ភ្នំពេញៈ ក្រោយពីបានឱកាសទៅច្រៀង និងសម្តែងលើទឹកដីអាមេរិកកាលពីមុនចូលឆ្នាំខ្មែរនោះ លុះវិលត្រឡប់មកស្រុកវិញក៏លេចឮ ដំណឹងខ្សឹបខ្សៀវថា តារាចម្រៀងស្រីដែលផុសចេញភាពល្បីខ្លាំងនាពេលបច្ចុប្បន្ន ជាមួយបទ «មាន់ស្រែ» កញ្ញា រ៉ាប៊ី កំពុងតែសម្បូរក្រុមកន្លង់អាណិកជនអាមេរិក ចោមរោមតាមសុំស្នេហ៍ច្រើន តែនាងមិនទាន់ត្រូវចិត្ត។
តារាចម្រៀងស្រីចំណូលថ្មី ផលិតកម្មថោនឈ្មោះពិតកញ្ញា ផាន វីរ៉ាទី ហៅកញ្ញា រ៉ាប៊ី ត្រូវបានប្រភពនៃអ្នកស្និទ្ធស្នាលនាងទម្លាយរឿងថា៖ «រ៉ាប៊ី ក្រោយវិលត្រឡប់មកពីអាមេរិកវិញនោះ គឺសម្បូរក្រុមបុរសអាណិកជនខ្មែរ-អាមេរិក ជាច្រើន បានចាប់ចិត្ត និងតាមសុំស្នេហ៍ ដោយពួកគេនិយមចូលចិត្តប្រើប្រាស់បណ្តាញសង្គមឆាតឆ្លើយឆ្លងដើម្បីសុំក្តីស្នេហ៍ពីនាង»។
តារាចម្រៀងស្រី ដែលបានផ្តើមចេញពីអាជីពជាប្រធានក្រុមរាំ និងធ្លាប់ជាពិធីការិនីទូរទស្សន៍ហង្សមាស កញ្ញា រ៉ាប៊ី បានបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ទាំងអស់សំណើច ខណៈនាងឆ្ងល់ ហេតុអ្វីក៏លេចព័ត៌មាននេះចេញទៅខាងក្រៅលឿនថា៖ «ជារឿងធម្មតាទេ សម្រាប់ជីវិតមនុស្ស ដែលនៅមិនទាន់មានគូគ្រងគឺតែងតែមានគេមកតាមដូច្នេះហើយ។ តែសម្រាប់នាងខ្ញុំ នាពេលនេះដូចជាមិនទាន់ចង់គិតគូរខ្លាំងទៅលើរឿងមានគូគ្រងអ្វីនោះនៅឡើយ គឺនាងខ្ញុំចង់ប្រើពេលវេលារកប្រាក់ពីការងារសិល្បៈនេះមួយរយៈសិនព្រោះក្រោយពីបានវិលមកពីសម្តែងនៅអាមេរិកនោះ ខ្ញុំក៏ទទួលបានការងារសិល្បៈច្រើនណាស់ គឺសឹងតែគ្មានពេលទំនេរទេពីមួយអាទិត្យទៅមួយអាទិត្យនោះ»។
តារាចម្រៀងស្រីរលកក្រោយនៃផលិតកម្មថោនគឺនាងជាម្ចាស់បទចម្រៀង «មាន់ស្រែ» បានទាញបានប្រជាប្រិយភាពល្បីខ្លាំង ពីយុវវ័យសម័យថ្មីរូបនេះ ក៏បន្តឲ្យដឹងពីមូលហេតុពុំទាន់បើកចិត្តទទួលយកស្នេហ៍ពីក្រុមកន្លង់បរទេសជាអាណិកជនខ្មែរ-អាមេរិកទាំងឡាយ ដែលមកតាមសុំស្នេហ៍នាងនោះដែរថា៖ «ម្យ៉ាងទៀតអ្នកតាមសួរនាំខ្ញុំនោះ ភាគច្រើននៅមិនទាន់ពេញចិត្ត ឬត្រូវចិត្តចង់បានរបស់នាងខ្ញុំនោះឡើយ។ នាងខ្ញុំក៏សន្យាក្នុងចិត្តខ្លួនដែរថា បើមិនត្រូវចិត្តនាងខ្ញុំប្រាថ្នាចង់បានទេគឺសុខចិត្តនៅ ទំនេរល្អជាង»។
តារាចម្រៀងស្រី ដែលធ្លាប់មានអាជីពជាប្រធានក្រុមរាំ និងធ្លាប់ជាពិធីការិនីទូរទស្សន៍នៅហង្សមាស កញ្ញា រ៉ាប៊ី ហើយក៏ចាប់ឱកាសចេញទៅសម្តែងក្រៅប្រទេសលើកដំបូង ចាប់តាំងពីប្រឡូកវិស័យសិល្បៈមកនោះព្រលយប្រាប់ពីលក្ខខណ្ឌនៃសេចក្តីប្រាថ្នាចំពោះបុរសជាគូគ្រងខ្លួន នាពេលអនាគតដែរថា៖ «សម្រាប់នាងខ្ញុំ បុរសដែលខ្ញុំចង់បាន ឬស្រឡាញ់ជាគូជីវិតនោះគឺជាបុរសដែលគោរពស្រឡាញ់ និងឲ្យតម្លៃនាងខ្ញុំឲ្យបានច្រើនគឺមានសេរីភាពក្នុងការចាយវាយ និងការរស់នៅជាដើម»។
នាឱកាសលើកទី ១ ចេញទៅសម្តែងនៅក្រៅប្រទេស ដើម្បីកសាងកេរ្តិ៍ឈ្មោះខ្លួនឯនាយសមុទ្រកន្លងមក តារាចម្រៀងស្រីចំណូលថ្មីរបស់ផលិតកម្មថោនបានចេញដំណើរពីកម្ពុជានាថ្ងៃទី ១៣ ខែមីនា ខណៈកម្មវិធីនៅអាមេរិកចាប់ផ្តើមថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៨ ហើយចេញសម្តែងតាមរដ្ឋចំនួនប្រមាណជា ១០ រដ្ឋ ដែលកញ្ញា រ៉ាប៊ី បានទៅសម្តែងចំនួន ៥ សប្តាហ៍តែប៉ុណ្ណោះ៕