ភ្នំពេញៈ ក្រោយពី​បានប្រកាស​ជា​សាធារណៈ​នូវ​មុខមាត់​ពិត​គូស្នេហ៍​ថ្មី​បុរស​កូន​កាត់ ៣ សាសន៍​ឈ្មោះ អេលែន តាន់ និង​បាន​ស្គាល់​ចិត្ត​ថ្លើម​គ្នា​ប្រមាណ​ជិត ១ ឆ្នាំ​មក​នោះ ក៏មាន​លេច​ឮថា តារា​ចម្រៀង​អូរីជីណល​ស្រី​មាន​រាសី​ឡើង​ក្រឺតៗ​អ្នក​នាង អេដា គ្រោង​ដឹក​ដៃ​ម្ចាស់​បេះដូង​ទី ២ ចូល​រោង​ជ័យ​នៅ​ឆ្នាំ ២០២១ ខាង​មុខ​នេះ ហើយ។

កាលពី​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៧ តារាចម្រៀង​រូប​ស្រស់​នាង អេ​ដា បានរៀបចំ​ធ្វើ​ពិធី​ខួប​កំណើត​ឈាន​ចូល​វ័យ ២៧ ឆ្នាំ រួម​ជាមួយ​ពិធី​សម្ពោធ​អាល់ប៊ុម​បទ​ចម្រៀង​ជា​ស្នាដៃ​តែង​និពន្ធ​ខ្លួន​ឯង​ជាមួយ​នឹង​វត្តមាន​ចូលរួម​លើក​ទឹក​ចិត្ត​ពី​តារា​សិល្បៈ​ល្បី​យ៉ាង​ច្រើន​កុះករ នៅ​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់​ម្ដុំ​ប្រៃសណីយ៍ រាជធានី​ភ្នំពេញ និង​បាន​ឆ្លៀត​ប្រកាស​មុខ​មាត់​ពិត​គូ​ស្នេហ៍​ថ្មី​ផង​ដែរ។

បុរស​ឈ្មោះ អេ​លែ​ន តាន់ ត្រូវបាន​អ្នកនាង អេ​ដា ធ្វើការ​ណែនាំ​ប្រាប់​ភ្ញៀវ​ក្នុង​រាត្រី​ថ្ងៃ​ខួប​កំណើត​នាង​ចូល​វ័យ ២៧ ឆ្នាំ ជា​សង្សារ​ថ្មី​នាង​កំពុង​យល់​ចិត្ត​យល់​ថ្លើម​គ្នា​នោះ នាង​បង្ហើប​ថា៖ «គាត់​គឺជា​ស្ថាបនិក​របស់​អង្គការ​ស្ទែម STEM កម្ពុជា ដែល​ជា​អង្គការ​ក្នុង​ស្រុក​បង្កើត​ឡើង​ដើម្បី​គ្រប់គ្រង​មហោ​ស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​នៅ​កម្ពុជា។ ពួក​យើង​ទាំង ២ នាក់ មាន​ទំនាក់​ទំនង​លើស​ពី​មិត្ត​តាំង​ពី ៦ ខែ​មុន​មក​ម្ល៉េះ»។

ទោះបីជា​ប្រកា​សមុខ​គូ-ស្នេហ៍​ថ្មី​ជា​បុរស​រូប​សង្ហា​កូនកាត់ ៣ សាសន៍​អាស៊ី-អាមេរិក​នោះ ក៏​គេ​ពុំទាន់​ឃើញ​បង្ហាញ​ពី​ឆន្ទៈ​យ៉ាង​ច្បាស់​ថា ជីវិត​អាពាហ៍​ពិពាហ៍ របស់​អ្នក​នាង​នឹង​លោក អេលែន តាន់ នឹង​ត្រូវ​ចូល​ក្រាប​ផ្ទឹម​រោង​ជ័យ​ពេញ​ច្បាប់​នៅ​ពេល​ណា​ដែរ​នោះ​ទេ បើ​ទោះបី​មាន​លេចឮ​ការ​ផ្សាយ​ព័ត៌មាន​ថា នាង​គ្រោង​រៀបការ​នៅ​ឆ្នាំ ២០២១។

តារាចម្រៀង​ស្រី​រាសី​ឡើងក្រឺតៗដែល​ទទួលបាន​ភាពជោគជ័យ​ទាំង​ការងារ​សិល្បៈ និង​រឿង​ស្នេហា អេដា ក៏​មិន​បាន​បក​ស្រាយ​ឲ្យ​ដឹង​ពី​ព័ត៌មាន​រហិច​រហៀង​រឿង​ចូល​រោង​ជ័យ​នោះ​ដែរ ខណៈ​រាល់​ការ​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ជំនួយការ​ផ្ទាល់​នាង ជា​ប្អូន​ស្រី​បង្កើត។

ប្អូនស្រី​បង្កើត កញ្ញា អេ​ម៉ា ដែល​ជំនួយការ​ផ្ទាល់ អេ​ដា បាន​ឆ្លើយតប​នឹង​ភ្នំពេញ​ប៉ុស្តិ៍​ទាំង​ដែល​ខ្លួន​ជា​សាច់​ឈាម​បង្កើត​នោះ​ក៏​មិន​បាន​ដឹង​ច្បាស់​ដែរ​ថា៖ «សុំទោស​ផង​បង ចំពោះ​រឿង​ហ្នឹង [ថ្ងៃ​ចូល​រោង​ជ័យ] ក៏​នាង​ខ្ញុំ​មិន​បាន​ដឹង​ច្បាស់​ដែរ​ទេ​ព្រោះ​ថា​ជា​គម្រោង​ការ​ផ្ទាល់​ខ្លួន​រវាង​មនុស្ស ២ នាក់​គឺ​បង​ស្រី និង​គូស្នេហ៍​គាត់»។

កញ្ញា អេ​ម៉ា បន្តទៀតថា៖ «ចំណែក​រឿង​លេចឮថា ពួកគាត់​ចូល​រោងការ​នេះ ក៏​នាង​ខ្ញុំ បានដឹង​ជា​ច្រើន​ប្រភព​សួរ​នាំ​ពី​ខាង​បងៗ​សារ​ព័ត៌មាន​ដែរ ដោយ​មាន​ខាង​បង​ខ្លះ​ថា គាត់​គ្រោង​ចូល​រោងការ​នៅ​ឆ្នាំ​ក្រោយ ខ្លះ​ថា នៅ​ឆ្នាំ ២០២០ និង​ចុង​ក្រោយ​ថា​ឆ្នាំ ២០២១ នេះ ខណៈ​ដែល​នាង​ខ្ញុំ​ជា​ប្អូន​គាត់​ពុំទាន់​ដឹង​ច្បាស់​ផង​ថា​ឆ្នាំ​ណា»។

ចាប់តាំងពី​ឆ្នាំ ២០១៧ នា​រាត្រី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៧ នោះ​មក គឺជា​រាត្រី​ដ៏​ពិសិដ្ឋ រំឭក​ពី​វេលា​ចាប់​កំណើត​របស់​តារា​ចម្រៀង​អូរីជីណល​ម្នាក់​នេះ អ្នក​នាង អេដា មិន​ត្រឹម​តែ​បង្ហាញ​មុខ​បុរស​ចូល​មក​ព្យាបាល​របួស​បេះដូង​ចាស់​នាង​ទេ ថែម​ទាំង​អះ​អាង​ពេញៗ​មាត់​ថា នាង​កក់ក្ដៅ​នឹង​កា​រមើល​ថែ​ពី​ម្ចាស់​ស្នេហ៍​ថ្មី​ទៀត​ផង​ដែរ៕