ភ្នំពេញៈ ក្រោយពី​ស្ងប់​នូវ​រលក​ព័ត៌មាន​ថា តារា​ស្រី​សម្តែង MV និង​ពិធី​ការិនី​ទូរទស្សន៍ រាង​ខ្ពស់ តែ​មិន​សូវ​ជា​មាន​ពាក្យ​ពេចន៍​និយាយ​ក្រៅ​ពី​ពូកែ​តែ​ស្រែក​សួរ​បន្ទរ​សួរ​មហាជន កញ្ញា ថន លក្ខិណា លេច​ឮ​រហៀងៗ​ថា នាង​សម្បូរ​ក្រុម​កន្លង់​តាម​ចោម​រោម​សុំ​ស្នេហ៍​ជាច្រើន ខណៈ​ដែល​រូប​សម្ផស្ស​កាន់​តែ​ស្រស់​ស្អាត និង​ជីវិត​កាន់​សម្បូរ​សប្បាយ​នឹង​ទ្រព្យធន។

តារា​សម្តែងស្រី និង​ពិធី​ការិនី​រាង​ខ្ពស់ស្រឡះ ដែល​ក្តាប់​ណែន​ដៃ​ក្នុង​សិល្បៈ​កញ្ញា ថន លក្ខិណា គ្រាន់​តែ​បាន​ចូល​ឆ្នាំ​ថ្មីៗ​ភ្លាម ក៏មាន​លេច​ឮ​នូវ​ដំណឹង​រហៀងៗ​ថា មាន​អ្នក​ទ្រព្យ​ស្ដុក និង​អ្នក​ឋានៈ​ធំ តាម​ស្អិត​ដ្បិត​ចង់​សុំ​ក្តី​ស្នេហ៍ តែ​នាង​មិន​ព្រម​ព្រោះ​តែ​នាង​មាន​អ្នក​ស្រឡាញ់​រួច​ទៅ​ហើយ។

តាម​ប្រភព​អ្នក​សិ្ន​ទ្ធ​នឹង​តារា​ស្រី​រូបនេះ មិន​បញ្ចេញ​ឈ្មោះ​បង្ហើប​ឲ្យ​ដឹងថា ៖ «តាម​ពិត​ទៅ កញ្ញា ថន លក្ខិណា មាន​ម្ចាស់​ចិត្ត​រួច​ហើយ នៅ​ឡើយ​នាង​ពុំទាន់​ហ៊ាន​បង្ហាញ​មុខ​ពិត​ឲ្យ​មហាជន​ស្គាល់​នៅ​ឡើយ» និង​លាន់​មាត់​ថា៖ «អ៊ីចឹង​បាន​ជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​កញ្ញា ថន លក្ខិណា មាន​សម្រស់​កាន់​តែ​ខុស​ប្លែក​ជាង​មុន​ឆ្ងាយ ហើយ​កាន់​តែ​មាន​ភាព​ហ៊ឺហា ដូរ​រថយន្ត​ថ្មី​ម៉ាក​ឡិចស៊ីស ៣៥០ និង​បាន​ទិញ​ផ្ទះ​វីឡា​ថ្មី​សន្លាង​នៅ​ក្នុង​បុរី​ប៉េងហួត ស្ថិត​នៅ​ក្បែរ​សាលា​កសិកម្ម​ព្រែក​លៀប​ទៀត!»។

ទោះយ៉ាងណា​ដំណឹង​លេចឮ​ខាងលើនេះ មិនត្រូវ​បាន​ពិធី​ការិនី​ទូរទស្សន៍​ហង្សមាស ទើប​តែ​បាន​ដូរ​រថយន្ត​ពី​ម៉ាក​ហាយ​ឡេនឌ័រ មក​ឡិចស៊ីស ៣៥០ និង​លេច​មុខ​ច្រើន​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ទេសចរណ៍ តាម​ខេត្ត​នានា ស្ទើរ​តែ​រាល់​ចុង​សប្តាហ៍​នោះ​បក​ស្រាយ​អ្វី​ឡើយ ខណៈ​នាង​បាន​លើក​ទូរស័ព្ទ​ហើយ​គ្រាន់​តែ​ឮថា ខាង​សារ​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ភ្លាម​ក៏​បិទ​ទូរស័ព្ទ​វិញ​ភ្លែត ដោយ​នាង​សំអាង​លេស​និយាយ​យ៉ាង​ខ្លី​ថា៖ «ចាស​សុំទោស​ផង​បង! ខ្ញុំ​ជាប់​រវល់​ណាស់»។

ជារឿយៗតារា​សម្តែង​ស្រីសឹងតែ​ជា​ម៉ូយ​ផ្តាច់មុខ​នឹង​ផលិតកម្ម​ហង្សមាស​ក្នុង​ការ​ថត​សម្តែង MV បទ​ចម្រៀង និង​ពិធី​ការិនី​ដៃគូ​កម្មវិធី​តន្ត្រី​ទេសចរណ៍​តាម​ខេត្ត​ជាមួយ​នឹង​ពិធីករ​លោក ញ៉ែម សុគន្ធ តែង​តែ​លេច​ចេញ​នូវ​ដំណឹង​បែប​ចចាម​អារ៉ាម​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​នឹង​តារា​សម្តែង​ប្រុស​លោក ថៃ ប៊ុន​នាង និង​ក្រោយ​មក​នឹង​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា លោក កែវ សុខផេង។

ពេលកន្លងមក​គ្រាន់តែ​បង្ហោះ​រូប​ស្និទ្ធស្នាល​ឈរ​ថត​សែ​ល​ហ្វ៊ី​ជា​គូរ​វាង​តារា​ស្រី​កញ្ញា ថន លក្ខិណា និង​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា លោក កែវ សុខផេង ភ្លាម​នោះ ក៏មាន​អ្នក​ចូល​ទៅ​ចុច Likes និង​ចូល Comments ព្រោង​ព្រាត​តែ​ម្តង​ពី​ភាព​ស័ក្តិ​សម​ជា​គូស្នេហ៍​នៃ​អ្នក​ទាំង ២។

តែ​ខុស​ផ្ទុយស្រឡះ​ពីអ្វី ដែលជា​ដំណឹង​លេចឮ​ឡើង​ថា តារា​ទាំង ២ នេះ​មាន​ចំណង​ស្នេហ៍​នឹង​គ្នា​នោះ ខណៈ​ពិធី​ការិនី​ទូរទស្សន៍​កំពុង​ឡើង​កូដ ថន លក្ខិណា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ពេល​នាង​កំពុង​តែ​នៅ​ខេត្ត​បាត់ដំបង​ថា៖ «ធម្មតា​ទេ​បង មាត់​មនុស្ស​ចេះ​តែ​លេច​ចេញ​នូវ​ពាក្យ​សម្តី​ថា​អ៊ីចេះ​ថា​អ៊ីចុះ​ហើយ កាល​ណា​ឃើញ​បុរស និង​នារី​ឈរ​ថត​ក្បែរ​គ្នា​សភាព​រាប់​អាន​ស្និទ្ធស្នាល​នោះ គឺ​ពិត​ជា​មាន​ការ​លើក​ឡើង​ទៅ​លើ​ផ្លូវ​ស្នេហា​ស្អី​គេ​ហ្នឹង​ហើយ!»៕