ភ្នំពេញៈ ទើបផុតពីមហាជនស្ងើចសរសើរផង និងភ្ញាក់ផ្អើលផងនឹងគ្រឿងអលង្ការរបស់តារាស្រីល្បីនៅទ្រនំហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា ដែលហ៊ានពាក់ឡើងឆាកដោយមានតម្លៃជាង ២ ម៉ឺនដុល្លារ កាលពីរាត្រីដ៏រីករាយពេលប្រគំតន្ត្រីឆ្លងឆ្នាំចាស់កន្លងផុតទៅនោះ ក៏បង្ហើរដំណឹងឮល្ហៀងៗថា នាងនឹងក្រាបផ្ទឹមចូលរោងជ័យជាមួយអនាគតស្វាមី ដែលជាប្អូនប្រុសបង្កើតរបស់ថៅកែហង្សមាសនាដំណាច់ឆ្នាំ ២០១៨ នេះហើយ។
បើតាមប្រភពអ្នកស្និទ្ធស្នាលនឹងតារាចម្រៀងស្រីកំពូលនៅទ្រនំហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា លួចបង្ហើបថា នាងបានប្រកាសថា នឹងចូលរោងការមិនឲ្យខ្លួនមានវ័យផុត ៣០ ឆ្នាំ ឡើយ ដែលត្រូវនៅក្នុងឆ្នាំ ២០១៨ នេះតែម្តង ខណៈកូនកំលោះរបស់នាងនោះគឺត្រូវគេជឿច្បាស់់ថាជាលោក អ៊ឹង សុខលី ដែលត្រូវជាប្រុសបង្កើតលោក អ៊ឹង ឆៃងួន ជាថៅកែផលិតកម្មហង្សមាស។
ដំណឹងដែលពោរពេញដោយការចង់ដឹងច្បាស់នេះ ក៏កំពុងត្រូវបានក្រុមអ្នកគាំទ្រតារាចម្រៀងល្បីល្បាញរូបនេះ និងមហាជនទូទៅមានការអន្ទះសាចង់ដឹងដែរថា តើនាងនឹងចូលរោងការនៅថ្ងៃណាឲ្យពិតប្រាកដទៅ ព្រោះគ្រប់គ្នាចង់ឃើញតារាស្រីហង្សមាសរូបនេះ គ្រងឈុតជាកូនក្រមុំមែនទែននោះថាតើនឹងស្រស់ស្អាតយ៉ាងណាដែរ?
បើតាមប្រភពអ្នកស្និទ្ធគ្រួសាររបស់ ឱក សុគន្ធកញ្ញា បានបង្ហើបឲ្យដឹងថា ដើមឆ្នាំនេះនាងមិនអាចរៀបចំខ្លួនទាន់ឡើយនៅក្នុងការក្រាបផ្ទឹមចូលរោងជ័យនោះ ព្រោះថា នាងរវល់ការងារសិល្បៈស្ទើរដកខ្លួនមិនរួច និងស្ទើរតែពេញរាល់ថ្ងៃតែម្តងក្នុងមួយខែៗ ហេតុនេះមង្គលការរបស់នាងទំនងត្រូវរៀបចំនៅចុងឆ្នាំ ២០១៨ វិញ។
យ៉ាងណាមិនមានការបកស្រាយពីសំណាក់តារាចម្រៀងស្រីល្បីរះបានយូរ ដែលរក្សាកិត្តិស័ព្ទលើវិថីសិល្បៈចម្រៀង និងទទួលបានឱកាសល្អៗជាច្រើនបន្ថែមរកប្រាក់ចំណូល និងបានក្លាយជាគ្រូបង្វឹកនៃកម្មវិធី The Voice Cambodia ៣ រដូវកាល កម្មវិធី The Voice Kids Cambodia រដូវកាលទី ១ និងកម្មវិធី The Cambodian Idol ៣ រដូវកាល ឱក សុគន្ធកញ្ញា បានឡើយដោយប្រពន្ធទូរស័ព្ទនាងតេចូល តែគ្មានអ្នកលើក ប៉ុន្តែក្រោយមកបានផ្ញើសារតបថា៖ «ខ្ញុំកំពុងតែជាប់រវល់ប្រជុំ» នាពេលភ្នំពេញប៉ុស្តិ៍ បានទាក់ទងទៅកាន់នាងដើម្បីស្នើរសុំការបកស្រាយពីបញ្ហានោះ។
កាលពីថ្ងៃឆ្លងឆ្នាំ ជាមួយនឹងឈុតមានអាវរោមសត្វពណ៌ស បួងសក់ឡើងលើផុត ហើយមានពាក់ខ្សែក ក្រវិលមួយគូ និងចិញ្ចៀន ដែលតារាចម្រៀងស្រីល្បីឈ្មោះយូរនៅលើទ្រនំហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានពាក់នោះ ត្រូវផុសចេញតាមបណ្តាញសង្គមអ៊ីនស្តាក្រាម ខណៈដែលថៅកែស្រីហាងលក់គ្រឿងអលង្ការដ៏ល្បីមួយបានបង្ហោះរូបតារាស្រី អមដោយរូបគ្រឿងអលង្ការ ១ ឈុត ដែលនាងពាក់មានតម្លៃកប់តែម្តងគឺចំនួនសរុប ២១ ៧០០ ដុល្លារឯណោះ៕