ភ្នំពេញៈ ដោយចង់បំប៉នសមត្ថភាពរបស់យុវផលិតករជំនាន់ក្រោយដែលនិយមចូលចិត្តលើវិស័យផលិតភាពយន្តឲ្យកាន់តែសម្បូរបែប និងមានគុណភាព ទើបនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកវគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីលើកទី ២ ប្រចាំឆ្នាំ ២០១៨ ដែលមានជំនាញ ៣ ថ្នាក់ផ្សេងគ្នា។
លោក ហួយ សុជាតិ ប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបរាប់ឲ្យដឹងពីគោលបំណងការបង្កើតវគ្គបណ្តុះបណ្តាលលើកទី ២ ឆ្នាំ ២០១៨ នេះថា៖ «យើងចង់ឲ្យអ្នកនិយមចូលផលិតភាពយន្ត ជាពិសេសគឺយុវផលិតករតែម្តងឲ្យមានសមត្ថភាពល្អនៅក្នុងការផលិតជាខ្សែភាពយន្តប្រកបដោយគុណភាព និងទទួលបានបទពិសោធល្អៗពីអ្នកជំនាញខាងវិស័យភាពយន្តនេះទៀតផង»។
លោក ហួយ សុជាតិ ក៏បន្តថា៖ «ជាការបណ្តុះបណ្តាល ២ ឆ្នាំម្តង ដោយលើកទី ១ យើងបានបើកកាលពីឆ្នាំ ២០១៦ ខណៈការទទួលចំនួនសិក្ខាកាមក៏កំណត់ដែរគឺយកតែ ២០ ទៅ ២៥ នាក់ប៉ុណ្ណោះ ហើយឆ្នាំ ២០១៨ នេះជាលើកទី ២ ក៏ជិតផុតកំណត់ទទួលពាក្យចូលរៀនដែរគឺនៅ ត្រឹមថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨។ វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីនេះមានការបែងចែកជា ៣ ថ្នាក់គឺថ្នាក់សិក្សានិពន្ធអត្ថបទភាពយន្ត ជំនាញដឹកនាំរឿង និងជំនាញថតភាពយន្តរៀន រយៈពេល ៣ ខែ»។
សិក្ខាកាម ដែលចង់ចូលរៀនវគ្គបណ្តុះបណ្តាលនេះ ក៏មានលក្ខខណ្ឌខ្លះៗតាមមុខជំនាញនីមួយៗផងដែរ គឺសិក្ខាកាមអាចជ្រើសរើសមុខជំនាញ ២ ក្នុងពេលតែមួយ។
ចំពោះសិក្ខាកាមថ្នាក់តែងនិពន្ធអត្ថបទភាពយន្ត និងថ្នាក់ជំនាញដឹកនាំរឿង ត្រូវមានគោលរឿង ឬក៏អត្ថបទភាពយន្តខ្នាតខ្លី ដែលបានសរសេររួចសម្រាប់ធ្វើការកែលម្អ និងដើម្បីពិភាក្សានឹងសាស្ត្រាចារ្យជំនាញដើម្បីបន្តផលិតចេញជាភាពយន្តខ្លី។
លោក ហួយ សុជាតិ បញ្ជាក់ពីបេក្ខភាពនៃសាស្ត្រាចារ្យក្នុងការបណ្តុះបណ្តាលលើកទី ២ នេះដែរថា៖ «មានសាស្ត្រាចារ្យ ៣ រូប ដែលសុទ្ធតែមានបទពិសោធច្រើន និងល្អលើមុខជំនាញ។ ទី ១ គឺយើងមានលោក សុខ សំអាត ជាអ្នកជំនាញថតរូបបញ្ចប់ការសិក្សាថតរូបនៅឆ្នាំ ១៩៨៨ និងធ្លាប់បានឈ្នះពានរង្វាន់ឆ្នើមនៅឆ្នាំ ២០០៥។ ទី ២ លោក Deependra Gauchan គឺជនជាតិនេប៉ាល់ ជំនាញខាងនិពន្ធអត្ថបទ និងដឹកនាំរឿង និងទី ៣ លោក Matthew Robinson ជំនាញខាងនិពន្ធអត្ថបទ និងដឹកនាំរឿង ដោយលោកគឺជាជនជាតិអង់គ្លេស»៕