ក្រុងសេអ៊ូល៖ ក្រុមចម្រៀង Brave Girls បាត់បង់ជំនឿចិត្ដអស់រលីងកាលពីប៉ុន្មានសប្ដាហ៍ ហើយពួកគេក៏បានត្រៀមខ្លួនចែកផ្លូវគ្នា និងបោះបង់ក្ដីសុបិនធ្វើជាតារា K-pop ក្រោយពីតែលតោលលើវិថីនេះអស់ជាច្រើនឆ្នាំមក។
ហាក់បីដូចជាព្រហ្មលិខិតមិនបំបិទផ្លូវក្រុមចម្រៀងនារីនេះ។ គាប់ជួន អ្នកប្រើប្រាស់បណ្ដាញសង្គមយូធូបម្នាក់ឈ្មោះ Viditor បានបង្ហោះសម្រង់វីដេអូខ្លីៗនៃការសម្ដែងរបស់ក្រុមចម្រៀងស្រីមួយនេះនៅមូលដ្ឋានកងទ័ពកូរ៉េខាងត្បូង។ អ្វីដែលមិននឹកស្មានដល់ វីដេអូក្នុងយូធូបនោះ បានសង្គ្រោះអាជីពសិល្បៈរបស់ពួកគេឱ្យផ្ទុះប្រជាប្រិយភាពយ៉ាងខ្លាំងក្លា។
ពួកគេបានស្រែកច្រៀង «Rollin'' rollin'' rollin'' rollin''/I am waiting for you/Babe just only you» ជាមួយក្បាច់រាំបែបទាហាន និងគ្រវីចង្កេះពន្លឺភ្លើងពណ៌។ ការសម្ដែងនេះទទួលបានប្រជាប្រិយភាព និងមានអ្នកចូលទស្សនារាប់លានដងនៅទូទាំងប្រទេស។
មិនដល់មួយខែផង ចម្រៀងរបស់ពួកគេបានឈរលើចំណាត់ថ្នាក់លេខ ១ នៅកូរ៉េខាងត្បូង និងស្ថិតលើកំពូលតារាង Billboard K-pop 100 នៅសហរដ្ឋអាមេរិក ខណៈបទទាំងនេះបានចេញផ្សាយជាផ្លូវការតាំងពី ៤ ឆ្នាំមុនមកម្ល៉េះ។
ប្រជាប្រិយភាពរបស់ពួកគេបានកើនឡើងខ្លាំង ដោយសារប្រវត្ដិតស៊ូរបស់ក្រុម ដែលធ្លាប់ត្រូវបានគេចាត់ទុកថាតារាអាប់រស្មី។
ប្រធានក្រុម គីម មីនយ៉ាំង អាយុ ៣០ ឆ្នាំបានប្រាប់ទីភ្នាក់ងារ AFP ថា៖ «តាំងពីដើមឆ្នាំមក ខ្ញុំគិតថា វាដល់ពេលដែលយើងត្រូវបញ្ចប់បេសកកម្មរួមគ្នាហើយ»។
ក្រុម Brave Girls ចាប់ផ្ដើមអាជីពសិល្បៈក្នុងទ្រង់ទ្រាយជាក្រុមសមាជិក ៥ នាក់ កាលពីមួយទសវត្សរ៍មុន តែពួកគេមិនទទួលបានការគាំទ្រនោះទេ។ ពួកគេបានវិលមកជាថ្មីជាមួយសមាជិក ៧ នាក់ក្នុងឆ្នាំ ២០១៦ តែក្រុមតារាចម្រៀងស្រីនេះនៅតែទៅមុខមិនរួច។
ទើបតែប៉ុន្មានសប្ដាហ៍ចុងក្រោយ វីដេអូឃ្លីបរបស់ពួកនាងទទួលបានការចូលទស្សនាប្រមាណ ១៥ លានដងរយៈពេលមិនដល់មួយខែ។ អ្នកបង្ហោះវីដេអូសម្រង់ចម្រៀងនេះ ដែលបាននិយាយថា នាងមិនចង់លាតត្រដាងអត្ដសញ្ញាណផ្ទាល់ខ្លួន បានឱ្យដឹងថាខ្លួនពិតជាមានការភ្ញាក់ផ្អើលចំពោះប្រតិកម្មនៅលើយូធូបចំពោះក្រុម Brave Girls។
នាងបាននិយាយថា៖ «ប៉ុន្ដែខ្ញុំមិនធ្លាប់ជួបអ្វីល្បីខ្លាំងយ៉ាងនេះទេ។ ខ្ញុំនៅតែមិនជឿនូវអ្វីដែលបានកើតឡើងនេះសោះ»។
អភូតហេតុ K-pop ដោយមានក្រុមចម្រៀងបុរស BTS ជាគំរូស្រាប់ ដែលមានឈ្មោះបោះសំឡេងទូទាំងពិភពលោកបានរកចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់ប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទី ១២ ក្នុងពិភពលោក។
ក្រុមតារាល្បីៗជាច្រើន ដែលរមែងជាយុវជន និងយុវតី ត្រូវបានបង្កើតឡើងរៀងរាល់ឆ្នាំ ដោយពួកគេរំពឹងថា នឹងមានដំណើរជោគជ័យតាមរៀមច្បង BTS និង BlackPink តែភាគច្រើនក៏រលាយបាត់ទៅវិញភ្លាមៗ ដោយបន្សល់ទុកតែអនុស្សាវរីយ៍ចម្រៀងតិចតួចប៉ុណ្ណោះ។
លោក គីម ជិនយុង នាយកប្រតិបត្ដិផលិតកម្ម Wuzo Entertainment បានប្រាប់ AFP ថា៖ «ច្បាស់ណាស់ ក្រុមចម្រៀងថ្មី ៥០ ក្រុមបានហក់ចូលទីផ្សារតន្ដ្រីរៀងរាល់ឆ្នាំ តែមិនដល់ពាក់កណ្ដាល ដែលបានឡើងប៉ុស្ដិ៍ទូរទស្សន៍»។
ក្រុមហ៊ុននានាក្នុងឧស្សាហកម្ម K-pop កំពុងតែនាំគ្នាងាកចាប់បណ្ដាញសង្គម ដូចជា YouTube, TikTok និង Facebook ដើម្បីអភិវឌ្ឍក្រុមអ្នកគាំទ្រចំពោះក្រុមចម្រៀងនីមួយ។ ប៉ុន្ដែសម្រាប់ក្រុម Brave Girls វាជាក្រុមថ្មីសន្លាងមួយ ដែលមានលក្ខណៈប្លែកពីក្រុមដទៃ ដោយពួកគេហៀបលិចទៅហើយ ក៏ស្រាប់តែរះខ្ពស់ត្រដែតវិញមួយរំពេច។
សមាជិកម្នាក់នៃក្រុម Brave Girls នាង លី យូណា បានលាន់មាត់ពីការផ្ទុះប្រជាប្រិយភាពដូចផ្លេកបន្ទោនេះថា៖ «មានរឿងមិនគួរឱ្យជឿនឹងអ្វីដែលបានកើតឡើង និងបានកើតលើរូបយើងផ្ទាល់»៕ HR