សៀមរាបៈ ក្នុង​សភាព​ស្បែក​ជ្រីវជ្រួញ បង់​ក្រមា ពាក់​វ៉ែនតា លោកតា​វ័យ ៨៦ ឆ្នាំ​ត្រូវ​តស៊ូ​ទាំង​កម្លាំង​ខ្សត់ខ្សោយ ហើយ​សុខភាព​ក៏ទ្រុឌទ្រោម ដើម្បី​រ៉ាប់រង​បន្ទុក​ចិញ្ចឹម​គ្រួសារ​ដោយ​ការដើរ​លក់​ផ្កា​កុលាប និង​ផ្កាម្លិះ គ្មាន​ថ្ងៃ​ឈប់សម្រាក​នៅ​តាម​ចិញ្ចើមផ្លូវ និង​ភោជនីយដ្ឋាន​នានា​។

ខ្សែជីវិត​កម្សត់​ដល់​ចាស់​នៅ​មិន​គ្រប់គ្រាន់​លោកតា ខាត ខែច នៅ​តែ​មក​ជួប​ទុក្ខ រងគ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ម៉ូតូ​បុក​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ដែល​បណ្ដាល​ឲ្យ​សប្បុរសជន​តាម​បណ្ដាញ​សង្គម​កើតក្ដី​អាណិត និង​អំពាវនាវ​រក​ថវិកា​សង្គ្រោះ​អ្នកលក់​ផ្កា​ជរា​រូប​នេះ​ឲ្យ​ជា​សះស្បើយ​ឡើង​វិញ​។

លោក ឡុង វណ្ណឌី វ័យ​ ២៨ ឆ្នាំ​ត្រូវ​ជា​ចៅ​របស់​លោកតា​បង្កើត​បាន​ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​ជីវិត​ដ៏កម្សត់​របស់​តា​យ៉ាង​ដូច្នេះ​ថា​៖ «​លោកតា​គាត់​បាន​មក​រស់នៅ​សៀមរាប​អស់​រយៈពេល​ជាង ១០ ឆ្នាំ និង​បាន​ប្រកប​មុខរបរ​លក់​ផ្កា​នេះ​អស់​រយៈពេល​ជាង ១០ ឆ្នាំ​ ដូចគ្នា​ដោយ​គាត់​ត្រូវ​ចិញ្ចឹម​លោកយាយ​ត្រូវ​ជា​ប្រពន្ធ​គាត់ និង​ចៅ​កំព្រា​ ៥ នាក់​ ដែល​ត្រូវ​ម្តាយ​ស្លាប់ចោល ហើយ​ឪពុក​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ក្បាល សព្វថ្ងៃ​ត្រូវ​បញ្ជូន​ទៅ​ផ្ទះ​ខាង​ម្តាយបង្កើត​គាត់​វិញ​ដែល​មិន​អាច​រកស៊ី​ចិញ្ចឹម​កូនៗ​ទាំង​ ៥ ​នោះ​បាន ហើយ​បន្ទុក​ក៏​ត្រូវ​ធ្លាក់​មក​លើ​លោកតា​ម្នាក់ឯង ថែម​ទាំង​មាន​កូន​ម្នាក់​គាត់​គ​ថ្លង់​មិន​អាច​ធ្វើ​អ្វី​បាន​ទៀត​»​។

លោកតា ខាត ខែច វ័យ ៨៦ ឆ្នាំ​រស់នៅ​ភូមិ​គោកអង្គង់ ឃុំ​ពោធិ៍រំចាក ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ​។ ដោយសារ​តែ​ជីវភាព​ក្រីក្រ​ពេក​លោក​បាន​ធ្វើ​ចំណាកស្រុក​មក​រស់នៅ​ទឹកដី​ក្រុង​សៀមរាប ដើម្បី​ប្រកប​មុខរបរ​ដើរ​លក់​ផ្កា​ចិញ្ចឹម​ប្រពន្ធ​ជរា​ឈ្មោះ នូ ស្រឿង​វ័យ ៨១ ឆ្នាំ​ដែល​ពុំ​អាច​ប្រកបរបរ​អ្វី​បាន​។ លោកតា​នៅ​មាន​បន្ទុក​ចិញ្ចឹម​ចៅ​កំព្រា​ចំនួន ៥ នាក់​ព្រម​ទាំង​កូនបង្កើត​ម្នាក់ ដែល​មាន​ពិការភាព​គថ្លង់​។

ក្នុង​វ័យ​សក់ស ស្បែក​ជ្រួញ ខ្សោយកម្លាំង​កំហែង លោកតា​ត្រូវ​ដើរ​លក់​ផ្កា​កុលាប ១ ទង​តម្លៃ ៤,០០០ រៀល និង​ផ្កាម្លិះ ១ ភួង ៥,០០០ រៀល​តាំងពី​ម៉ោង ៧ ព្រឹក​រហូត​ដល់​ម៉ោង ១២ ថ្ងៃត្រង់​ទើប​សម្រាក​។

កម្រៃ​រកបាន​បន្តិចបន្តួច​ទៅ​តាម​ថ្ងៃ​ដែល​លក់​បាន​ច្រើន ថ្ងៃ​ខ្លះ​ក៏​លក់​បាន​តិចតួច ល្មម​អាច​ផ្សែផ្សំ​យក​មក​ទប់ទល់​នឹង​ចំណាយ​គ្រួសារ​បាន​ខ្លះ​តែ​ប៉ុណ្ណោះ​។ ជា​អកុសល​នា​យប់​ថ្ងៃទី ៥ ខែ​ឧសភា​លោកតា​ត្រូវ​បាន​ម៉ូតូ​បុក​របួស​ជើង ដួល​បោក បាក់ឆ្អឹង​ថ្ពាល់ និង​កកឈាម​ក្នុង​ខួរក្បាល​។

ក្នុង​នាទី​សន្ទនា​តាម​ទូរស័ព្ទ​ខណៈ​លោកតា​កំពុង​ស្ថិត​ក្នុង​បន្ទប់​វះកាត់​លោក ឡុង វណ្ណឌី ក៏​បាន​បន្ថែម​យ៉ាង​ខ្លី​ទៀត​ថា​៖ «​តាមពិត​ទៅ​លោកតា​គាត់​មាន​កូន​បី​នាក់ ប៉ុន្តែ​កូន​ទី​១ ​របស់​គាត់​ជា​ស្ត្រី​មេម៉ាយ រស់នៅ​ខេត្ត​សៀមរាប ដែល​មាន​កូន​នៅក្នុង​បន្ទុក​គ្រួសារ​ដែរ ដែល​មិន​អាច​ជួយ​លោកតា​បាន​។ កូន​ទី​២ វិញ​បាន​ស្លាប់​យូរ​មក​ហើយ និង​កូន​ទី៣ គថ្លង់ ដែល​មិន​អាច​ធ្វើអ្វី​បាន​គាត់​មើលថែ​មក​រហូត​ស្រាប់​ហើយ​។ ឥឡូវ​គាត់​ក៏​ត្រូវ​ម៉ូតូ​បុក​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូន​មក​ភ្នំពេញ ហើយ​ក៏​ចាប់​អ្នក​បុក​មិន​បាន​ទៀត​»​។

លោកតា​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហៅ​ពេទ្យរុស្ស៊ី​ក្នុង​បន្ទប់​វះកាត់​កាលពី​ថ្ងៃទី ៨ ខែ ឧសភា ​ម្សិលមិញ​។ សប្បុរសជន​អាច​ទាក់ទង​ទៅ​ចៅ​លោកតា​តាមរយៈ​លេខ ០៩៦ ៨៥ ១៥ ១៩៩៕