ភ្នំពេញៈ វិចិត្រករខ្មែរ និងជប៉ុន រួមគ្នាដាក់តាំងពិព័រណ៍គំនូរម្នាក់ចំនួន ៦ ផ្ទាំងនៅឯវិចិត្រសាលស្រះឈូក(Lotus Pond Gallery) នៃរមណីយដ្ឋាន និងស្ប៉ា ឌឺផ្លេនថេសិន (The Plantation Urban Resort & Spa) ដើម្បីអបអរសាទរខួបចំណងមិត្តភាពលើកទី ៦៥ ឆ្នាំ នៃកិច្ចសហការនៃប្រទេសកម្ពុជា និងជប៉ុន។
ការតាំងពិព័រណ៍ស្នាដៃគំនូររួមគ្នារវាងវិចិត្រករខ្មែរអ្នកនាង ឆន ឌីណា និងលោក តាកាកាហ្ស៊ូ យ៉ាម៉ាដា ដែលមានចំណងជើងថា «ផ្សារ» ចាប់ពីម៉ោង ៦ កន្លះ ល្ងាចថ្ងៃទី ៨ ខែកុម្ភៈ ដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៨ ខាងមុខ។
បណ្តុំស្នាដៃគំនូរ ដែលដាក់ចំណងជើងថា «ផ្សារ» នោះគឺចង់ឆ្លុះបញ្ជាំងពីជីវភាពនិងស្មារតីរបស់ប្រជាពលរដ្ឋខ្មែររស់នៅតាមទីផ្សាររបស់ខ្លួន។ ជាទូទៅសភាពនៃផ្សារនៅក្នុងប្រទេសកម្ពុជា ដែលមានសភាពពោរពេញទៅដោយបរិស្ថានចម្រុះគ្នាគឺមានក្លិន ទិដ្ឋភាពលាយឡំគ្នានិងមានសំឡេងអ៊ូអរ។
លោក តាកាកាហ្ស៊ូ យ៉ាម៉ាដា វិចិត្រករជើងចាស់ជប៉ុន ដែលកើតក្នុងឆ្នាំ ១៩៥៧ នៅទីក្រុងណាហ្គូយ៉ា នៃប្រទេសជប៉ុន ហើយជាស្ថាបនិកនៃសាលាសិល្បៈ Phnom Penh YAMADA SCHOOL OF ART និងជាសាស្ត្រាចារ្យ ផ្នែកវិចិត្រកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅកម្ពុជានាពេលបច្ចុប្បន្ននេះដែរ។
លោក យ៉ាម៉ាដា ដែលធ្លាប់ចូលរួមតាំងពិព័រណ៍គំនូរជាមួយវិចិត្រករខ្មែរក្មេងៗជំនាន់ក្រោយ ដែលជាសិស្សរបស់គាត់ដែរនោះ បញ្ជាក់ពីការយល់ឃើញរបស់ខ្លួនថា៖ «សម្រាប់ខ្ញុំគិតថា ផ្សារនៅទីក្រុងភ្នំពេញមានសភាពអ៊ូអរខ្លាំង សម្បូរម៉ូតូ និងរ៉ឺម៉កកង់ ៣ ហើយផ្សារនេះ ក៏មានលក្ខណៈគ្មានសណ្តាប់ធ្នាប់ តែវាក៏បានធ្វើឲ្យមានភាពចម្លែកអស្ចារ្យម្យ៉ាងដែរ»។
ចំណែកវិចិត្រករស្ត្រីខ្មែរឆ្នើម វ័យ ៣១ ឆ្នាំ អ្នកនាង ឆន ឌីណា ជាតំណាងឲ្យកម្ពុជាក្នុងចំណោមវិចិត្រករឆ្នើម ៣ រូប ដែលទទួលបានពានរង្វាន់ពីកម្មវិធី The CMLTV Contemporary Art Awards 2016 នៅប្រទេសថៃ កន្លងមក ដោយមានសមាជិកនៃប្រទេសអាស៊ាន ៥ ចូលរួមគឺ កម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម និងមានវិចិត្រករតំណាងឲ្យចំនួន ១៥ រូបបានថ្លែងពីអារម្មណ៍ខ្លួនចំពោះគំនូរផ្តោតលើផ្សារនោះដែរថា៖ «សម្រាប់នាងខ្ញុំ ចាប់អារម្មណ៍ខ្លាំងទៅលើសត្វត្រី នៅពេលខ្លួនឯងទៅផ្សារ ដូច្នេះហើយបានជាគំនូរខ្ញុំ មានរំលេចផ្នែកត្រី»៕