ភ្នំពេញៈ គ្រាន់តែ​ការ​លើកយក​ចម្រៀង​មរតក​សំនៀង​ដើម​របស់​លោក​ស្រី ប៉ែន រ៉ន ដែល​មាន​ចំណង​ជើង​ថា «មេម៉ាយ​សប្បាយ​ចិត្ត» មក​បក​ស្រាយ​តាម​កម្មវិធី​ជប់​លៀង ឬ​អាហ្វែរ​នានា គួប​ផ្សំ​នឹង​ទឹក​ដម​សំឡេង​ពីរោះ និង​កាយ​វិការ ក្រមិច​ក្រមើម​ដ៏​សម​សួន​របស់​កញ្ញា រ័ត្ន រចនា នោះ​ក៏​ស្រូប​បាន​ភាព​ល្បី​ដោយ​ការ​គាំទ្រ​ពី​មហាជន​តាម​បណ្តាញ​សង្គម​យ៉ាង​ខ្លាំង​នៅ​ពេល​ថ្មីៗ​នេះ។

តារាចម្រៀង​ស្រី​គ្មាន​ផលិតកម្ម តែ​កំពុង​ជ្រក​ក្រោម​ទ្រនំ​ប៉ុស្តិ៍​ហ្វេ​ស​ប៊ុ​ក សំឡេង​មាន​ទឹក​ដម​ដ៏​ពីរោះ​ទៅ​លើ​ការ​បក​ស្រាយ​បទ​ចម្រៀង​មរតក​ដើម កញ្ញា រ័ត្ន រចនា ដែល​ប្រឡូក​នៅ​ក្នុង​វិថី​សិល្បៈ​ចម្រៀង​ជាង ២០ ឆ្នាំ​ហើយ​នោះ ក៏​មិន​នឹក​ស្មាន​ដល់​ឡើយ​ថា នាង​អាច​មាន​ឱកាស​ទទួល​ការ​គាំទ្រ​ពី​បង​ប្អូន​ប្រិយ​មិត្ត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី នឹង​សំនៀង​បក​ស្រាយ​បទ «មេម៉ាយ​សប្បាយ​ចិត្ត» នៃ​ក្រុម​វង់​តន្ត្រី​អ័រកាដង់​នៅ​តាម​ភូមិ។

កញ្ញា រ័ត្ន រចនា តារាចម្រៀងស្រី​ប្រឡូក​សិល្បៈ​ជាង​ ២០ ឆ្នាំ ទើប​ផុស​ភាព​ល្បី​ជាង​២​ខែ​ចុង​ក្រោយ​តាម​បណ្តាញ​សង្គម​​​។ ហ្វេសប៊ុក​

កញ្ញា រ័ត្ន រចនា តារាចម្រៀង​ស្រី​រះ​លើ​វិថី​សិល្បៈ​ចម្រៀង​នៃ​ក្រុម​ត្រ​ន្តី​អ័​រកា​ដង់​នៅតាម​ភូមិ អតីត​ក៏​ជា​កូន​សិស្ស​របស់​តន្ត្រីករ និង​តារា​ចម្រៀង​ជើង​ចាស់​លោក ម៉ិញ សុធីវណ្ណ។ ខណៈ​កញ្ញា រ័ត្ន រចនា បាន​បង្ហើប​ពី​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង​នឹង​ជោគជ័យ ដែល​ទើប​តែ​ទទួល​បាន ក្រោយ​ពី​ដើរ​នៅ​លើ​វិថី​សិល្បៈ​ចម្រៀង​សម័យ​នេះ​ជាង ២០ ឆ្នាំ​មក​នេះ​ថា៖ «យ៉ាង​ណា​ក៏​សប្បាយ​ចិត្ត​ឥត​មាន​អ្វី​ប្រៀប​បាន​ឡើយ ទោះបី​ជា​ភាព​ល្បី​នេះ​មាន​តែ ១ ថ្ងៃ ឬ​រយៈពេល​ខ្លី​ក៏ដោយ​គឺថា ខ្ញុំ​ពិតជា​ត្រេកអរ​ខ្លាំង​ណាស់ ចំពោះ​ការ​គាំទ្រ ដែល​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ចម្រៀង​ដូចជា​រូប​ខ្ញុំ។ ចាប់​តាំង​ពី​បង​ប្អូន​ផ្អើល​គាំទ្រ​ខ្លាំង​មក ឃើញ​ថា នាង​ខ្ញុំ ក៏មាន​ទីផ្សារ​ច្រៀង​តាម​កម្មវិធី​នានា​ច្រើន​ជាង​មុន ដែល​អាច​ឲ្យ​នាង​ខ្ញុំ​ទទួល​បាន​ប្រាក់​ចំណូល​គ្រាន់​បើ​ជាង​មុន​ផង​ដែរ»។

ទោះបីជា​ភាព​ល្បី​ផុសចេញ​ចម្រៀង​បទ «មេម៉ាយ​សប្បាយចិត្ត» សំនៀង​ដើម​របស់​លោកស្រី ប៉ែន រ៉ន ក៏ពិត​មែន តែ​តារា​ចម្រៀង​ស្រី​មាន​សាច់​ឈាម​ទ្រលុក​ទ្រលន់ សាច់​សខ្ចី សម្តី​ផ្អែម មាន​ស្រុក​កំណើត​នៅ​រាជធានី​នៅ​ភ្នំពេញ តែ​ឪពុក​ម្តាយ​ជា​អ្នក​ខេត្ត​ស្វាយរៀង កញ្ញា រ័ត្ន រចនា ក៏​អាច​បក​ស្រាយ​បទ​ចម្រៀង​មរតក​ដើម​របស់​អតីត​តារា​ចម្រៀង​ស្រីៗ​ជើង​ចាស់​ជំនាន់​ទសវត្សរ៍​ទី ៦០-៧០ ផ្សេងៗ​ទៀត​បាន​ច្រើន​បទ ផង​ដែរ។

កញ្ញា រ័ត្ន រចនា តារាចម្រៀង​ស្រី​រូបនេះ​បន្ថែមថា៖ «ចំណោម​បទ​ចម្រៀង​មរតក​ដើម​ទាំង​ឡាយ​របស់​តារា​ចម្រៀង​ជើង​ចាស់​មុនៗ​នោះ នាង​ខ្ញុំ​អាច​បក​ស្រាយ​បាន​ប្រមាណ ២០ ភាគរយ ហើយ​ក៏​កំពុង​តែ​ហ្វឹក​ហាត់​បន្ថែម​លើ​បទ​ថ្មីៗ​ដែរ។ លើស​ពី​នេះ​គឺ​នាង​ខ្ញុំ​ក៏ត្រូវ​ចេះ​ប្រើ​ស្ទីល​លេង​ធ្វើ​យ៉ាង​ណា​នាំ​ឲ្យ​ភ្ញៀវ​សប្បាយ​ចិត្ត​ដែរ»៕