងៃរបស់ជាងចម្លាក់ក្បាច់តាមព្រះវិហារ និងចេតិយម្នាក់នេះឡើយ។
ជាមួយការគោរពស្រឡាញ់ចំពោះទឹកចិត្ដបុរសជនជាតិស្វ៊ីសរូបនេះដែលបានខិតខំជួយកុមារកម្ពុជារហូតដល់ដង្ហើមចុងក្រោយ ជាងចម្លាក់ក្បាច់ដែលបានហៅខ្លួនឯងថា ជាជាងសំណង់ធម្មតាម្នាក់ បានបង្ហាញនូវការដឹងគុណបន្ដិចបន្ដួចជាមួយស្នាដៃចម្លាក់ទុកឲ្យកូនខ្មែរបានស្គាល់វីរបុរសពិត។
មិនខុសពីបេសកកម្មលើវិថីដ៏វែងឆ្ងាយតាំងពីឆ្នាំ ១៩៩២ ដែលវេជ្ជបណ្ឌិតជំនាញកុមារ Beat Richner បានបង្កើតមន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ ដោយបានព្យាបាលកុមារខ្មែររាប់លាននាក់ មិនគិតប្រាក់សូម្បីតែ ១ រៀលនោះ រូបសំណាកស្ថាបនិកមូលនិធិគន្ធបុប្ផា ក៏មិនត្រូវបានកសាងឡើងដើម្បីរៃអង្គាសប្រាក់ជាប្រយោជន៍បុគ្គល និងក្រុមណាមួយឡើយ។
ក្រោយពីមានការបង្ហោះលើបណ្ដាញសង្គមសុំរៃអង្គាសប្រាក់ពីការកសាងរូបសំណាក លោក សៀន កាម៉ង់ដង់ ជាអ្នកឆ្លាក់រូបលោក Beat Richner ចេញមុខអះអាងថា៖ «ទាំងអស់នេះ ខ្ញុំអត់បានដឹងដែរ។ ពីមុន គាត់ធ្លាប់ជាកូនចៅរបស់ខ្ញុំ តែកន្លងទៅ គាត់ត្រឡប់ទៅខាងសៀមរាបវិញ ហើយខ្ញុំក៏អត់បានដឹងថា គាត់ចង់មានគំនិតបែបម៉េច ស្រាប់តែក្រឡេកទៅឃើញអ៊ីចឹង ក៏ខ្ញុំភ្ញាក់ផ្អើលដែរ ពីព្រោះខ្ញុំបានប្រកាសជាសាធារណៈថា ខ្ញុំធ្វើនេះ អត់បានយកឈ្នួលអ្វីទាំងអស់ ជាមួយលោក គីមសួរ និងលោក អាចារ្យធំ»។
លោក បានបន្ដថា៖ «ខ្ញុំគ្រាន់តែសរសេរយ៉ាងខ្លីថា សុំទោសប្អូន នេះមិនមែនជាចរិតរបស់ខ្ញុំ! ខ្ញុំគ្រាន់តែចង់ប្រាប់គាត់តែប៉ុណ្ណឹង ព្រោះអីបើនិយាយខ្លាំងជាងនេះ ខ្លាចប្រជាពលរដ្ឋលោកវ៉ៃប្រហារទៅលើប្អូនម្នាក់នេះខ្លាំងទៅ នាំតែកើតមានបញ្ហា។ ចំពោះខ្ញុំ ខ្ញុំអត់បានដឹងអ្វីសោះតែម្ដង»។
លោក សៀន កាម៉ង់ដង់ បានលើកឡើងថា លោកធ្លាប់បានប្រកាសក្នុងក្រុម បំណងរកលុយទិញស្ពាន់ និងសម្ភារខ្លះដើម្បីសម្អាត និងចាក់ពុម្ពរូបលោក Richner រួចយកទៅតម្កល់នៅមន្ទីរពេទ្យគន្ធបុប្ផា។
ជាងចម្លាក់រូបនេះ បានប្រាប់ថា៖ «យើងនឹងធ្វើច្បាប់ ធ្វើទម្លាប់ ដោយសុំទៅខាងអាជ្ញាធរដើម្បីហែរូបសំណាកនេះទៅតម្កល់នៅមន្ទីរពេទ្យ។ តាមគម្រោង នៅចុងបញ្ចប់ពេលយើងហែរូបទៅ ទើបយើងបើកមូលនិធិមួយ។ បើមានអ្នកចង់ចូលរួម យើងនឹងយកថវិកាទាំងអស់នោះចូលក្នុងមន្ទីរពេទ្យគន្ធបុប្ផាដដែលទេ។ អ៊ីចឹងយើងអត់បានប៉ះពាល់ប្រាក់នោះទេ»។
វេជ្ជបណ្ឌិត Beat Richner ត្រូវបានកាកបាទក្រហមស្វ៊ីសបញ្ជូនមកបំពេញបេសកកម្មដំបូងនៅមន្ទីរគន្ធបុប្ផាក្នុងឆ្នាំ ១៩៧៤។ នេះបើយោងតាមវេបសាយមន្ទីរពេទ្យ។ បន្ទាប់មក លោកត្រូវបង្ខំចិត្ដវិលទៅមាតុភូមិវិញ នៅពេលខ្មែរក្រហមគ្រប់គ្រងអំណាច។ លោកបានបង្កើតមូលនិធិគន្ធបុប្ផា ក្នុងឆ្នាំ ១៩៩២ និងវិលមកកសាងមន្ទីរពេទ្យឡើងវិញតាមសំណើរបស់រដ្ឋាភិបាល បន្ទាប់ពីសង្គ្រាមស៊ីវិល។ ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១៦ មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកម្ពុជាជិត ១៨ លាននាក់។ នេះបើយោងតាមស្ថិតិរបស់មន្ទីរពេទ្យ។
ស្ថាបនិកមូលនិធិគន្ធបុប្ផា បានទទួលមរណភាពកាលពីវេលាម៉ោង ២:៤៥ រំលងអាធ្រាត្រ ថ្ងៃអាទិត្យ ទី ៩ ខែកញ្ញា ឆ្នាំ ២០១៨ ក្នុងទីក្រុងហ្សូរិក ប្រទេសស្វ៊ីស។
ដំណឹងមរណភាពនេះ បានធ្វើឲ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់បុគ្គលដ៏ឆ្នើមរូបនេះ។
ដោយបានចូលរួមបុណ្យសពគម្រប់ ៧ ថ្ងៃនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងក្រុងភ្នំពេញ អ្នកស្រី ភិន លីណា បាននិយាយក្រោយពីអុជធូបជូនដល់លោក Beat Richner ថា៖ «ទោះខ្ញុំរវល់ការងារយ៉ាងណា ក៏ខ្ញុំត្រូវឆ្លៀតមកអុជធូប ៣ សរសៃរំឭកគុណដល់គាត់ ដែលកូនខ្ញុំ ២ នាក់ផ្ទាល់ តែងតែមកទទួលការព្យាបាលពីពេទ្យនេះ»។
ជាងចម្លាក់ក្បាច់ខ្មែរ សៀន កាម៉ង់ដង់ ត្រូវបានមហាជនស្គាល់ច្រើនតាមរយៈការរំលេចនូវស្នាដៃសូនរូបលោក កែម ឡី។ លោកផ្ដើមប្រែក្លាយជាជាងចម្លាក់ពហុជំនាញ ចេះតាំងពីចម្លាក់ក្បាច់តាមចេតិយ និងព្រះវិហារ និងស្មូនរូប៕