ភ្នំពេញ៖ ក្រោយពីបានសាងអាជីពថ្មីជាវិចិត្រករនៅ Open Cambodia Studio និងបានដាក់តាំងបង្ហាញស្នាដៃគំនូរខ្លួនជាលើកដំបូងកាលពីដើមខែកក្កដា ឆ្នាំ ២០១៩ កន្លងមកនោះ អតីតជាអ្នកប្រដាល់ និងរត់ម៉ូតូកង់ ៣ ឬរ៉ឺម៉កម៉ូតូលោក ឡុង ឡាវី កំពុងតែត្រៀមខ្លួនបើកការតាំងពិព័រណ៍ស្នាដៃគំនូរម្តងទៀត ក្រោមចំណងជើងថា «Voyage» ដែលចាប់ផ្តើមនៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ នៅវិចិត្រសាល Open Cambodia Studio និងវិចិត្រសាល Hotel Old Cinema ក្នុងខេត្តកំពត។
កញ្ញា Lauren Iida ជាស្ថាបនិក Open Cambodia Studio បានឲ្យដឹងត្រួសៗពីការបើកតាំងពិព័រណ៍ស្នាដៃលើកទី ២ របស់វិចិត្រករ ឡុង ឡាវី នាថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៩ ក្នុងសប្តាហ៍ក្រោយនេះថា៖ «ពិព័រណ៍ក្រោមចំណងជើងថា «Voyage» នេះមានចំនួន ១៥ ផ្ទាំងដែលជាស្នាដៃរបស់ ឡាវី ដែលមានអត្ថន័យស្តីពីជីវិតរស់នៅរបស់គាត់តាំងពីសម័យសង្គ្រាម និងជាទស្សនវិស័យថ្មីមួយទៀត សម្រាប់គាត់ក្នុងការប្រើគំនិតឆ្លុះបញ្ចំាងនៅក្នុងការបង្កើតស្នាដៃគំនូរទាំងនេះ។ ម្យ៉ាងវិញទៀត ស្នាដៃគំនូរគាត់ ក៏បង្ហាញអំពីបទពិសោធជិះយន្តហោះលើកដំបូងរបស់គាត់ផងដែរ ខណៈរូបគាត់មានវ័យជិត ៤០ ឆ្នាំទៅហើយនោះ ហើយការតាំងស្នាដៃលើកនេះ ក៏ជាការបង្ហាញពីគំនិតបែបសុទិដ្ឋិនិយមបន្ថែមទៀតសម្រាប់គាត់ [ឡុង ឡាវី] ក្នុងកាលៈទេសៈ ដែលបានចាប់អាជីពវិចិត្រករនេះ ដោយសេចក្តីរីករាយ និងខិតខំសម្របខ្លួនទទួលយកបទពិសោធថ្មីនានា ដោយមិនដែលភ្លេចឡើយពីអតីតកាលរបស់ខ្លួន ខណៈលោកធ្លាប់ជាកីឡាករប្រដាល់ និងជាអ្នកប្រកបរបររត់រ៉ឺម៉កកង់ ៣ នោះ»។
សម្រាប់ឆាកជីវិតរបស់វិចិត្រករ ឡុង ឡាវី ដោយសារតែគ្រួសារលោកមានជីវភាពក្រីក្រ បានក្លាយជារនាំងបាំងចំណូលចិត្តតាំងពីវ័យក្មេង និងមុខរបរជាទីស្រឡាញ់របស់លោក និងបានអូសបន្លាយពេលជាង ២០ ឆ្នាំ ទើបសម្រេចក្តីស្រមៃ គឺជាវិចិត្រករនៅ Open Cambodia Studio និងបានដាក់តាំងបង្ហាញស្នាដៃគំនូរខ្លួនឯងជាលើកដំបូងនៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៩ កន្លងមកនៅឯវិចិត្រសាល «ផ្ទះចិន» នៅក្នុងរាជធានីភ្នំពេញ។
នាពេលនោះស្នាដៃគំនូររបស់លោកមានចំនួន ២០ ផ្ទាំង ដោយលោក ឡុង ឡាវី បានរំលេចចេញជាស្នាដៃច្រើនសណ្ឋាន គឺមានរូបរ៉ឺម៉កកង់ ៣ រូបទេសភាពស្រុកស្រែមានវាលស្រូវ និងដើមត្នោត ហ្វូងសត្វគោក្របី ហ្វូងសត្វស្លាបហោះហើរ រូបបណ្តាញខ្សែភ្លើង រូបត្រពាំងបឹងឈូកជាដើម ដែលសុទ្ធសឹងតែមានន័យបង្ហាញពីស្ថានភាពនៃការប្រកបមុខរបររកស៊ីរបស់មនុស្ស និងសត្វលើលោក។
ចំពោះអត្ថន័យនៃគំនូររូបរ៉ឺម៉កកង់ ៣ ខ្មែរ ដែលឆ្លុះបញ្ចាំងពីមុខរបរខ្លួនធ្លាប់ប្រកប ១៤ ឆ្នាំនោះ លោក ឡុង ឡាវី ធ្លាប់ប្រាប់ឲ្យដឹងថា៖ «ជាការពិតរូបនេះ ខ្ញុំចង់រំឭកពីមុខរបរ ដែលខ្ញុំធ្លាប់ចាប់យកមកចិញ្ចឹមជីវិតនាពេលចុងក្រោយគេ ដែលមានសភាពលំបាកទាំងរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងត្រូវត្រាំត្រែងតស៊ូនឹងអាកាសធាតុក្តៅត្រជាក់ទៀតផង។ ម្យ៉ាងទៀតក៏ឆ្លុះបញ្ចាំងពីស្ថានភាពនៃក្រុមប្រកបមុខរបររត់រ៉ឺម៉កកង់ ៣ ខ្មែរ នាពេលឥឡូវនេះកំពុងតែធ្លាក់ចុះទាំងចំនួនអ្នកប្រកបរបរ និងប្រជាប្រិយពីអ្នកជិះព្រោះតែវត្តមាននៃយានជំនិះថ្មីជារ៉ឺម៉កកង់ ៣ ឥណ្ឌា (Pass Apps)»។
ឡុង ឡាវី ក៏បង្ហើបដែរថា៖ «ក្រោយពីប្រកបរបរថ្មីមួយរយៈមក ទោះបីជាមិនទាន់មានអ្វីប្រែប្រួលខ្លាំងមែនក្តី តែបើប្រៀបធៀបនឹងរបរចាស់វិញ អាជីពថ្មីនេះ គ្រាន់បើជាងបន្តិច ទាំងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងទំហំការងារ ហើយការគូរគំនូរមានភាពធូរស្រាលជាងកាលនៅរត់រ៉ឺម៉កកង់ ៣ គឺមិនត្រូវទ្រាំជាមួយនឹងអាកាសធាតុត្រជាក់ក្តៅដូចជាកាលពីមុននោះទៀតឡើយ»៕