ភ្នំពេញៈ គ្រាន់តែ​ចុះ​ពី​យន្តហោះ​វិល​ពី​កើប​ប្រាក់​ដុំ​នៅឯ​កូរ៉េខាងត្បូង​ភ្លាម តារា​ចម្រៀង​ស្រី​ជ្រក​ទ្រនំ​ថោន​កូន​កាត់​ចិន​កញ្ញា លី អ៊ីវ៉ាធីណា ក៏​ទៅ​ចូលរួម​កម្មវិធី​សិល្បៈ​ឯ​ជាយ​ដែន​ខ្មែរ-ថៃ​ភ្លែត​ក្នុង​កម្មវិធី​សម្ពោធ​កាស៊ីណូ ហើយ​ក៏​ថត​រូប​បង្ហោះ​ប្រាក់​ដុល្លារ​ទាំង​ដុំៗ និង​លុយ​ថៃ បង្ហាញ​ពី​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង​ដ៏​កម្រ​ធ្វើ​ឲ្យ​ផ្អើល​មហាជន​ពេញ​ហ្វេសប៊ុក។

បណ្តុំ​រូបថត​ជុំគ្នា​នឹង​ក្រុម​រាំ​មាន​ដុំ​ប្រាក់​ដុល្លារ និង​លុយ​ថៃ​ក្រដាស ១០០០ បាត​ជាច្រើន​សន្លឹក​នោះ​កញ្ញា លី អ៊ីវ៉ាធីណា សរសេរ​ថា៖ «ថ្ងៃ​នេះ​បាន​បញ្ចប់​ការងារ Grand Opening CASIO CAISEN GUOJI YUIE គឺ​អរគុណ​ម្ចាស់ Casino ដែល​បាន​ផ្តល់​កិត្តិយស​ដល់​រូប​នាង​ខ្ញុំ ហើយ​ថែម​ទាំង​បាន​ឲ្យ​លុយ​ធីប​ច្រើន​ទៀត ហើយ អរគុណ សម្រាប់​ការ​ទទួល យ៉ាង​កក់ក្តៅ ញ៉ាំ​អី​ហើយ​ក៏​ទៅ​វិញ​ទាំង​យប់ ឃើញ​ញញឹម តិច​ថា​សប្បាយ​ចិត្ត​ចុះ»។

កញ្ញា លី អ៊ីវ៉ា​ធី​ណា តារាចម្រៀង​ស្រី ដែល​ចេះ​ច្រៀង​ចម្រៀង​ទាំង​ខ្មែរ​ទាំង​ចិន ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ថោន ជារឿយៗ​តែង​តែ​បាន​ចូលរួម​ការងារ​មនុស្សធម៌​ជួយ​អ្នក​ក្រីក្រ និង​ក្មេង​កំព្រា​ស្ងាត់ៗ ប៉ុន្តែ​ក៏​ធ្លាប់​ត្អូញ​ថា គ្មាន​លុយ​ទិញ​សម្លៀក​បំពាក់​ថ្លៃៗ​ឡើង​ឆាក​ដូចជា​តារា​ចម្រៀង​ឯ​ទៀត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​អំពី​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង នឹង​ប្រាក់​រង្វាន់​ពី​ការ​អញ្ជើញ​ឲ្យ​ចូលរួម​ច្រៀង​បើក​សម្ពោធ​កាស៊ីណូ​នៅ​ឯ​ខេត្ត​ប៉ៃលិន​ថា៖ «ដោយសារ​តែ​ការ​ចូលរួម​នេះ ខាង​ម្ចាស់​កាស៊ីណូ ពួក​គាត់​មាន​ការ​រាក់ទាក់​ខ្លាំង ចំពោះ​នាង​ខ្ញុំ និង​ក្រុម​ការងារ ហើយ​ក៏បាន​ចូលរួម​មក​រាំច្រៀង​លេង​យ៉ាង​សប្បាយ​ជាមួយ​ក្រុម អ្នក​សិល្បៈ​យើង និង​ការ​ផ្តល់ ជា​រង្វាន់​លើក​ទឹកចិត្ត​ជា​លុយ​ធីប​ច្រើន​ដល់​ពួក​យើង​ទៀត​ផង​ក្រៅ​ពី​ប្រាក់​ឈ្នួល​ហៅ​ទៅ​ច្រៀង​នោះ។ ចំពោះ​ប្រាក់​លើក​ទឹកចិត្ត ឬ​ជា​លុយ​ធីប ដែល​ភ្ញៀវ និង​ខាង​ម្ចាស់​កាស៊ីណូ ឧបត្ថម្ភ​ក្រៅ​នោះ នាង​ខ្ញុំ​សរុប​ទាំង​ប្រាក់​ដុល្លារ និង​ប្រាក់​បាត​នោះ​គឺ​នាង​ខ្ញុំ​ទទួល​បាន​ចំនួន​ជាង ២ ពាន់​ដុល្លារ»។

ក្រៅពី​អាជីព​ជា​តារាចម្រៀង​នៅ​ទ្រនំ​ផលិតកម្ម​ថោ​ន​នោះ តារាចម្រៀង​វ័យ ៣០ ឆ្នាំ ដែល​បដិសេធ​ថា​មិន​ទាន់​រក​ម្ចាស់​ស្នេហ៍​បាន ក្រោយ​ពី​បែក​បាក់​ចំណង​ស្នេហា​ពី​បុរស​កូន​កាត់​ចិន​ដូចគ្នា ដែល​រំពឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នោះ ក៏មាន​អាជីវកម្ម​រក​ស៊ី​ក្រៅ​សិល្បៈ​ផង​ដែរ ដូចជា​បើក​សេវាកម្ម​តុប​តែង​ផ្កា​ស្រស់​ឈ្មោះ​ថា «B Floris» និង​បើក​ភោជនីយដ្ឋាន​ចិន​មួយ​មាន​ទីតាំង​នៅ​ខាង​ក្រោយ​ភោជនីយដ្ឋាន V-Friend។

មួយរយៈ​ចុងក្រោយ​នេះ កញ្ញា​លី អ៊ីវ៉ាធីណា ហាក់​មានការ ដូរ​ស្ទីល​ថត​បែប សុភាព ឬ​ស្លូត​មក​ថត​បទ​បែប​ស៊ីវិល័យ និង​បង្ហាញ​ភាព​សិច​ស៊ី​ទៀត​ផង តួយ៉ាង​គឺ​ថត​ចម្រៀង​បទ​ថ្មី​ជាមួយ​បុរស​សាច់ដុំ​ធំៗ​រូប​សង្ហា​ម្នាក់ ក្នុង​កាយ​វិការ​ស្និទ្ធស្នាល បាន​ឱប​ថើប​យ៉ាង​ស្រើប​ស្រាល​ក្នុង​បទ «Babe I am Sorry» ៕