ក្រុង​បាត់ដំបង៖ បន្ទាប់​ពី​ទទួល​បាន​នូវ​បទពិសោធ​ផ្នែក​ចម្លាក់​ឈើ​មួយ​​​រយៈ​​មក​ ក៏​​ជំរុញ​ចិត្ត​ និង​បំផុស​គំនិត​​​ដល់​វិចិត្រករ​វ័យ ​៣៨ ឆ្នាំ ​លោក វ៉ាន់ ឆវ័ន្ត ដែល​សម្បូរ​គំនិត​ច្នៃ​ប្រឌិត​​​លើ​ការ​បង្កើត​ស្នាដៃ​ចម្លាក់​ឈើ​ធ្វើ​ជា​​សិល្បៈ​​ឆ្លុះ​​​​បញ្ចាំង​អំពី​ការ​អប់រំ​ផ្នែក​បរិស្ថាន និង​យល់​ដឹង​ពី​បញ្ហា​នានា​​ក្នុង​​សង្គម​ខ្មែរ​ និង​កំពុង​តែ​មាន​ទីផ្សារ​លក់ដូរ​នៅ​ក្រៅ​​ប្រទេស​ទៀត​ផង​។

លោក វ៉ាន់ ឆវ័ន្ត ជា​វិចិត្រករ​​ជំនាញ​​គំនូរ និង​ចម្លាក់​ឈើ នៅ​ភូមិ​ព្រែក​កញ្រែ្ចង​ ឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​ នៃ​ខេត្ត​បាត់ដំបង និង​អតីត​ជា​និស្សិត​រៀន​​ជំនាញ​សិល្បៈ​សូន​រូប​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​ឆ្នាំ​សិក្សា ​២០០៧-២០១១។ ​ការ​​ចាប់​ផ្តើម​ប្រឡូក​​​ក្នុង​​​សិល្បៈ​ចម្លាក់​ឈើ​នេះ​ បាន​ចាប់​ផ្តើម​នៅ​​​ឆ្នាំ​ ​២០១៦ ក្រោយ​​​​វិល​ត្រឡប់​ពី​ការ​​រស់នៅ​ប្រកប​របរ​ជាង​ចម្លាក់​ឈើ​នៅ​ខេត្ត​រតនគិរី​ មួយ​​​​រយៈ​មក​នោះ។​

គួរ​​​បញ្ជាក់​ដែរ​​ថា​ វិចិត្រករ​ វ៉ាន់ ឆវ័ន្ត​ ក៏​​មាន​​ឈាម​​ជ័រ​សិល្បៈ​គំនូរ​ផង​ដែរ​ ដោយ​​​​ឪពុក​គឺ​អតីត​​ជាជាង​គំនូរ។​​​ ខណៈ​​​ជំនាញ​​សិល្បៈ​គំនូរ​លោក​បាន​​រៀន​​​ពី​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​​ ខណៈ​ជំនាញ​​ចម្លាក់​ឈើ​​​វិញ​​នោះ​​ មិន​មាន​សាលា​​ឡើយ ​គឺ​គ្រាន់​តែ​រៀន​ចេះ​ពី​ការ​មើល​ឃើញ​ និង​ការ​អនុវត្ត​ផ្ទាល់​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ​។ ​ សកម្មភាព​ការងារ​សម្រាប់​បង្កើត​ស្នាដៃ​សិល្បៈ​ នា​ពេល​​បច្ចុប្បន្ន​​នេះ លោក វ៉ាន់ ឆវ័ន្ត​ ​ហាក់​ដូចជា​​មាន​ភាព​​សកម្ម​ខ្លាំង​ទៅ​លើ​ជំនាញ​គ្មាន​​​សាលា​ជាង​​​ទៅ​វិញ​។

លោក វ៉ាន់ ឆវ័ន្ត​​ បាន​ប្រាប់​​​​ឲ្យ​​ដឹង​​ថា​៖ «​សព្វ​ថ្ងៃ​នេះ ខ្ញុំ​មាន​ស្នាដៃ​ចម្លាក់​ឈើ​​​ច្រើន​ជាង​គំនូរ ដោយសារ​តែ​ក្រោយ​​ពី​ខ្ញុំ​បាន​វិល​មក​បង្កើត​ស្នាដៃ​ច្នៃ​ពី​កម្ទេច​​ឈើ ដែល​ជា​ដុំ​អុស​​ ទុក​ចោល​របស់​បងប្អូន​ក្នុង​ភូមិ​នៅ​ត្រឹម​ឆ្នាំ ២០១៦។ ​​​លុះ​ក្រោយ​មក​ស្នាដៃ​​ចម្លាក់​ឈើ​មួយ​នេះ ​ក៏​មាន​​ការ​ឲ្យ​​តម្លៃ​សិល្បៈ​​ច្រើន​ផង​ដែរ​​។ ដូច្នេះ ខ្ញុំ​ក៏​ចាប់​ផ្តើម​​​ផ្តោត​លើ​​​វា​ច្រើន​ និង​ខំ​​​រិះរក​ការ​ច្នៃ​ប្រឌិត​បែប​សិល្បៈ​ទៅ​តាម​តម្រូវ​ការ​​​​ទីផ្សារ​អ្នក​និយម​ចូល​ចិត្ត​ស្នាដៃ​​​សិល្បៈ​ចម្លាក់​​ឈើ​នេះ​រហូត​មក​»។​

លោក ឆវ័ន្ត ប្រើ​ភ្លើង​ដុត​កម្លោច​ឈើ​ជា​ថ្នាំ​ពណ៌​ក្នុង​ស្នាដៃ​សិល្បៈ​ខ្លួន​​​។ រូបថត សហ​ការី

លោក វ៉ាន់ ឆវ័ន្ត ​បន្ត​ឲ្យ​ដឹង​ពី​របៀប​ធ្វើ​​ចម្លាក់​ឈើ និង​តម្លៃ​ ដែល​មាន​ចន្លោះ​ពី​ស្នាដៃ​ទាប​បំផុត​​ ១ គ្រឿង​ ៣៥០ ដុល្លារ​ ទៅ​ដល់​ ១ ​គ្រឿង តម្លៃ ១ ០០០ ដុល្លារ​ដែរ​​​ថា៖ «ខ្ញុំ​តែង​សុំ​ទិញ​​ដុំ​ឈើ​ ដែល​ជា​អុស​​របស់​​បងប្អូន​នៅ​តាម​តំបន់​ ដោយ​​ទិញ​ដុំ​អុស​ខ្លះ​មាន​​តម្លៃ ៥ ០០០ រៀល និង​ខ្លះ​ទៀត​ ១ ​ម៉ឺន​រៀល ដើម្បី​​​ប្រមែ​​ប្រមូល​​យក​ទៅ​កែកុន​ ច្នៃ​ធ្វើ​​ជា​ស្នាដៃ​សិល្បៈ​​ចម្លាក់​ឈើ​នេះ​។ សម្រាប់​ស្នាដៃ​ចម្លាក់​ឈើ​នេះ​ ខ្ញុំ​បាន​ប្រើ​ភ្លើង​ធ្វើ​ដូចជា​ថ្នាំ​លាប​​​លើ​ស្នាដៃ​គំនូរ​ពណ៌​អ៊ីចឹង​។ ខ្ញុំ​ប្រើ​​ភ្លើង​ដុត​កម្លោច​ បង្កើត​បាន​ជា​វត្ថុ​កំណត់​សម្គាល់​នានា​នៅ​ក្នុង​ស្នាដៃ​នីមួយៗ​។ ចំពោះ​ស្នាដៃ​ចម្លាក់​ឈើ​តូច​បំផុត ​​១ ​គ្រឿង​ ដែល​មាន​កម្ពស់​ប្រវែង​​ចន្លោះ​​ ២ ទៅ​ ៣ តឹក ​និង​មុខ​កាត់​ទំហំ ២ តឹក​ នោះ​ខ្ញុំ​​លក់​ក្នុង​តម្លៃ​ ៣៥០ ដុល្លារ។ ចំណែក​ស្នាដៃ​ ១ គ្រឿង មាន​ទំហំ​កម្ពស់ ១,១៥ ម៉ែត្រ និង​​មុខ​កាត់​ចន្លោះ ៣-៤ តឹក​ វិញ​នោះ​មាន​តម្លៃ ១ ០០០ ដុល្លារ ខណៈ​ពេល​វេលា​​យូរ​ ឬ​ឆាប់​ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​​ចង់​បាន​របស់​ភ្ញៀវ​​នូវ​ក្បាច់​ក្បូរ​នៃ​ចម្លាក់​។ ក្រៅ​ពី​ការ​ដាក់​តាំង​​បង្ហាញ​នៅ​​វិចិត្រ​សាល​ក្នុង​ប្រទេស​ខ្មែរ​នោះ ស្នា​ដៃ​របស់​ខ្ញុំ​ក៏​មាន​យក​ទៅ​លក់​នៅ​ក្រៅ​​ប្រទេស ​គឺ​ដូចជា​សហរដ្ឋ​អាមេរិក​ជាដើម​ផង​ដែរ​»។​​​

លោក វ៉ាន់ ឆវ័ន្ត ក៏​​ឲ្យ​ដឹង​ចំណុច​ពិសេស​នៃ​ការ​ប្រើ​គំនិត​ឆ្លុះ​បញ្ចាំង​ក្នុង​ស្នាដៃ​សិល្បៈ​ថា​៖ «​សម្រាប់​​​រូប​​ខ្ញុំ​មាន​ចំណូល​​ចិត្ត​សិល្បៈ​តាំង​​ពី​ក្មេង​ ដោយ​ខ្ញុំ​​បាន​​ចូល​​រៀន​​ជំនាញ​សិល្បៈ​សូន​រូប​នៅ​ឆ្នាំ ​២០០៧ និង​​បញ្ចប់​​ឆ្នាំ ​២០១១ នៅ​​សាលា​ហ្វារពន្លឺ​សិល្បៈ​ក្នុង​ខេត្ត​បាត់ដំបង។ ចំពោះ​ការ​បង្កើត​ស្នាដៃ​សិល្បៈ​របស់​ខ្ញុំ​វិញ ​គឺ​ទាំង​គំនូរ និង​ទាំង​​​ចម្លាក់​ឈើ គឺ​បាន​ផ្តោត​​ទៅ​លើ​សារ​អប់រំ ឬ​ផ្តល់​ចំណេះ​ដឹង​លើ​​បញ្ហា​បម្រែ​បម្រួល​​នៃ​អាកាសធាតុ បញ្ហា​បាត់បង់​ព្រៃ​ និង​បញ្ហា​នានា​ក្នុង​សង្គម​​ជាពិសេស​ពាក់ព័ន្ធ​នឹង​ស្រ្តី​​សម្រាប់​ផ្តល់​បងប្អូន​ខ្មែរ​យើង​»៕​