ភ្នំពេញៈ ដើម្បីចូលរួមលើកកម្ពស់លើវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា ស្ថានទូររបស់ប្រទេសស៊ុយអែត ប្រចាំប្រទេសកម្ពុជា បានចុះកិច្ចព្រៀមព្រៀងមួយផ្តល់ជំនួយជាថវិកាចំនួន ២ លាន ដុល្លារ លើគម្រោងរយៈពេល៣ឆ្នាំ នៃការបណ្តុះបណ្តាលយុវជនខ្មែរលើមុខវិជ្ជាចម្អិនម្ហូបអាហារ ប្រកបដោយជំនាញត្រឹមត្រូវទៅឲ្យវិទ្យាស្ថានម្ហូបអាហារកម្ពុជា កាលបីថ្ងៃទី១ ខែ សីហា ឆ្នាំ២០១៨។
លោក Samuel Hurtig ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ស៊ុយអែតប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «ការទទួលបានការអប់រំគឺជាការយកចិត្តទុកដាក់ដ៏ចម្បងមួយសម្រាប់ជំនួយរបស់ស៊ុយអែតនៅក្នុងប្រទេសកម្ពុជា។ ការអភិវឌ្ឍន៍ជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ចនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ការរីកចម្រើន នាពេលអនាគត និងសុខមាលភាពរបស់ប្រទេសក៏ដូចជាប្រជាជនកម្ពុជា»។
ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ស៊ុយអែតប្រចាំនៅកម្ពុជា លោក Samuel Hurtig បន្តថា៖ «យើងពិតជារីករាយក្នុងលការគាំទ្រដល់វិទ្យាស្ថានម្ហបអាហារកម្ពុជា ដើម្បីបណ្តុះបណ្តាលយុវជននៅកម្ពុជាអំពីជំនាញ និងចំណេះដឹងផ្សេងៗនៅក្នុងបដិសណ្ឋារកិច្ច»។
លោក Pierre Tami នាយកប្រតិបត្តិវិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) បង្ហើបឲ្យដឹងពីការកកើតវិទ្យាស្ថានថា៖ «គោលបំណងសំខាន់របស់វិទ្យាស្ថានម្ហូបអាហារកម្ពុជា គឺរូមចំណែកក្នុងការកសាងជំនាញ និងបង្កើតឱកាសការងារសម្រាប់យុវជនកម្ពុជា តាមរយៈការរៀបចំបង្កើតជាវិទ្យាស្ថាននេះ ដែលមានកម្មវិធីសិក្សាផ្នែកបដិសណ្ឋារកិច្ច ស្របតាមបទដ្ឋានស្តង់ដារប្រទេសអាស៊ាន និងការអប់រំតាមស្តង់ដារប្រទេសស្វីស»។
ចាប់តាំងពីដំណើរការនៅក្នុងខែមីនា ឆ្នាំ ២០១៧ មកវិទ្យាស្ថានម្ហូបអាហារកម្ពុជា បានក្លាយជាវិទ្យាស្ថានសម្រាប់មនុស្សគ្រប់រូប និងបានផ្តល់អាហាររូបករណ៍ Naomi Tami Memorial Scholarship ដល់សិស្សនាសិស្ស ដែលពុំមានលទ្ធភាពក្នុងការបង់ថ្លៃសិក្សាបានចូលរៀនដោយឥតមានការបង់ប្រាក់ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យអបរំ និងការចិញ្ចឹមជីវិតរបស់ពួកគាត់៕