ភ្នំពេញ៖ ជាប្រទេសដែលមានប្រាសាទចម្លាក់ក្បូរក្បាច់រចនា អគារស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍ សំណង់រចនាប័ទ្មអាណានិគមនិយមបារាំង ទីប្រវត្តិសាស្ត្រ និងកន្លែងនិមិត្តរូបរុងរឿង រាជធានីភ្នំពេញជាទីក្រុង ដែលពិតជាស័ក្ដិសមក្នុងការធ្វើដំណើរផ្សងព្រេងហើយស្វែងយល់ឱ្យបានស៊ីជម្រៅពីសោភណភាព និងវប្បធម៌ និងរឿងរ៉ាវសាវតារនានា។
ពេលនេះមិនថាជាប្រជាជនក្នុងស្រុក ឬជនបរទេសដែលមានបំណងចង់ស្គាល់រាជធានីដ៏ចំណាស់មួយនេះឱ្យកាន់តែច្បាស់នោះ ក្រុមហ៊ុន Ubiquest បានរៀបចំដំណើរទេសចរណ៍ទស្សនាលក្ខណៈជាល្បែងកម្សាន្តដ៏រំជើបរំជួល ដើម្បីឱ្យភ្ញៀវទេសចរទាំងឡាយអាចស្វែងរកគន្លឹះអាថ៌កំបាំងស្របនឹងដំណើរទៅកាន់ទីតាំងដ៏អស្ចារ្យនានា។
គម្រោងរបស់ក្រុមហ៊ុននេះមានឈ្មោះថា Urban Tales ដែលមានទីតាំងដំបូងនៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម ទីក្រុងលីសបោន ព័រទុយហ្កាល់ ហើយបានមកដល់ទីក្រុងភ្នំពេញ កាលពី ២ ឆ្នាំមុនបន្ទាប់ពីទទួលបានជោគជ័យកាលពី ៥ ឆ្នាំមុននៅប្រទេសវៀតណាម។
ល្បែងនេះមិនត្រឹមតែជាការកម្សាន្តធម្មតាទេ វាជាការរៀបចំការលេងល្បែងផ្សងព្រេងទៅតាមសាច់រឿង ដែលបានគ្រោងទុក។
ការលេងល្បែង Urban Tales ត្រូវបានធ្វើឡើងដោយយកលំនាំសាច់រឿងតាមរកសំបុត្រជាស្លាកស្នាមបន្សល់ពីលោក Anatole Pasquier ជាអ្នកស្រាវជ្រាវ និងផ្សងព្រេងជនជាតិបារាំងក្នុងសតវត្សរ៍ទី១៩។
លោកបានធ្វើដំណើរមកកាន់អាស៊ីអាគ្នេយ៍ និងមកដល់កម្ពុជា។ លោកបានបន្សល់ទុកឯកសារសំណៅនេះតាំងពីឆ្នាំ ១៨៨១។
ដោយយកសំណៅឯកសារនោះជាផ្នែក ១ នៃសាច់រឿងល្បែងផ្សងព្រេងរបស់ Urban Tales អ្នកលេង ឬសមាជិកក្រុមត្រូវសហការគ្នារកតម្រុយឯកសារ កូនសោ ហឹប និងត្រីវិស័យ ហើយប្រមាញ់តាមរកវត្ថុបុរាណដែលត្រូវបានលាក់នៅទីតាំងអាថ៌កំបាំងក្នុងរាជធានីភ្នំពេញ។
ដើម្បីសម្រេចបានជោគជ័យក្នុងការស្វែងរកវត្ថុ និងទីតាំងអាថ៌កំបាំង សមាជិកចូលរួមលេងល្បែងនេះទាមទារការចងក្រងស្មារតីសាមគ្គីជាក្រុម។ ដោយផ្ដើមចេញពីទីតាំងជំនួបក្រុមនៅបណ្ណាល័យជាតិ ក្រោមការណែនាំពីអ្នកឯកទេសបុរាណវិទ្យាបេសកកម្មរបស់ក្រុមអ្នកទេសចរ គឺត្រូវធ្វើការស៊ើបអង្កេតរកវត្ថុបុរាណអាថ៌កំបាំងនឹងនាំយកវត្ថុនោះត្រឡប់មកកាន់នាយកដ្ឋានបុរាណវិទ្យា។ អ្នកដែលអាចរកឃើញវត្ថុអាថ៌កំបាំងនោះបានមុនគេនោះជាអ្នកឈ្នះ។
កញ្ញា Emeline Beneult ជាជនជាតិបារាំង ដែលបានធ្វើការនៅក្រុមហ៊ុនទេសចរណ៍ជាង ៤ ឆ្នាំមកហើយ និងមានតួនាទីជាអ្នកគ្រប់គ្រងកម្មវិធី Urban Tales បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ល្បែងផ្សងព្រេង Urban Tales បានមកដល់កម្ពុជាតាំងពី ២ ឆ្នាំមុន ហើយថ្មីៗនេះយើងក៏បានបង្កើតល្បែងប្រណាំងរ៉ឺម៉កម៉ូតូ (Tuk-Tuk Quest) ក៏ព្រោះតែយើងឃើញថា ពេលមានកូវីដ ពួកយើងមិនសូវមានការងារធ្វើ ហេតុនេះទើបគាត់ចង់បង្កើតអ្វីដែលថ្មី សម្រាប់សកម្មភាពទេសចរណ៍ក្នុងស្រុក»។
ល្បែងកម្សាន្តដ៏រំជើបរំជួលសម្រាប់អ្នកទេសចរនេះ គិតថ្លៃម្នាក់ ២៥ ដុល្លារ។ គោលបំណងធំនៃល្បែងរុករកនេះ គឺបង្កើនភាពសិទ្ធស្នាល និងស្មារតីសហការជាក្រុម។
ក្នុងដំណើរផ្សងព្រេងតាមកម្មវិធីល្បែងកម្សាន្តនេះ ភ្ញៀវចូលរួមនឹងបានស្វែងយល់រឿងរ៉ាវដ៏ពិសេស និងទៅកាន់សំណង់អគារ វត្តអារាម និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ លាក់ខ្លួនជាច្រើនទៀតនៅរាជធានីភ្នំពេញ។
អ្នកគ្រប់គ្រងកម្មវិធី Urban Tales បានបន្តថា៖ «កន្លងមកអ្នកចូលរួមមានការរីករាយណាស់ និងគាំទ្រខ្លាំងចំពោះសកម្មភាពកម្សាន្តនេះ»។
ព័ត៌មានបន្ថែមអាចស្វែងរកនៅទំព័រហ្វេសប៊ុក Urban Tales Phnom Penh ឬទំនាក់ទំនងអ៊ីមែល pnh@urban-tales.com និងវេបសាយ https://urban-tales.com/phnom-penh/.៕