ភ្នំពេញៈ ទី​បំផុត​សម្ព័ន្ធភាព​​ជា​ប្តី​ និង​ប្រពន្ធ ដោយ​​​​បន្សល់​នូវ​ចំណង​ស្នេហ៍​​​កូន​ប្រុស​មួយ បាន​​​មក​ដល់​ផ្លូវ​បំបែក ខណៈ​តារា​ចម្រៀង និង​សម្តែង​ស្រី​អ្នកនាង ឆ័យលី ដាឡែន ទម្លាយ​​ឲ្យ​ដឹង​​​ពេល​ថ្មីៗ​នេះ​ ក្រោម​ហេតុផល​រស់នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា​ ជាមួយ​ស្វាមី​ដែល​មាន​​វ័យ​ក្មេង​ជាង​​ខ្លួន​។​

ដោយសារ​អវត្តមាន​ស្វាមី​ក្នុង​កម្មវិធី Lovely Night ហែហម​ខុស​ពី​ទម្លាប់​នោះ ក៏​ត្រូវ​បាន​ក្រុម​​អ្នក​សារព័ត៌មាន​សួរនាំ ហើយ​ត្រូវ​តារា​ចម្រៀង​ស្រី​​ទម្លាយ​ថា ស្នេហា​រវាង​នាង និង​ស្វាមី​ នា​ពេល​នេះ​បាន​ម្រេច​ចិត្ត​ចែក​ផ្លូវ​ដើរ​ផ្សេង​គ្នា​នេះ គឺ​​ចេញ​ពី​ការ​ព្រមព្រៀង​រវាង​ភាគី​​ទាំង​២។

ឆ័យលី ​ដាឡែន​ បង្ហើប​ឲ្យ​ដឹង​ថា៖ ​«រវាង​ពួក​ខ្ញុំ​ គឺ​​អត់មាន​អ្នក​ណា ​បែកចិត្ត​មាន​ថ្មី មាន​អ្នក​ចាស់​អី​នោះ​ទេ ហើយ​ក៏​អត់​ឈ្លោះ​ទាស់​ទែង​គ្នា​អីដែរ​។ តែ​អាច​និយាយ​បាន​ថា ​ដោយសារ​​អស់​និស្ស័យ​​​ជា​ប្ដីប្រពន្ធ ​ទើប​​​​​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​»។

បើ​តាម​ប្រភព​មហាជន​ឲ្យ​ដឹង​ថា​ តារា​ស្រី​ ឆ័យ​​លី ដា​ឡែន ​និង​ស្វាមី​បាន​​​បញ្ចប់​ផ្លូវ​ស្នេហា​ជា​ប្តី​ប្រពន្ធ​ដោយសារ​ការ​រស់នៅ​មិន​ចុះ​​សម្រុង​គ្នា ចំណែក​ឯ​កូន​ប្រុស​​​គឺ​មាន​សិទ្ធិ​​មើល​ថែ​រួម​គ្នា តែ​ត្រូវ​​សា្វមី​នាង​​លោក រិទ្ធី ឧត្តមស៊ីដារ៉ា ជា​អ្នក​ទទួល​បន្ទុក​​មើល​ផ្ទាល់​។​ ​

អ្នក​នាង ឆ័យលី ដាឡែន បន្ត​ថា៖ «ពិត​ជា​អត់​លាក់​ទេ ការ​ពិត​ពួក​ខ្ញុំ​មិន​ចុះ​សម្រុង​គ្នា​យូរ​ហើយ ប៉ុន្តែ​ដោយសារ​​តែ​កូន​ ទើប​​ចេះ​​​តែ​ថា អត់​អីៗ​។ តែ​ពេល​នេះ​​ ពួក​យើង​បាន​​ជជែក​គ្នា​រួច​ហើយ​ ថា​យើង​​​​​ចែក​ផ្លូវ ​ហើយ​​យើង​​ក៏​អត់​និយាយ​អាក្រក់​ពី​គ្នា​ទេ​»។

ទោះបី​ តារា​ចម្រៀង​អ្នកនាង ឆ័យលី ដាឡែន បាន​សារភាព​ថា រវាង​អ្នក​នាង​ និង​​លោក រិទ្ធី ឧត្តមស៊ីដារ៉ា​ ជា​ស្វាមី ​ព្រម​លែងលះ​គ្នា​ស្រប​​​ច្បាប់​មែន​ តែ​​​នាង​បដិសេធ​​ទាំង​ស្រុង​ថា​ខ្លួន​មិន​បាន​បកស្រាយ​ឲ្យ​ដឹង​ពី​មូលហេតុ​លម្អិត​​​ដែល​នាំ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា​នោះ​ឡើយ​ដែរ​។​

អ្នកនាង ឆ័យលី ដាឡែន គ្រាន់តែ​បាន​បង្ហើប​ពី​ដើម​ចម​នៃ​ការ​បាក់​​បែក​នេះ​ថា​​ គឺ​មក​ពី​មិន​ចុះ​សម្រុង​​គ្នា និង​សារ​មួយ​ឃ្លា​តាម​ហ្វេសប៊ុក​​ថា៖ «​ខ្ជិល​​និយាយ​ច្រើន​ ទោះបី​និយាយ​ទៀត​ ក៏​គ្មាន​​ប្រយោជន៍! ​មនុស្ស​ធំៗ​អស់​ហើយ​ គួរ​តែ​យល់​ថា​អ្វី​ល្អ​ អ្វី​អាក្រក់​ អ្វី​ដែល​គួរ​ធ្វើ​ អ្វី​ដែល​មិន​គួរ​ធ្វើ​។ អ្នក​ណាៗ ក៏​មាន​រឿង​ដូច​គ្នា​ អ្វី​ដែល​សំខាន់​ ខ្លួន​យើង​ត្រូវ​តែ​រឹងមាំ​ ហើយ​ដើរ​ទៅ​មុខ​​ទៀត​ មិន​ថា​ពិបាក​​ប៉ុន​ណា? ​ត្រូវ​​តែ​ស៊ូទ្រាំ ដើម្បី​ឲ្យ​​ជីវិត​ខ្លួន​ឯង​មាន​តម្លៃ​។ ទោះ​បី​ជា​អត់​មនុស្ស​ម្នាក់​ហ្នឹង ក៏​មាន​មនុស្ស​ជុំវិញ​ខ្លួន​ជា​ច្រើន នៅ​​ចាំ​ផ្តល់​កម្លាំង​ចិត្ត​»។​

គួរ​រំឭក​ថា ឆ័យលី ដាឡែន និង​ស្វាមី​បាន​រៀបការ​​នៅ​ស្រុក​​កំណើត​​​ នៅ​ឯ​ខេត្ត​បាត់ដំបង​ កាល​ពី​ថ្ងៃទី ​១៦ ខែ​​​ ​មករា ឆ្នាំ​ ​២០១៥ រៀបចំ​ទទួល​​ភ្ញៀវ​ ៤០ តុ​៕​