ភ្នំពេញ៖ ជា​វិចិត្រករ​បារាំង​ផ្ញើ​ប្រាណ​នៅ​ទឹក​ដី​កម្ពុជា លោក Bruno KOK បាន​ចាប់​អារម្មណ៍​​​ស្វែងយល់​ពី​លក្ខណ​សម្បត្តិ​នារី​ខ្មែរ និង​រំលេច​​ជា​ស្នាដៃ​​គំនូរ ដោយ​ប្រើ​បច្ចេកទេស​គំនូរ​សហសម័យ​ផ្គុំ​​បណ្ដុំ​ចំណុច​ចម្រុះ​ពណ៌​​ជា​វង់​ភក្ត្រ​​នារី​​បង្កប់​ទៅ​ដោយ​អត្ថន័យ​ពី​សម្រស់ និង​ពណ៌​សម្បុរ។

កម្រង​ស្នាដៃ​គំនូរ​អំពី​ស្ត្រី​របស់​លោក​​មាន​ឈ្មោះ​ថា Make a Point ត្រូវ​បាន​​ដាក់​តាំង​​នៅ​វិចិត្រសាល​ ស្រា​អាត ជាទី​រួម​ចំណែក​លើក​ស្ទួយ​​​សិល្បៈ​សហសម័យ​ និង​សិល្បករ​ក្នុង​ស្រុក ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​​ដោយ​ស្ត្រី​ខ្មែរ-បារាំង ​កាល​ពី​ឆ្នាំ ២០១៩។

ស្ថាបនិក​វិចិត្រសាល ​អ្នកនាង Cecile Eap ​បាន​ឲ្យ​ដឹង​ពី​ការ​ដាក់​តាំង​​​កម្រង​គំនូរ​ស្ត្រី​ខ្មែរ​នេះ​ថា៖ «នេះ​គឺ​​ជា​​ពិព័រណ៍​​ដំបូង​បង្អស់​របស់​យើង ចាប់​តាំង​ពី​ការ​បើក​ទ្វារ​វិចិត្រសាល​ឡើង​វិញ ក្រោយ​ពី​​សម្រាក​ដោយសារ​​វិបត្តិ​កូវីដ ១៩។ នេះ​ក៏​ជា​ពិព័រណ៍​ទី ១​ របស់​យើង​ក្នុង​​វគ្គ​​ប្រធានបទ «អន្តរកម្ម​រវាង​មនុស្ស» ដែល​ប្រធានបទ​នេះ​​នឹង​បន្ត​រហូត​ដល់​ដាច់​ឆ្នាំ»។

ជា​អ្នក​រស់នៅ​ប្រទេស​កម្ពុជា ​ជា​ច្រើន​ឆ្នាំ​វិចិត្រករ​ KOK ​បាន​ជាប់​ចិត្ត​នឹង​ទឹក​ដី​នេះ ហើយ​តាមរយៈ​ស្នាដៃ​របស់​លោក លោក​ចង់​បន្សាប​ការ​រើសអើង​ពណ៌​សម្បុរ​ក្នុង​សង្គម​។

អ្នកចូលរួមទស្សនា និង​សំណេះសំណាលផ្ទាល់ជាមួយ​លោក KOK នៅវិចិត្រសាលស្រាអាត​​។ រូបថត សហ​ការី

ផ្នត់​គំនិត​របស់​លោក​ផ្ដោត​សំខាន់​លើ​​ការ​ផ្ដល់​តម្លៃ​​ដល់​ស្ត្រី​គ្រប់​រូប ជា​ពិសេស​​ស្ត្រី​អាស៊ី​ដោយ​ពុំ​មាន​ការ​រើសអើង​​រូប​សម្បត្តិ។

លោក​​មាន​បំណង​ចូលរួម​លុប​បំបាត់​ការ​ចាត់​ទុក​ស្ត្រី​​​ក្នុង​លោក​ជា​វត្ថុ​អាច​បំពាន​បាន​តាម​ចិត្ត។

ស្ថាបនិក​វិចិត្រសាល​បាន​លើក​ឡើង​​ទៀត​ថា៖ «ពិព័រណ៍​ដែល​ជា​បណ្ដុំ​​គំនូរ​អំពី​ស្ត្រី​សុទ្ធសាធ​នេះ ផ្ដល់​នូវ​ការ​ផ្សារ​ភ្ជាប់​យ៉ាង​ល្អ​រវាង​​គំនូរ​ដែល​យើង​បាន​​ដាក់​តាំង​មុន​នេះ​ស្តី​​អំពី​ការ​លើក​កម្ពស់​ស្ត្រី​ Women Of the World»។

ការ​ដាក់​តាំង​បង្ហាញ​ពិព័រណ៍​របស់​លោក KOK ក៏​សមស្រប​នឹង​ស្ថានការណ៍​នៅ​លើ​​ពិភព​លោក ដែល​កំពុង​​ប្រឈម​នឹង​ប្រធានបទ​​ប្រឆាំង​នឹង​​ការ​រើសអើង​ពូជ​សាសន៍ ហិង្សា ក្ដី​បារម្ភ​​ជុំវិញ​ភាព​អយុត្តិធម៌​​​ចំពោះ​មនុស្ស​​អាស្រ័យ​ទៅ​លើ​ជាតិ​សាសន៍​ពណ៌​​សម្បុរ។

​លោក Bruno KOK (ស្ដាំ) និង​ទស្សនិកជន​នៅវិចិត្រសាល។ រូបថត សហ​ការី

ពិព័រណ៍ Make a Point របស់​លោក ​នឹង​បន្ត​រំលេច​កម្រង​គំនូរ​​ស្ត្រី​ខ្មែរ​​នៅ​​វិចិត្រសាល​នេះ​ ​​រហូត​ដល់​ថ្ងៃទី ៨ ខែ ​សីហា ឆ្នាំ ២០២០។

ស្រាអាត មាន​ទីតាំង​នៅ​ចន្លោះ​សារមន្ទីរ​ជាតិ​ និង​ព្រះបរម​រាជវាំង​ តាម​​បណ្តោយ​វិថី​សុធារស​។ ​ព័ត៌មាន​បន្ថែម​សូមចូល​ទៅ​កាន់​ហ្វេសប៊ុក​ផេក​ @sraartstudio ​​អ៊ីនស្តាក្រាម​ @sraart_studio វេបសាយ​www.sraarstudios.com និង​ទូរស័ព្ទ​លេខ​ ០៨១ ៤៦១ ៧១១៕