ក្រុង​យ៉ាំងហ្គោន៖ កំហឹង​បាន​ផ្ទុះ​ឡើង​ក្នុង​ប្រទេស ​មីយ៉ាន់ម៉ា ក្រោយ​ពី​វីដេអូ​សិច​ ១២ នាទី ​ដែល​ថត​នៅ​ប្រាសាទ​បាហ្គាន ជា​ទីឋាន​ទេសចរណ៍​បុរាណឋាន​​ដ៏​ល្បីល្បាញ​ និង​ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​ UNESCO មួយ​ដែល​មាន​អារាម​ព្រះពុទ្ធ​សាសនា​រាប់​​ពាន់​។

ពួក​គេ​មិន​ទាន់​ដឹង​ថា​ អ្នក​ផលិត​វីដេអូ​ជា​នរណា​ និង​នៅ​កន្លែង​ណា​ឡើយ តែ​មីយ៉ាន់ម៉ា​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ថ្កោល​ទោស​ទេសចរ​បរទេស ២ នាក់​ ដែល​បាន​ប្រើ​ប្រាង្គ​ប្រាសាទ​បាហ្គាន ជា​ផ្ទៃ​ក្រោយ​នៃ​ឈុត​ឆាក​កុន​សិច​បង្ហោះ​លើ​វេបសាយ Pornhub។

វីដេអូ​ឃ្លីប​ត្រូវ​បាន​បង្ហោះ​លើ​វេបសាយ Pornhub កាល​ពី ២ ខែ​មុន ​ដោយ​អ្នក​ប្រើ​ប្រាស់​ឈ្មោះ YeeesYeeesYeees ដែល​បាន​ហៅ​ខ្លួន​ថា គូ​ស្នេហ៍​អ៊ីតាលី​វ័យ ២៣ ឆ្នាំ ​ដោយ​រំលេច​នូវ​ស្នាម​សាក់ និង​ចោះ​ក្រវិល​ពេញ​ខ្លួន​។

វីដេអូ​នេះ​ត្រូវ​បាន​ចូល​មើល​ជាង ៣២ ម៉ឺន​ដង ​មុន​ពេល​ត្រូវ​បាន​លុប​ចេញ​ពី​វេបសាយ​សិច​ដ៏​ធំ​បំផុត​ក្នុង​លោក​មួយ​នេះ​។ យោង​តាម​វេបសាយ គូស្នេហ៍​ទាំង ​២ បាន​បង្កើន​អ្នក subscribe ជាង ៨១ ០០០ នាក់ ហើយ​មាន​អ្នក​ចូល​មើល​វីដេអូ​របស់​ខ្លួន​ជាង ៣៥ លាន​ដង​​តាំង​ពី​ពួក​គេ​បាន​ចូលរួម​ជាង ១១ ខែ​។

​រូបតំណាង៖ វីដេអូ​សិច​ថតនៅ​បាហ្គាន​ត្រូវបាន​បង្ហោះ​ចូល​ Pornhub​​។ AFP

ប៉ុន្ដែ​វីដេអូ​អាសគ្រាម​ដែល​​ប្រើ​ទិដ្ឋភាព​អារាម​បុរាណ​នៅ​ក្នុង​​បរិវេណ​​ប្រាង្គ​ប្រាសាទ​​បាហ្គាន មិន​សូវ​មាន​គេ​ស្គាល់​ថា​នៅ​មីយ៉ាន់ម៉ា​នោះ​ទេ តែ​ការ​ថ្កោល​ទោស​ត្រូវ​បាន​ធ្វើ​ឡើង​ពេញ​បណ្ដាញ​សង្គម​។

Mg Khin Gyi បាន​សរសេរ​លើ​ហ្វេសប៊ុក​ដោយ​បាន​ដាក់​រូបភាព​កំហឹង​​​ថា​៖ «អារាម​នៅ​បាហ្គាន​របស់​យើង ​គឺ​ជា​ដែន​ដី​ពិសិដ្ឋ​»។

វីដេអូ​ដ៏​គួរ​ឲ្យ​ងឿង​ឆ្ងល់​នេះ​ត្រូវ​បាន​ចូល​មើល​ជិត ២៥ ម៉ឺន​ដង ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ តែ​មាន​ចំនួន​អ្នក​មិន​ចូលចិត្ដ «dislikes» ច្រើន​ជាង​ចូលចិត្ដ «likes»។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍​ New Fantastic Asia លោក Tun Tun Naing បាន​ចោទ​សួរ​នូវ​អ្វី​ដែល​ហៅ​ថា «​សន្ដិសុខ​ធូរ​រលុង​» នៅ​​តំបន់​បេតិកភណ្ឌ​ បាហ្គាន និង​អំពាវនាវ​ឲ្យ​មាន​វិធានការ​។

អគ្គនាយក​សហជីព​នៃ​សមាគម​ទេសចរណ៍​មីយ៉ាន់ម៉ា ក្រុង​​ម៉ាន់ដាឡាយ Myo Yee ​បន្ថែម​ថា ចំពោះ​សំឡេង​បន្ទរ​ពី​ការ​​រិះគន់​​លោក​បាន​និយាយ​ថា ករណី​នេះ​ជា​ដំណឹង​អាក្រក់​សម្រាប់​ឧស្សាហកម្ម​ដែល​រងគ្រោះ​ដោយ​ការ​រីក​រាល​ដាល​វីរុស​កូរ៉ូណា​។

លោក​បាន​ប្រាប់ AFP ថា​៖ «​វា​គឺជា​វេលា​ដ៏​សែន​ពិបាក​សម្រាប់​យើង ពីព្រោះ​ទេសចរ​ជា​​ច្រើន​មិន​មក​ទី​នេះ​ទេ​»៕ AFP/HR