ភ្នំពេញ: ​វីដេអូ​យុទ្ធនាការ​បញ្ឈប់​អំពើហិង្សា​ក្នុង​គ្រួសារ​របស់​អង្គការ​ជីវិត​កម្ពុជា ឈ្នះ​ក្នុង​ការបោះឆ្នោត​ជា​សាធារណៈ​នៅ​ទូទាំង​ពិភពលោក​លើ​ពាន Grassroots Justice Prize ដែល​ប្រព្រឹត្ដ​ទៅ​នៅ​ទីក្រុង​ញូវយ៉ក​។

លោក Jaime Gill នាយក​ទំនាក់ទំនង​ប្រចាំ​អង្គការ​ជីវិត​កម្ពុជា (TLC) បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «TLC បាន​ឈ្នះ​ការបោះឆ្នោត​ជា​សកល​ក្នុង​ពាន Grassroots Justice Prize ដែល​រៀបចំ​ឡើង​រៀងរាល់ ២ ​ឆ្នាំ​ម្ដង​។ នៅ​ថ្ងៃ​ពុធ​នេះ ឯ​ក្រុង​ញូវយ៉ក អង្គការ​សហប្រជាជាតិ​ដែល​គាំទ្រ​ដល់​ព្រឹត្ដិការណ៍​នេះ​បាន​ប្រកាស​ម្ចាស់​ជយលាភី​ចំពោះ​ការបោះឆ្នោត​នេះ​ដោយ TLC បាន​យក​ឈ្នះ​បេក្ខភាព ២០០ នាក់​មកពី ៦៥ ​ប្រទេស និង​ទទួល​រង្វាន់​ជាង ៤ ០០០ ​ដុល្លារ​»​។

ភាពយន្ដ​រយៈពេល ២ នាទី​ដែល​បង្ហាញ​ពី​នារី​បុគ្គលិក​ការិយាល័យ ស្ដ្រី​កសិករ ស្ដ្រី​រោងចក្រ​កាត់ដេរ និង​សិស្សស្រី​សុទ្ធ​តែ​ត្រូវ​ពាក់មួក​សុវត្ថិភាព​មុន​ពេល​ត្រឡប់​ចូល​ផ្ទះ​បាន​ឈ្នះ​ការបោះឆ្នោត​លើ​អនឡាញ​ក្នុង​ចំណោម​វីដេអូ​អប់រំ​សម្រាំង​វគ្គ​ចុងក្រោយ ៤ ផ្សេង​ទៀត​មកពី​អាមេរិក ក្វាតេម៉ាឡា លីបេរីយ៉ា និង​កេនយ៉ា​។

លោក ឈិន សែ នាយករង​នៃ​អង្គការ​ជីវិត​នៅ​កម្ពុជា​ឲ្យ​ដឹងថា​៖ «​វា​ពិតជា​កិត្ដិយស​ដ៏ថ្លៃថ្លា​របស់​អង្គការ​ជីវិត​កម្ពុជា​ក្នុង​បេសកកម្ម​រយៈពេល ១១ ​ឆ្នាំ​នេះ​។ វា​ជា​ពាន​អន្ដរជាតិ និង​ត្រូវ​បាន​សម្រិតសម្រាំង​ពី​បេក្ខភាព ២០០ ​នាក់​ចំណោម ៦៥ ​ប្រទេស​។ វា​មិន​ត្រឹម​តែ​ឆ្លុះបញ្ចាំង​ពី​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែម​ទាំង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​ដើម្បី​សិទ្ធិ​ស្របច្បាប់​សម្រាប់​សហគមន៍​នៅ​ទូទាំង​ប្រទេស​»​។

ស្ដ្រី​បម្រើការ​ក្នុង​ការិយាល័យ​ពាក់មួក​សុវត្ថិភាព​មុនពេល​ចូល​ផ្ទះ ជា​វីដេអូ​ផ្សព្វផ្សាយ​យុទ្ធនា​ការបញ្ឈប់​អំពើហិង្សា​ក្នុង​គ្រួសារ​។ រូបថត សហការី

សេចក្ដី​ប្រកាស​នេះ​បាន​ធ្វើ​នៅ​ពិធី​ប្រគល់​រង្វាន់​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ Namati ក្នុង​ទីក្រុង​ញូវយ៉ក ឯ​វេទិកា​នយោបាយ​ជាន់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​។

លោក ឈិន សែ ឲ្យ​ដឹង​ថា​៖ «​យើង​បាន​ទទួល​លទ្ធផល​ជាង ៧០ ភាគរយ​នៃ​ការបោះឆ្នោត​។ នោះ​មាន​ន័យ​ថា​វា​ជា​ភាពជោគជ័យ​ដ៏ធំធេង​របស់​យើង​។ នេះ​ក៏ដោយ​សារ​ឆន្ទៈ​ប្រជាជន​កម្ពុជា​ដែល​បាន​បោះឆ្នោត​គាំទ្រ និង​ចែករំលែក​បន្ដ​តាម​បណ្ដាញ​សង្គម ហើយ​ក៏​មាន​ការបោះឆ្នោត​ឲ្យ​យើង​ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ៥០ ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​»​។

យោង​តាម​លោក Jaime Gill បាន​ដកស្រង់​សម្ដី​អ្នក​នាំពាក្យ​ឲ្យ Namati ដែល​បាន​ថ្លែង​លើ​វេទិកា​មុន​ពេល​ប្រគល់​ពានរង្វាន់​ថា​៖ «​ពាន​នេះ​បាន​អបអរ​ដល់​វរជន​យុត្ដិធម៌​ពី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​ទឹកចិត្ដ និង​ច្នៃប្រឌិត​ព្រម​ទាំង​មាន​ការប្ដេជ្ញា​ចិត្ដ​ខ្ពស់​។ ពួកគេ​ធ្វើឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លាំង​»​។

យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​មួយ​ស្ដីពី​ការទប់ស្កាត់​អំពើ​ហិង្សា​នៅក្នុង​គ្រួសារ​របស់​អង្គការ​ជីវិត​នៅ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ដ​សៀមរាប​បាន​ឈ្នះ​ពាន​យុទ្ធនាការ​បណ្ដាញ​សង្គម​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ក្នុង​ពាន Not For Profit Technology នៅ​ប្រទេស​អូស្ដ្រាលី​កាលពី​ថ្ងៃ​ទី​ ១២ ខែ​ឧសភា ឆ្នាំ​ ២០១៩ កន្លង​មក​។

គួរ​បញ្ជាក់​ថា​អង្គការ​ជីវិត​កម្ពុជា ឬ (This Life Cambodia) មាន​អាសយដ្ឋាន​ផ្ទះ ៥៦ ក្រុម​ទី​ ១០ ភូមិ​វត្ដ​បូ ឃុំ​សាលា​កំរើក ក្រុង​សៀមរាប ហើយ​ចំពោះ​ព័ត៌មាន​លម្អិត​សុំចូល​ទៅ​កាន់​គេហទំព័រ​ www.thislifecambodia.org ​និង​facebook@thislifecambodia៕