ក្រុង​សៀមរាប៖ វិចិត្រករ​​មាន​ប្រវត្តិ​កម្សត់​លោក រៀម មុនីស៊ីឡុង​​ ដែល​មហាជន​បាន​ស្គាល់​ច្បាស់​ និង​តែង​​​​ត្រូវ​បាន​គេ​និយម​ហៅ​ឈ្មោះ​រហស្សនាម​ខាង​​ក្រៅ​របស់​លោក​ថា​​ ​«​វិចិត្រករ​សំរាម» នោះ បាន​​នាំ​យក​​​​ស្នាដៃ​សិល្បៈ​​ចំនួន ៩ ផ្ទាំង​ ដោយច្នៃ​ប្រឌិត​ជា​​ ៣ ប្រភេទ​នៃ​ស្នាដៃ​ ដាក់​តាំង​​​នៅ​វិចិត្រសាល ​«​ផ្ទះ​​សិល្បៈ»​ នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​។​

លោក រៀម មុនីស៊ីឡុង ដែល​បាន​រៀន​​ចំណេះ​ដឹង​ត្រឹម​​តែ​ថ្នាក់​ទី ៤ នៅ​សាលា​​បឋម​​សិក្សា​រហូត​ដល់​​​​មាន​​​​​វ័យ ១៤ ឆ្នាំ ទើប​​​ចូល​រៀន​ព្រោះ ​តែ​ជីវភាព​គ្រួសារ​ក្រីក្រ​លំបាក​ពេក​នោះ​​ ​បាន​​ឲ្យ​​ដឹង​​​​​ថា៖ «​ការ​​​តាំង​​ពិព័រណ៍​នេះ ជា​ការ​សហការ​គ្នា​ រវាង​​ក្រុម​​វិចិត្រករ​​ខ្មែរ និង​បរទេស ​មាន​​ជំនាញ​សិល្បៈ​​ផ្សេងៗ​គ្នា​​​​​មាន​​​​​ចំនួន​ ៥ រូប រួម​​ទាំង​​ខ្ញុំ​។ ដោយ​យើង​​​ចាប់​ផ្តើម​ដាក់​តាំង​​រយៈ​ពេល​ ១ ខែ គឺ​ពី​ថ្ងៃទី​ ២០ ខែ​មករា បន្ត​​ដល់​ថ្ងៃ​​ទី ​២០​ ខែ​​​កុម្ភៈ ឆ្នាំ ​២០២០ ​ខាង​មុខ​។ សម្រាប់​ខ្ញុំ​មាន​ស្នាដៃ​ចំនួន ៩ ផ្ទាំង ដើម្បី​​ចូលរួម​នៅ​​ក្នុង​​ពិព័រណ៍​នេះ​ ​​មាន ​៣ ​ប្រភេទ​ស្នាដៃ​គឺ​ទី​១ ជា​ប្រភេទ​ស្នាដៃ​គំនូរ​ទឹក​ថ្នាំ​ ទី​២ ជា​​ប្រភេទ​​គំនូរ​​​បិទ​រូប​ និង​ទី​ ៣​ ប្រភេទ​ស្នាដៃ​សិល្បៈ​ដំឡើង​ដោយ​វល្លិរពាក់​»។​

ក្រោយ​ពី​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ ​ជាមួយ​​ការងារ​ច្នៃ​សំរាម​រួម​មាន​​ដូចជា​ស្រកាត្រី និង​ថង់​ប្លាស្ទិក ឲ្យ​ទៅ​ជា​វត្ថុ​សិល្បៈ​នានា​ប្រើ​ពេល​ជាង​​ ១០ ឆ្នាំ​មក​នោះ​​ និង​មាន​​សមិទ្ធផល​កែច្នៃ​​​វត្ថុ​សិល្បៈ​ជាច្រើន​ពី​​​សំរាម​​​​ នា​អំឡុង​​ឆ្នាំ ​២០១៨។

ការងារ​ច្នៃ​​វត្ថុ​សិល្បៈ​នោះ ក៏​​បាន​ជួយ​សម្រួល​ឲ្យ​លោក រៀម មុនី​ស៊ី​​ឡុង ​អាច​លក់​ដូរ​​ស្នាដៃ​នានា​​​​​​​រក​ប្រាក់​ចំណូល​បាន​​គួរ​សម​ប៉ុណ្ណោះ​​ ដើម្បី​ចិញ្ចឹម​ជីវិត​គ្រួសារ​ តែ​​​មិន​​ទាន់​មាន​​ភាព​ធូរធា​នៅ​ឡើយ​នោះ​ទេ​។

បើ​ទោះបី​កើត​នៅ​​​ក្នុង​គ្រួសារ​មាន​ជីវភាព​​​លំបាក​ខ្លាំង ​មិន​អាច​ឲ្យ​ខ្លួន​បាន​​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅ​ជ្រះ និង​ជំនាញ​​​វិចិត្រកម្ម​មែន​ក្តី តែ​ទេពកោសល្យ​ដ៏​ប៉ិន​ប្រសប់​ពី​កំណើត​របស់​​​លោក ដែល​​អាច​ប្រើ​គំនិត​ច្នៃ​ប្រឌិត​​ខ្ពស់​​ ​គឺ​ការ​ជ្រើស​យក​សំរាម​មក​ច្នៃ​ជាវ​ត្ថុ​​​សិល្បៈ​មាន​តម្លៃ និង​អាច​យក​​ទៅ​ប្រើប្រាស់​ធ្វើ​ជា​គ្រឿង​សិល្បៈ​លម្អ ឬ​ជា​រូប​សត្វ នានា​គួរ​ឲ្យ​សរសើរ​ពី​ក្រុម​អតិថិជន​ទាំង​ខ្មែរ និង​បរទេស​តែ​ម្តង។

ស្នាដៃ​សិល្បៈ​គំនូរវិចិត្រ​ករ​សំរាម រៀម មុនីស៊ីឡុង​​ ៩ ផ្ទាំង​ ដាក់​តាំង​នៅ​វិចិត្រសាល «ផ្ទះសិល្បៈ» នៅក្រុង​សៀមរាប​។ រូប សហ​ការី

វិចិត្រករ​ដែល​បាន​បង្កើត​ស្នាដៃ​លេច​ធ្លោ​ពី​សំរាម​ជា​ច្រើន​ រួម​មាន​ដូច​ជា​ត្រី​យក្ស​ធ្វើ​ពី​ស្រកា​ត្រី​ ​ ចាប៉ីដង​វែង​​យក្ស​ធ្វើ​ពី​សម្បក​ដប​ទឹក​សុទ្ធ​ និង​រូប​​ស្តេច​សមុទ្រ និង​នាង​ទេពមច្ឆា​ ជា​ដើម​នោះ​ ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការ​ប្រើ​ពេល​វេលា​កែច្នៃ​ស្នាដៃ​សិល្បៈ​បាន ៩ ផ្ទាំង និង​តម្លៃ​​លក់​របស់​វា​ផង​ដែរ​ សម្រាប់​ការ​ដាក់​តាំង​រយៈពេល​ ១ ខែ​ នៅ​ឯ​វិចិត្រសាល ​«ផ្ទះ​សិល្បៈ​» នោះ។ លោក រៀម មុនី​​ស៊ី​ឡុង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ «ចំណោម​​ស្នាដៃ​ទាំង​ ៩ នោះ ខ្ញុំ​ក៏​បាន​ដាក់​តម្លៃ​លក់​រួច​ហើយ​ដែរ​ ដោយ​តម្លៃ​ទាប​បំផុត គឺ​មាន​ពី​ ២១៩ ដុល្លារ រហូត​ទៅ​ដល់​​តម្លៃ​ខ្ពស់​បំផុត​ ៣ ៥០០ ដុល្លារ ដោយ​​មាន​ ២ ​ស្នាដៃ​ ​ដោយ​​គំនូរ​​បិទ ​១​ ផ្ទាំង​​ ​គឺ​ជា​រូប​​​​​វេជ្ជបណ្ឌិត Beat Richner។ ហើយ​​ស្នាដៃ​ទាំង​នេះ​ ខ្ញុំ​​​ក៏​បាន​ប្រើ​​​អស់​រយៈពេល​​ ​១ ​ខែ​ផង​ដែរ​ ទើប​អាច​​សម្រេច​ចេញ​ជា​ស្នាដៃ​បាន​»។​​

គួរ​បញ្ជាក់​ដែរ​ថា​ ការ​ច្នៃ​សំរាម​ជា​វត្ថុ​សិល្បៈ​នានា​នេះ មាន​តាំង​ពី​អំឡុង​ឆ្នាំ ២០១៦-២០១៧ មក តែ​​មិន​ទាន់​បាន​ជួយ​រក​ប្រាក់​ចំណូល​​អាច​ចិញ្ចឹម​ជីវិត​គ្រួសារ​បាន​ទេ គឺ​ទើប​តែ​នៅ​ឆ្នាំ ២០១៨ ទើប​អាច​ចូលរួម​ចំណែក​​នៅ​ក្នុង​​ជីវភាព​គ្រួសារ​​បាន ដោយ​​វត្ថុ​ច្នៃ​តូច​តម្លៃ​ទាប​បំផុត ចាប់​ពី ៥ ដុល្លារ រហូត​ដល់​តម្លៃ​ថ្លៃ​បំផុត​​ជាង ៣ ០០០ ដុល្លារ​ផង​ដែរ៕​