ក្រុងបាត់ដំបង៖ ដោយសារតែធ្លាប់មានភាពដិតដាម និងឆ្លងកាត់ជីវិតរស់នៅក្នុងតំបន់ព្រៃតាំងពីក្មេង ខណៈខ្លួនមានឪពុកធ្វើជាទាហានជួរមុខនៃតំបន់ព្រំដែននោះ វិចិត្រករមានទំនោរធម្មជាតិនិយម និងវិទ្យាសាស្រ្តនិយម ហួរ សីហា តែងតែប្រើនូវអារម្មណ៍នឹកស្រមៃសញ្ជឹងគិតដើម្បីបង្កើតស្នាដៃគំនូរសហសម័យ ដែលមានន័យឆ្លុះបញ្ចាំងពីធម្មជាតិ ជីវភាពរស់នៅក្នុងស្រុកខ្មែរ និងនៅលើសកលលោក។
វិចិត្រករ ហួរ សីហា វ័យ ៣០ ឆ្នាំ ដែលកើតនៅជំរំសាយប៊ី នៅឯតំបន់ព្រំដែនខ្មែរ-ថៃ ដល់ត្រឹមវ័យ ៦ ខែ ក៏ត្រូវបានឪពុកម្តាយ បានយកមករស់នៅជាមួយវិញ ក្នុងតំបន់បន្ទាយទាហាន ដែលឪពុកលោកប្រចាំការរហូតពេញវ័យ និងបែកចេញពីឪពុកម្តាយនៅឆ្នាំ ២០០៥ និងមករៀនជំនាញសិល្បៈនៅឆ្នាំ ២០០៦ ហើយបញ្ចប់នៅឆ្នាំ ២០១៣ ជំនាញសិល្បៈសូនរូប នៅសាលាហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង។
ចន្លោះឆ្នាំ ២០០៦-២០០៩ ពេលកំពុងរៀនជំនាញគំនូរនោះ លោក ហូរ សីហា ចូលចិត្តគូរគំនូរបែបរូបី ឬហៅថាគំនូរដូចៗរូបពិត។ តែចាប់ពីបានយល់ដឹងពីសិល្បៈគំនូរច្រើនមកនោះ ក៏ជំរុញចិត្តឲ្យវិចិត្រករ ដែលមានបទពិសោធជីវិតរស់នៅចល័តច្រើនទីកន្លែងក្នុងតំបន់ព្រៃនានា ជាមួយឪពុកជាទាហាន ដូចជាតំបន់ព្រៃក្នុងខេត្តប៉ៃលិន តំបន់ព្រៃ អូរស្មាច់ និងតំបន់ព្រៃអន្លង់វែង ជាដើមរូបនេះងាកមកបង្កើតស្នាដៃបែបសហសម័យ ឬគំនូរទំនើបវិញចាប់ពីឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្ន។
ជាទូទៅស្នាដៃគំនូរសហសម័យវិចិត្រករលោក ហួរ សីហា ភាគច្រើនមានលក្ខណៈគួរឲ្យកត់សម្គាល់ និងលេចធ្លោខ្លាំង នៅត្រង់ចំណុចនៃការបង្ហាញអំពីធម្មជាតិនៃតំបន់ព្រៃឈើ ដុះច្រូងច្រាងដែលគ្មានស្លឹក និងការរំលេចភ្ជាប់ជាមួយលំនៅឋានមានជីវភាពក្រីក្ររបស់ប្រជាជន នៅតាមតំបន់ព្រៃនោះ ដោយមានន័យខ្លឹមសារ ចង់ឆ្លុះបញ្ចាំងពីបញ្ហាគ្រោះធម្មជាតិ និងបញ្ហាជីវភាពរស់នៅរបស់មនុស្សក្នុងតំបន់សហគមន៍ព្រៃឈើទាំងនោះ។
លោក ហួរ សីហា បានពន្យល់ពីន័យក្នុងស្នាដៃគំនូរលោកនោះថា៖ «ព្រោះតែខ្ញុំ ធ្លាប់ឆ្លងកាត់ជីវិតរស់នៅក្នុងព្រៃធម្មជាតិនានាក្នុងស្រុកខ្មែរតាំងពីក្មេងជាមួយឪពុក និងម្តាយ ដែលឧស្សាហ៍ផ្លាស់ទី ឬចល័តពីតំបន់មួយទៅតំបន់មួយ ទើបអាចឲ្យខ្ញុំបានឃើញនូវទិដ្ឋភាពធម្មជាតិព្រៃឈើប្លែកៗតាំងពីក្មេងមក រួមទាំងជីវភាពរស់នៅផងដែរ។ ដូច្នេះហើយទើបទិដ្ឋភាពទាំងនោះ តែងតែមានដិតជាប់ក្នុងអារម្មណ៍របស់ខ្ញុំ។ បច្ចុប្បន្ន ខ្ញុំក៏បង្កើតស្នាដៃគំនូរសហសម័យបែបវិទ្យាសាស្រ្តសកលលោកដែរ ដោយជាការពណ៌នាពីភពនានាមានក្នុងលោកតាមរយៈការស្រមៃចេញពីចំណេះដឹង ដែលខ្ញុំបានរៀន និងអានឯកសាររួចមក»។
យ៉ាងណាការបង្កើតស្នាដៃគំនូរសហសម័យរបស់វិចិត្រករ ហួរ សីហា មិនសូវមានការគាំទ្រ និងជាវពីអតិថិជនខ្មែរនោះឡើយ ខណៈការជាវភាគច្រើននោះជាភ្ញៀវបរទេស ដែលកំពុងតែមានការជក់ចិត្ត ដិតអារម្មណ៍ទៅនឹងស្នាដៃគំនូរបែបសហសម័យរបស់លោក។ សម្រាប់ការជាវគំនូររបស់លោក ហួរ សីហា វិញគឺចន្លោះពីទាបបំផុត ១ ផ្ទាំង តម្លៃ ៤៥០ ដុល្លារ រហូតដល់ ១ ផ្ទាំង មានតម្លៃ ២ ០០០ ដុល្លារ។
លោក ហួរ សីហា បញ្ជាក់ថា៖ «ស្នាដៃគំនូរខ្ញុំភាគច្រើន ភ្ញៀវបរទេសគាំទ្រ និងជាវ ដោយពួកគាត់អាចរកជាវបាននៅឯវិចិត្រសាលជនបទ (Romcheik5 Art Space) នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ភាគច្រើនសា្នដៃគំនូរខ្ញុំលក់នោះគឺគិតជាម៉ែត្រការ៉េ ដោយទំហំ ១ ម៉ែត្រការ៉េ តម្លៃ ១ ២៥០ ដុល្លារ ខណៈស្នាដៃគំនូរទាបបំផុត ១ ផ្ទាំង តម្លៃ ៤៥០ ដុល្លារ ដល់ ១ ផ្ទាំង តម្លៃ ២ ០០០ ដុល្លារ»៕