ភ្នំពេញៈ តារាសម្តែងប្រុសរាងខ្ពស់ស្រឡះ លោក លឹម ជាឡាយ ទោះបីជាមានធ្លាប់មានរឿងអាស្រូវជារឿយៗជាមួយតារាសម្តែងជើងចាស់ពីទំនាក់ទំនងស្នេហាជាមួយអ្នកនាង កែវ នីសា ព្រមទាំងតារាវ័យក្មេងកញ្ញា គៀត សុវណ្ណាឡាង ប៉ុន្តែបើនិយាយរឿងទីផ្សារថតកុនវិញ មានជាហូរហែជាប់មិនដាច់ឡើយ។
ដោយឡែកនាពេលថ្មីៗនេះដែរ តារាប្រុសសង្ហា ពេលចូលរួមក្នុងការសម្ភោធកុនភាគថ្មីរបស់ផលិតកម្ម LD Picture ដែលចាក់បញ្ចាំងនៅទូរទស្សន៍ PNN នោះ លោក លឹម ជាឡាយ បានចាប់ដៃគូជាមួយតួយឯកស្រីស្អាតអតីត Freshie Girl លេខ ១ កញ្ញា ពុធ ស្រីខួច។
តារាសម្តែងប្រុសកំពុងស្រូបបានប្រជាប្រិយភាពពីអ្នកគាំទ្រយ៉ាងក្រាស់ក្រែលតាមរយៈរឿង «មន្តស្នេហ៍ក្រមុំបាយឆា» និងរឿង «អាពាហ៍ពិពាហ៍ចម្លែក» លោក លឹម ជាឡាយ បានបរិយាយពីអារម្មណ៍ផ្ទាល់ខ្លួន ដែលត្រូវសម្តែងក្នុងរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ថាជាមនុស្សដែលមានចរិតឈ្លើយម៉ាហ្វៀរមួយរូប ហើយក្នុងឈុតសម្តែងជាមួយតួឯកស្រី កញ្ញា ពុធ ស្រីខួច វិញ គឺធ្វើបាបគ្រប់ពេលរហូតដល់លោកគិតថា នឹងមានទស្សនិកជនលបជេរលោកមិនខាន។ ប៉ុន្តែបុរសសង្ហារូបនេះបានរំឮកថា៖ «ទោះបីជាអាក្រក់យ៉ាងណា ប៉ុន្តែខ្ញុំនៅតែមានភាពស្មោះត្រង់ជាមួយតួស្រី មិនក្បត់ចិត្តតួស្រីនោះទេគឺមានមនោសញ្ចេតនាជ្រៀលជ្រៅទៀតផង»។
យ៉ាងណាមិញតារាសម្តែងប្រុស លោក លឹម ជាឡាយ ក៏បានបង្ហើបពីឈុត ដែលលោកគិតថា ទស្សនិកជនជក់ចិត្តក្នុងសាច់រឿង ប្រាប់ភ្នំពេញប៉ុស្តិ៍ទាំងអស់សំណើចបែបឌឺដងទៅតួស្រីដូច្នេះថា៖ «នៅពេល ដែលបងប្អូនបានទស្សនាខ្សែភាពយន្តនេះ បងប្អូនប្រាកដជាជក់ចិត្តក្នុងឈុតមួយ នៅក្នុងផ្ទះចាស់ និងក្នុងខុនដូ ដែលជាឈុតដែលខ្ញុំចាប់ធ្វើបាបតួស្រី ហើយក៏មានឈុតថើបដូចគ្នា ជាពិសេសឈុតថើបនឹងខុសច្រើនដង ម្តងមិនសូវសម ដល់ពេលម្តងទៀតមានញើសហូរមកមិនសូវស្អាត និយាយទៅថតច្រើនដង ប៉ះដៃគូខ្ញុំគាត់ (កញ្ញា ពុធ ស្រីខួច) ពូកែអៀនផងនោះ!»។
ចំណែកឯកញ្ញា ពុធ ស្រីខូច វិញ នាពេលដៃគូសម្តែងរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ទម្លាយរឿងនៅមុខ មហាជនបែបនេះ អតីត Freshie Girl ក៏គ្មានមតិច្រើនទេ ក្រៅពីនិយាយថា៖ «គាត់ធ្វើបាបខ្ញុំរហូត» ហើយបញ្ចេញអាការអឹមអៀននោះ គឺដូចគូស្នេហ៍ក្នុងសាច់រឿងតែប៉ុណ្ណោះ»៕