ភ្នំពេញ៖ សិល្បករ​ខ្មែរ និង​រុស្ស៊ី នឹង​ចាប់​ដៃ​គ្នា​​នាំ​យក​ទស្សនីយភាព​សម្ដែង​ល្ខោន​​រឿង «ក្រោយ​ពេល​ភ្លៀង​ មេឃ​ស្រឡះ» ជា​លើក​ដំបូង ​នៅ​លើ​ឆាក​​​មជ្ឈមណ្ឌល​វប្បធម៌ និង​​វិទ្យាសាស្ត្រ​រុស្ស៊ី (RCSC) តាម​មហាវិថី​ព្រះនរោត្តម ​នា​​​ថ្ងៃ​​សុក្រ​​​សប្ដាហ៍​នេះ ចំ​ថ្ងៃ «ទិវា​គ្រួសារ និង​ភក្ដីភាព» នៅ​រុស្ស៊ី​។

ឆ្លុះ​បញ្ចាំង​ប្រធានបទ​ស្នេហា និង​ការ​ប្រចណ្ឌ​ ដែល​ជា​​វប្បធម៌​សកល ការ​សម្ដែង​សិល្បៈ​នេះ​ត្រូវ​​បាន​ផ្ដួច​ផ្ដើម​ឡើង​​ដោយ​សហគមន៍​ Phnom Paint និង​មជ្ឈមណ្ឌល RCSC។

យោង​តាម​លោក Vitaly Smyshlyaev ជា​អ្នក​រៀបចំ​កម្មវិធី​នៅ​សហគមន៍​សិល្បៈ​នេះ លោក​បាន​លើក​ពី​ទស្សនៈ​ពលរដ្ឋ​ខ្មែរ និង​រុស្ស៊ី ដែល​​​មាន​​លក្ខណៈ​ស្រដៀង​គ្នា​ក្នុង​វប្បធម៌​​ ប្រពៃណី​ ជំនឿ​ធ្មប់ និង​វេទមន្ត​ផ្លូវ​ងងឹង​ជាដើម។

ជា​អ្នក​រស់នៅ​ប្រទេស​កម្ពុជា ​យូរ​ក្រែល​ដែរ លោក Vitaly ក៏​សម្គាល់​ឃើញ​ដែរ​ថា ការ​ប្រាស្រ័យ​ទាក់ទង​នៅ​ក្នុង​គ្រួសារ​ខ្មែរ និង​រុស្ស៊ី មាន​ភាព​ប្រហាក់​ប្រហែល​គ្នា ដែល​ធ្វើ​ឲ្យ​សមាជិក​​គ្រួសារ​ងាយ​យល់​ច្រឡំ តែ​ក៏​ងាយ​នឹង​ចរចា​ផ្សះផ្សា រួច​អត់​ឱន​ឲ្យ​គ្នា​ដែរ។

លោក Vitaly ដែល​ជា​អ្នក​និពន្ធ​​រឿង​​ល្ខោន​នេះ​​​ផ្ទាល់ បាន​​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ឲ្យ​​ដឹង​ថា៖ «ស្នេហា និង​ការ​ប្រចណ្ឌ ជា​​ផ្នែក​មួយនៃ​ជីវិត​​របស់​ខ្មែរ និង​រុស្ស៊ី។ ស្ត្រី​ខ្មែរ ក៏​ដូច​ជា​ស្ត្រី​រុស្ស៊ី សុទ្ធ​​តែ​ងាយ​ប្រតិកម្ម​​នឹង​ការ​សង្ស័យ​​ប្ដី​មាន​ស្ត្រី​​»។

លោក​បាន​លើក​ហេតុផល​នៃ​​ការ​ផ្ដួចផ្ដើម​ការ​សម្ដែង​នេះ​ថា៖ «សហគមន៍​សិល្បៈ​យើង​​មាន​អ្នក​មាន​ទេពកោសល្យ​សម្ដែង​ច្រើន ដូច្នេះ​យើង​ក៏​គិត​ថា​​នឹង​ប្រើប្រាស់​សមត្ថភាព​នេះ​ ​ដើម្បី​​​ឲ្យ​​វប្បធម៌​ប្រទេស​​ទាំង ​២ កាន់​តែ​ជិត​ស្និទ្ធ»។

សកម្មភាពហាត់សមសម្ដែង​​របស់​ក្រុមអ្នកសិល្បៈស្ម័គ្រចិត្ត​នៅ​សហគមន៍ Phnom Paint នៅមជ្ឈមណ្ឌល RCSC​​។ហ៊ាន រង្សី

ល្ខោន​​ត្រូវ​បាន​ដាក់​ចំណង​ជើង​ជា​ភាសា​រុស្ស៊ី និង​​សម្រួល​ជា​ភាសា​ខ្មែរ​​ដោយ​យក​ចំណង​ជើង​​តាម​​ឃ្លា​ ដែល​ប្រជាជន​​ចំណាំ​​និយាយ​ថា «ក្រោយ​ពេល​ភ្លៀង មេឃ​ស្រឡះ»។

លោក​ Vitaly​ បញ្ជាក់​ថា៖ «យើង​បាន​ជ្រើសរើស​ឃ្លា​ខ្មែរ​មួយ​នេះ​​ដាក់​ចំណង​ជើង​ឲ្យ​​ល្ខោន ដោយសារ​វា​បង្កប់​អត្ថន័យ​​ខ្លឹមសារ​ដូច​ទៅ​នឹង​សាច់​រឿង​នៃ​វប្បធម៌​យើង​ដែរ»។

រឿង​ល្ខោន​នេះ​ និយាយ​ពី​ភរិយា​​ម្នាក់​ ដែល​ជឿ​ថា​ស្វាមី​របស់​ខ្លួន​មាន​ស្រី​កំណាន់​លួច​លាក់។ នាង​ត្រូវ​បាន​មិត្តភក្ដិ​បបួល​ទៅ​​រក​គ្រូ​មន្ត​អាគម​ ដើម្បី​​​​ប្រើ​វិធី​ផ្លូវ​ងងឹត​​។ ទៅ​ដល់​ទីនោះ ​នាង​​ជួប​នូវ​ហេតុការណ៍​គួរ​ឲ្យ​អស់​សំណើច​ជាច្រើន។ ​ទីបំផុត​​ការ​សង្ស័យ​របស់​នាង​​​ប្រែ​ជា​រឿង​យល់​ច្រឡំ ហើយ​​គ្រប់​គ្នា​វិល​មក​រក​ភាព​រីករាយ​វិញ​​។

ការ​សម្ដែង​រឿង​ល្ខោន ត្រូវ​បាន​បញ្ចប់​ដោយ​​​​ចម្រៀង «រដូវ​ក្ដៅ​នៅ​ភ្នំពេញ» ក្នុង​រយៈពេល​សរុប​ប្រមាណ ៣៥ នាទី។

សម្រាប់​ការ​សម្ដែង​​ទម្រង់​ខ្លី​មួយ​​​នេះ សិល្បករ​ខ្មែរ ៥ នាក់ រុស្ស៊ី ៦ នាក់ និង​កាហ្សាក់ស្ថាន​ ១ នាក់ កំពុង​តែ​ហាត់​សម​យ៉ាង​​សកម្ម។

សហគមន៍​សិល្បៈ Phnom Paint និង​ប្រធាន​មជ្ឈមណ្ឌល RCSC អ្នកនាង Irina Tsatsulina ដែល​ជា​អ្នក​ផ្ដល់​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​មាន​សុទិដ្ឋិនិយម​ថា ការ​​សម្ដែង​នេះ​រឹត​បន្តឹង​ចំណង​វប្បធម៌ និង​មិត្តភាព​ពលរដ្ឋ​ទាំង ​២ ប្រទេស​ឲ្យ​កាន់​តែ​រឹងមាំ។

ក្នុង​ចំណោមអ្នកសម្ដែង ១២ នាក់ មានខ្មែរ ៥ នាក់ រុស្ស៊ី ៦ នាក់ និងកាហ្សាក់ស្ថានម្នាក់​​​។ហ៊ាន រង្សី

ទោះ​ជា​យ៉ាង​ណា​ បញ្ហា​ប្រឈម​ដែល​​ចៀស​ពុំ​រួច​នោះ គឺ​​ឧបសគ្គ​នៃ​ការ​សន្ទនា ភាសា ចង្វាក់​រាំ តន្ត្រី និង​លំដាប់​​បញ្ចាំង​វីដេអូ​ផង​ដែរ។

លោក Vitaly​ បាន​ពន្យល់​ថា៖ «ការ​​​បក​ប្រែ​ដំណាល​គ្នា ហើយ​រក្សា​នូវ​សិល្បៈ​ក្នុង​ការ​ពោល​ដូច​ទៅ​នឹង​សំនៀង​ដើម​នោះ វា​ត្រូវ​ការ​ធនធាន ​បច្ចេកទេស និង​ឧបករណ៍​​លំដាប់​ខ្ពស់​ស្ដង់ដា​អាជីព»។

ដូច្នេះ​ហើយ​អ្នក​រៀបចំ​កម្មវិធី​ជ្រើសរើស​យក​វិធី​ចែកចាយ​ការ​​សង្ខេប​ជា​ភាសា​ខ្មែរ​ជូន​ដល់​ទស្សនិកជន​មុន​ពេល​ល្ខោន​​ចាប់​ផ្ដើម។

ដំបូង​លោក​រំពឹង​ថា​ នឹង​មាន​ទស្សនិកជន​​ប្រមាណ ១៥០ នាក់ ប៉ុន្តែ​​​ដោយ​គោរព​តាម​គោលការណ៍​រក្សា​គម្លាត​សុវត្ថិភាព អ្នក​រៀបចំ​កម្មវិធី​រូប​នេះ​បាន​​កំណត់​ចំនួន​មនុស្ស​មក​ត្រឹម​តែ ៥០ នាក់​ប៉ុណ្ណោះ។

លោក​បាន​បង្ហើប​ថា​៖ «ក្នុង​​​នោះ នឹង​មាន​អ្នក​ទស្សនា​ជា​ជនជាតិ​ខ្មែរ រុស្ស៊ី បារាំង និង​កាហ្សាក់ស្ថាន ជាដើម»។

បទពិសោធ​​សម្ដែង​​​ល្ខោន​ខ្លី​លើក​​នេះ ជា​ទុន​សម្រាប់​ការ​សម្ដែង​ទ្រង់ទ្រាយ​ធំ​នៅ​លើក​ក្រោយ ​គឺ​រឿង​មនោសញ្ចេតនា​ សោកនាដកម្ម ​រ៉ូមេអូ និង​ជូលៀត នៅ​ភ្នំពេញ (Romeo and Juliet in Phnom Penh)​។

អ្នក​រៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា៖ «រឿង​នេះ​នៅ​តែ​​មាន​ឥទ្ធិពល​​​លើ​ជីវិត​​​មនុស្ស​​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ សូម្បី​តែ​នៅ​ក្នុង​សង្គម​កម្ពុជា។ ​ដូច្នេះ​ទើប Shakespeare និយាយ​​ថា ពិភព​លោក​ជា​រោង​ល្ខោន រី​ឯ​មនុស្ស ​គឺ​​​ជា​អ្នក​សម្ដែង»៕