ភ្នំពេញ៖ នាពេលថ្មីៗនេះស្រាប់តែលេចឮដំណឹងថា តារាចម្រៀងស្រីវ័យក្មេងស៊ីដាច់គេខាងច្រៀងបរទេស ជាភាសាអង់គ្លេស របស់ផលិតកម្មហង្សមាសកញ្ញា រ៉េត ស៊ូហ្សាណា ចាប់បានឱកាសកើបប្រាក់ធំមួយ ដោយបានតំណែងតួឯកស្រីតែម្នាក់ក្នុងការថតកុនឲ្យផលិតកម្មចិនមួយ ដែលសម្តែងជាមួយតារាចម្រៀង និងសម្តែងចិនហុងកុង ជើងចាស់ដ៏ល្បីគឺលោក Dicky Cheung ធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈ មានការភ្ញាក់ផ្អើលខ្លាំង។
បើតាមប្រភពស្និទ្ធស្នាលមួយ បានបង្ហើបឲ្យដឹងថា ការចាប់ដៃគូសម្ដែងជាតួឯកលើកដំបូង ជាមួយនឹងតារាសម្តែង និងចម្រៀងចិនហុងកុង លោក Dicky Cheung នេះដែរ កញ្ញា រ៉េត ស៊ូហ្សាណា ស៊ីថ្លៃខ្លួនរាប់ម៉ឺនដុល្លារឯណោះ បើប្រៀបធៀបជាមួយនឹងតម្លៃខ្លួនសិល្បៈនៅក្នុងស្រុកខ្មែរ។
ខណៈខ្សែភាពយន្តដែលកញ្ញា រ៉េត ស៊ូហ្សាណា ត្រៀមថតនោះ នឹងចាប់ផ្តើមថតនៅឯខេត្តព្រះសីហនុ (កំពង់សោម) ជាមួយតារាចិនហុងកុង នៅក្នុងពេលឆាប់ៗនេះផងដែរ ខណៈសិល្បករខ្មែរវិញ គឺមានតែកញ្ញា រ៉េត ស៊ូហ្សាណា ម្នាក់គត់ ខណៈក្រៅពីហ្នឹងគឺសុទ្ធតែកំពូលតារាសម្ដែងមកពីប្រទេស ចិន ទាំងអស់។
ខុសពីការបែកធ្លាយនៃប្រភពខាងលើនេះ អតីតបេក្ខនារីប្រឡង The Voice Cambodia 2 នារដូវកាលទី ២ កញ្ញា រ៉េត ស៊ូហ្សាណា ដែលបច្ចុប្បន្ន ជាតារាស្រីវ័យក្មេង សម្រស់កាន់តែស្រស់សោភា ដែលកំពុងតែកាក់កប នឹងទីផ្សារឡើងឆាកតន្ត្រីតាមខេត្តជាប់យ៉ាងរដឹក និងការសម្តែងស្បតពាណិជ្ជកម្ម ក៏ដូចជាការងារធ្វើជាតារាទូតសុច្ឆន្ទៈ និងជាអ្នកតំណាងផលិតផលនានាយ៉ាងច្រើនសន្ធឹកនោះ បានច្រានចោលពីការលើកឡើងនេះទៅវិញថាមិនពិតនោះឡើយ ហើយក៏គ្មានការថតកុន ជាមួយនឹងផលិតកម្មចិនណានោះទេ។
គួរកត់សម្គាល់ថា តារាចម្រៀងស្រីវ័យ ១៨ ឆ្នាំ កំពុងតែកសាងកេរ្តិ៍ឈ្មោះល្បីលើវិថីសិល្បៈ តាមរយៈសូរសំនៀងដ៏ពីរោះជាភាសាអង់គ្លេស កាលពីប្រឡងនោះ មានរាសីឡើងក្រឺតៗ ដោយបានក្លាយជាតារាសុច្ឆន្ទៈ ២ ឆ្នាំជាប់គ្នារបស់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន OPPO ជាមួយនឹងក្រុមតារារួមអាជីព នៅហង្សមាស គឺអ្នកនាង ពេជ្រ សោភា និងលោក Step នៅឆ្នាំ ២០១៩ នេះ ក៏បានបញ្ជាក់ថា៖ «អូ! នាងខ្ញុំអត់មានបានទទួលលាភធំ ថតកុនជាមួយនឹងផលិតកម្មចិន និងថតជាមួយតារាល្បីហុងកុង ដូចដែលមានដំណឹងនោះទេ។
តាមពិតទៅ នាងខ្ញុំគ្រាន់តែទទួលបាននូវការអញ្ជើញពិសេសពីក្រុមហ៊ុនចិនដែលរៀបចំ ដើម្បីចូលរួមកម្មវិធីច្រៀងមួយ នៅកំពង់សោម កាលពីដើមខែតុលានេះ តែប៉ុណ្ណោះ ដែលត្រូវចូលរួមជាមួយតារាចម្រៀងរបស់ចិន។ ចំពោះរឿងអ្នកសិល្បៈខ្មែរ មានតែរូបនាងខ្ញុំចូលរួមនោះវិញ គឺដោយសារតែក្រុមហ៊ុនរៀបចំកម្មវិធី គេចង់បានតារាចម្រៀងខ្មែរ ដែលអាចច្រៀងបទចម្រៀងបរទេស ជាភាសាអង់គ្លេសបាន ដូច្នេះខាងគេក៏អញ្ជើញរូបនាងខ្ញុំ»។
តារាចម្រៀងស្រីជាបេក្ខនារីប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ បានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររូបនេះ មានភាពមមាញឹកក្នុងសិល្បៈខ្លាំងក្រៅពីច្រៀង គឺនាងធ្វើជាទូតសុច្ឆន្ទៈ (Brand Ambassador) ច្រើនគួរសមដែរដូចជាធ្វើឲ្យក្រុមហ៊ុន Cellcard ក្រុមហ៊ុនទូរស័ព្ទម៉ាក OPPO នៅខាងក្រុមហ៊ុន Charles & Keith ក្រុមហ៊ុន Fishermen និងអ្នកណែនាំផលិតផល (Product Presenter) ឲ្យនំស្រួយ រេនប៊ី និងផលិតផលផ្សេងៗទៀតផងដែរ៕