សៀមរាប៖ ដើម្បី​អបអរ​ទិវា​សកម្ម​និយម​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​រយៈពេល ១៦ ថ្ងៃ អង្គការ​ជីវិត​នៅ​កម្ពុជា ​(TLC) មូលដ្ឋាន​នៅ​សៀមរាប បង្កើត​យុទ្ធនាការ​ថ្មី​ បំណង​ឲ្យ​បុរស​ងាក​ចេញ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​លើ​ស្ដ្រី​។

យក​គំរូ​តាម​សុភាសិត​ខ្មែរ​បុរាណ «កម្ពុជា ​គឺ​ជា​ឈាម​ជ័រ​អ្នក​ចម្បាំង​» តាំង​ពី​សម័យ​អាណាចក្រ​ខ្មែរ «​អ្នក​ប្រយុទ្ធ​មាន​គុណធម៌​​» ជា​យុទ្ធនាការ​វីដេអូ​ផ្សព្វផ្សាយ​ថ្មី​ដែល​ដឹកនាំ​ដោយ កំពូល​តារា​គុន​ខ្មែរ​​ និង​ក្បាច់​គុន​ចម្រុះ​ដ៏​ល្បីល្បាញ​លើ​ឆាក​អន្ដរជាតិ​លោក ចាន់​ រតនា បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​លើ​បណ្ដាញ​សង្គម។

លោក ចាន់ រតនា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​​ខ្លួន​ថា៖ «​​ខ្ញុំ​ពិត​ជា​មាន​មោទនភាព ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​យុទ្ធនាការ​ដ៏​អស្ចារ្យ​នេះ​ ហើយ​វា​ក៏​ជា​អ្វី​ដែល​ខ្ញុំ​គាំទ្រ​ពេញ​ទំហឹង​ផង​ដែរ​។ ខ្ញុំ​បាន​ហ្វឹកហាត់​គុន​​ខ្មែរ​តាំង​ពី​កុមារ​ភាព ហើយ​វា​បាន​បង្រៀន​យើង​កុំ​ឲ្យ​ប្រើ​ហិង្សា​ខាង​ក្រៅ​សង្វៀន​ប្រកួត​ និង​ផ្ដល់​ការ​គោរព​ចំពោះ​គ្នា ជា​ពិសេស​ស្ដ្រី​»។

វីដេអូ​ឃ្លីប រយៈពេល ២ នាទី «​អ្នក​ប្រយុទ្ធ​មាន​គុណធម៌» មាន​ការ​ពេញ​និយម​ ដែល​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បន្ដ​ចែក​ចាយ​ជាង ១ ម៉ឺន​ដង ទស្សនា​ជាង ១ លាន​ដង​ និង​ចុច like និង love ជាង ៣ ៤០០០ ដង​។ សំណេរ​ និង​សារ​វិជ្ជមាន​រាប់​រយ​ត្រូវ​បាន​សរសេរ​ជា​បន្ដ​បន្ទាប់​។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ​Hengchea ​បាន​សរសេរ​​ថា​៖ «ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា​ ខ្ញុំ​ពេញ​ចិត្ដ​ចូលរួម និង​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​យុទ្ធនាការ​ប្រកប​ដោយ​អត្ថន័យ​នេះ។ ខ្ញុំ​ក៏​សុំ​ក្រើន​រំឭក និង​រួម​ស្មារតី​ជា​ខ្មែរ​តែ​មួយ​ ជាពិសេស​ក្មេង​ៗ​ជំនាន់​ក្រោយ។ យើង​អាច​រស់នៅ​ក្នុង​សន្ដិភាព និង​សុភមង្គល​រួម​គ្នា​»។

ទិវា​អបអរសកម្មនិយម​ប្រឆាំង​អំពើ​ហិង្សាក្នុងគ្រួសារ​រយៈពេល ១៦ ថ្ងៃ​​​​។ រូបថត សហ​ការី

យ៉ាងណា​មិញ ជា​អកុសល​របាយការណ៍​របស់ TLC បាន​បង្ហាញ​ថា បុរស​ម្នាក់​ចំណោម ៣ នាក់ ​បាន​យល់​ច្រឡំ​ពី​ពាក្យ​ «​អ្នក​ចម្បាំង» ឬ «​អ្នក​ប្រយុទ្ធ​» និង​បាន​សារភាព​ថា ខ្លួន​បាន​ប្រើ​ហិង្សា​លើ​រាងកាយ ឬ​ផ្លូវ​ភេទ​លើ​ដៃគូ​យ៉ាង​ហោច​ណាស់​ម្នាក់​ក្នុង​មួយ​ឆាក​ជីវិត។​

យុទ្ធនាការ​មួយ​នេះ ចង់​បង្ហាញ​ពី​ទស្សនៈ​ «​អ្នក​ប្រយុទ្ធ​មាន​គុណធម៌» សំដៅ​លើ​បុគ្គល​ដែល​ការពារ​ស្ដ្រី និង​កុមារ​ និង​មិន​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចាប់​។

អ្នក​លេង​គុន​ខ្មែរ លោក ចាន់ រតនា បាន​បន្ដ​ថា​៖ «​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​បាន​ដឹង​ថា បុរស​ខ្មែរ​ម្នាក់​ចំណោម ៣ នាក់ ​សារភាព​ថា ធ្លាប់​បាន​វាយ​តប់ស្ត្រី​ ហើយ​ពេល​នេះ គួរ​តែ​បញ្ឈប់​ហើយ​។ មេត្ដា​ធ្វើ​ជា​អ្នក​ប្រយុទ្ធ​ដ៏​មាន​គុណធម៌ និង​សន្យា​​បញ្ឈប់​ធ្វើ​ឲ្យ​ស្ដ្រី​ឈឺ​ចាប់​»។

TLC មាន​បំណង​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គ្រប់​ពេលវេលា​ដោយ​​​ធ្វើ​ការ​ជាមួយ​ស្ដ្រី​ងាយ​រងគ្រោះ ​កុមារ​សិក្សា និង​អាជ្ញាធរ​មូលដ្ឋាន​រាប់​ពាន់​នាក់ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឫសគល់​នៃ​អំពើ​ហិង្សា​។

លោក Billy Gorter ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្ដិ​អង្គការ TLC បាន​ឲ្យ​ដឹង​ថា​៖ «​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មិន​មែន​តែ​ជា​បញ្ហា​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ជា​បញ្ហា​សកល​លោក​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្ដ្រី​ម្នាក់​ក្នុង​ចំណោម ៣ នាក់ ​នៅ​ទូទាំង​ពិភព​លោក​​ប្រឈម​អំពើ​ហិង្សា​នា​ពេល​ណា​មួយ​នៃ​ឆាក​ជីវិត។ ដល់​ពេល​ត្រូវ​បញ្ឈប់​ហើយ​ ហើយ​នោះ​មាន​ន័យថា បុរស​ៗ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​។ យើង​ទាំង​អស់​គ្នា​ ទាំង​ប្រុស​ និង​ស្រី ត្រូវ​និយាយ​​ថា យើង​នឹង​មិន​អត់​ឱន​ឡើយ​ មិន​ត្រឹម​តែ​នៅ​កម្ពុជា​ទេ គឺ​ទូទាំង​ពិភព​លោក​»។

លោក​បន្ដ​ថា​៖ «​យើង​រីករាយ​ ដែល​មនុស្ស​ប្រុស​ចែក​រំលែក​សារ​នេះ​ក្នុង​ចំនួន​ដ៏​ច្រើន​។ នោះ​ជា​ជំហាន​ឆ្ពោះ​ទៅ​​មុខ ទោះ​នៅ​មាន​រយៈ​ពេល​យូរ​ទៀត​យ៉ាង​ណា​ក៏​ដោយ​»។

វីដេអូ​អប់រំ​នេះ​ថត​នៅ​សង្វៀន​គុន​ខ្មែរ ដោយ​អ្នក​ទស្សនា​មើល​ ចាន់ រតនា រៀបចំ​ខ្លួន​ឡើង​ប្រកួត ហើយ​មហាជន​មាន​ការ​រំភើប​រីករាយ​​ចំពោះ​ព្រឹត្ដិការណ៍​នោះ​។ ប៉ុន្ដែ​តាម​ការ​ពិត វា​បង្ហាញ​លទ្ធផល​ថា គូ​ប្រជែង​របស់​លោក រតនា គឺ​ជា​ស្ដ្រី​ស្ថិត​ក្នុង​សភាព​ភ័យ​ខ្លាច​ម្នាក់​ សម្ដែង​ដោយ​តារា​ស្រី នៅ ដាណា​។

អ្នកលេង​គុនខ្មែរ លោក ចាន់ រតនា​​ ចូលរួម​យុទ្ធនាការ TLC។ រូបថត សហ​ការី

ខណៈ​មហាជន​កំពុង​បង្ហាញ​ពី​ភាព​តក់​ស្លុត ភ័យ​ខ្លាច និង​កំហឹង លោក​ រតនា បាន​ដោះ​ហ្គង់​ដៃ​បញ្ឈប់​បំណង​វាយ​ដៃគូ​ជា​ស្ដ្រី​ និង​ជួយ​គ្រាហ៍​នាង​ឡើង​ ដែល​ទទួល​បាន​ការ​សាទរ​ពី​ទស្សនិកជន​យ៉ាង​កង​រំពង​ និង​ទទួល​បាន​ខ្សែ​ក្រវាត់ «​អ្នក​ប្រយុទ្ធ​មាន​គុណធម៌​»។

លោក Billy Gorter បាន​បន្ដ​ថា​៖ «​សារ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ខណៈ​​មនុស្ស​ជា​ច្រើន​រីករាយ​នឹង​ទស្សនា​កីឡា​វាយ​គ្នា​ តែ​ពួក​គេ​ក៏​មិន​ពេញ​ចិត្ដ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ផ្ទះ​នោះទេ​»។

នេះ​មិនមែន​ជា​ការ​ផ្សព្វផ្សាយ​ចំណេះ​ដឹង​តែ​មួយ​មុខ​នោះ​ទេ​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​ឲ្យ​ចូលរួម​តាម​មធ្យោបាយ​ផ្សេងៗ​ថែម​ទៀត។

ពួក​គេ​ត្រូវ​បាន​ស្នើ​ឲ្យ​ចុះ​ឈ្មោះ​ទទួល​​គោលការណ៍​ទាំង​ ៣ ​ចំណុច​របស់ «​អ្នក​ប្រយុទ្ធ​មាន​គុណធម៌​» គឺ​មិន​ប្រើ​អំពើ​ហិង្សា​លើ​បុគ្គល​ដែល​ងាយ​​រងគ្រោះ​ដូចជា ស្ត្រី និង​កុមារ​គោរព​​មនុស្ស​ទាំង​អស់ ជា​ពិសេស​ស្រ្តី និង​ផ្ដល់​ការ​​ប្រៀន​ប្រដៅ​កូនៗ​​ឲ្យ​គោរព​ស្រឡាញ់​គ្នា​។

លោក ឈិន សែ នាយករង​នៃ​អង្គការ​ជីវិត​នៅ​កម្ពុជា​បាន​និយាយ​ថា៖ «​យើង​ពិត​ជា​​រីករាយ​ណាស់​ដែល​បុរស​កម្ពុជា​បាន​គាំទ្រ​យុទ្ធនាការ​នេះ​ ជាពិសេស​បុរស​ទូទៅ​រាប់​ពាន់​នាក់​ ដែល​​បាន​ចែក​រំលែក​វីដេអូ​ និង​អ្វីៗ​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​នេះ​»។

អង្គការ TLC បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​មាន​ការ​ចូលរួម​ពី​តារា​កិត្ដិយស​ជា​ច្រើន ដូចជា ចាន់ រតនា តារា​បាល់ទាត់​កូន​កាត់ ធារី ចន្ថាប៊ីន និង​កូន​កង្កែប សំ ថារ័ត្ន​ ជាដើម​។

លោក សែ បាន​បន្ដ​ថា​៖ «​យើង​ដឹង​ថា បុរស​កម្ពុជា​ជា​ច្រើន​ចូលចិត្ដ ចាន់ រតនា។ ដូច្នេះ យើង​អរគុណ​ដែល​គាត់​យល់​ព្រម​សម្ដែង​ក្នុង​វីដេអូ​ និង​លើក​ទឹក​ចិត្ដ​អ្នក​គាំទ្រ​របស់​គាត់​»។

អំឡុង​ពេល​ទិវា​រយៈ​ពេល ១៦ ថ្ងៃ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃទី​ ២៥ ខែ​វិច្ឆិកា អង្គការ TLC នឹង​រៀបចំ​ពិធី​ជួប​ជុំ​​ជាច្រើន​នៅ​តាម​បណ្ដា​សហគមន៍​ ជាទី​ដែល​ស្ដ្រី និង​ក្មេង​ស្រី​នាំ​គ្នា​ដើរ​ក្បួន​តាម​ដង​ផ្លូវ​ដើម្បី​ផ្សព្វផ្សាយ​អំពើ​ហិង្សា​ ដែល​គាំទ្រ​ដោយ​បុរស​ និង​រួម​គ្នា​ធានា​ថា សារ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​​ទូលំទូលាយ​៕