ភ្នំពេញ៖ ភាពយន្តខ្នាតធំដែលគ្រោងនឹងចាប់ផ្តើមផលិតនៅដើមខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះត្រូវបានផលិតករលើកយកមកផលិតជាខ្សែភាពយន្តដ៏ល្អឯកមួយ ស្តែងចេញពីជីវប្រវត្តិរបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែលបានតស៊ូឆ្លងកាត់ឧបសគ្គ ជាច្រើនរួមទាំងកាណុងកាំភ្លើងដ៏គួរឲ្យតក់ស្លុត ក្នុងទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់ពីអតីតកាល។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ចំពោះរឿងនេះ «ជនដែលត្រូវគេបាញ់» ត្រូវបានលោកឧត្តមសេនីយ៍ ណឹម សុវត្ថិ ចងក្រងជាសៀវភៅនៅពេលដែលមានគេបានមើលសៀវភៅនេះហើយ គេក៏ធ្លាប់មកសុំខ្ញុំផលិតជាខ្សែភាពយន្តច្រើនដែរ ប៉ុន្តែខ្ញុំមិនដែលអនុញ្ញាតទេ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយនេះ មានក្រុមហ៊ុនមួយដែលគេទាក់ទងជាមួយកូនប្រុសខ្ញុំបានសុំថតជាខ្សែភាពយន្តខ្នាតធំមានតួសម្តែងអីត្រឹមត្រូវ ហើយរឿងនេះដែរគឺបានរៀបចំច្រើនឆ្នាំមកហើយទើបតែសម្រេចចាប់ផ្តើមថតនេះឯង»។
លោកក៏បានមានប្រសាសន៍បន្ថែមទៀតដែរថា៖ «រឿងដែលគេយកមកថតនេះ គឺមិនបានបង្ហាញពីខ្សែជីវិតរបស់ខ្ញុំបានទាំងអស់នោះទេ គេចុចយកតែចំណុចសំខាន់តែប៉ុណ្ណោះ ជាពិសេសត្រង់ឈុតឆាកគេយកទៅបាញ់ហ្នឹងតែម្តង ហើយខ្ញុំក៏មិនអាចប៉ាន់ស្មានដឹងដែរថាវាបានប៉ុន្មានភាគរយប្រៀបធៀបនឹងជីវិតខ្ញុំ ព្រោះរឿងគេទើបនឹងចាប់ផ្តើមថត ហើយណាមួយវាបានកន្លងផុតអស់រយៈពេល ៥២ ឆ្នាំមកហើយ»។
លោក សួន ពិសិដ្ឋ ជាតារាសម្តែង និងជាគ្រូបង្វឹកតារាចម្រៀង ដែលជាអ្នករ៉ាប់រងទៅលើការតែងនិពន្ធបទភ្លេង និងសម្តែងជាតួអង្គសភាវៈអាក្រក់ជាតួអង្គសំខាន់នៃរឿងបានប្រាប់មក ភ្នំពេញ ប៉ុស្តិ៍ ដែរថា៖ «ខ្សែភាពយន្តនេះជាខ្សែភាពយន្តធំប្រចាំឆ្នាំ ហើយនឹងចាប់ផ្តើមថតនៅខែ ១០ នេះហើយ ពេលដែលថត គឺត្រូវការបិទប្រៃសនីយ៍ ដើម្បីថត ហើយក៏មានការរៀបចំគ្រប់ទីតាំងដែលត្រូវថតឲ្យដូចទៅនឹងទិដ្ឋភាពនៃសម័យនោះដូចគ្នា ដោយមានការសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះសម្រាប់ចាក់បញ្ចាំងស្ទើរតែគ្រប់ប្រទេស អាចនិយាយបានថានៅលើទីផ្សារអន្តរជាតិ»។
តួអង្គដែលត្រូវសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ «ជនដែលត្រូវគេបាញ់» មានការជ្រើសរើសយ៉ាងពិសេសឲ្យសមស្របទៅនឹងសម័យកាល ដោយតំណែងតួឯកជាតារាសម្តែង និងជាតារាចម្រៀងលោក នូ ឧសភា ដែលត្រូវបានជ្រើសរើសមានអាយុ និងមុខមាត់ស័ក្ដិសមនឹងតួអង្គយុវជន ទៀ សង្វាន ក្នុងសម័យនោះ។
ខ្សែភាពយន្តនេះមានការដឹកនាំផលិតដោយលោក ទៀ សីហា លោក ទៀ សាយ៉ាម និងលោក ប៊ូ សីហា។ ការដឹកនាំសម្តែងត្រូវបានចូលរួមពីអ្នកដឹកនាំល្បីឈ្មោះលោក ខាំ ភូរិ។
តារាប្រុសដែលមានទេពកោសល្យពហុជំនាញលោក សួន ពិសិដ្ឋ បានបន្តពីការរៀបចំទីតាំងដែលត្រូវផលិតដូច្នេះដែរថា៖ «ទាំងការតុបតែងមានតុទូ កៅអី ម៉ូតូ ឡាន កង់ គឺវិលទៅរកសម័យកាលទសវត្សរ៍ទី ៦០ វិញទាំងអស់ក្នុងការរៀបចំនេះ គឺមានភាពហ្មត់ចត់បំផុតដែលត្រូវអស់រាប់លានដុល្លារ និងតួអង្គវិញត្រូវការរៀបចំខ្លួន ផ្លាស់ប្តូរពាក្យស័ព្ទក្នុងការនិយាយស្តី អត្តចរិត គ្រប់យ៉ាងទាំងអស់ ដើម្បីឲ្យដូចទៅនឹងសម័យទសវត្សរ៍ទី ៦០ ប្រាកដមែន»។
ក្រោយពីដំណើរការថតនៅកែប កំពង់សោម និងកំពត ខ្សែភាពយន្ត ដែលនឹងបញ្ចប់ការថតនៅចុងឆ្នាំនេះ ត្រូវបានរំពឹងថា នឹងនាំទៅចាក់បញ្ចាំងនៅទីផ្សារបរទេសផងដែរ៕