ភ្នំពេញ៖ ទើប​តែ​បាន​រួម​ចំណែក​​បរិច្ចាគ​​ប្រាក់​មូលនិធិ​​សប្បុរសធម៌ ​ដើម្បី​ទប់ស្កាត់​វីរុស​កូរ៉ូណា​ចំនួន ១ លាន​រៀល​មុន​នេះ​សោះ​​ ក៏​ស្រាប់​តែ​​តារា​​​ចម្រៀង​​​ប្រុស​​ឈរ​លំដាប់​កំពូល​​នៅ​ផលិតកម្ម​​សាន់ដេ ​លោក ឆាយ វីរៈ​​យុទ្ធ​ និង​​​​ឧត្តម​​​​​ភរិយា បាន​ប្រកាស​ជួយ​​ស្បៀង​​អាហារ​​ចាំ​​បាច់ ​គឺ​អង្ករ​មាន​ចំនួន​​​សរុប ៧,៥ តោន ជូន​ដល់​​អ្នក​សហគមន៍​​ខ្វះខាត នៅ​​​ក្នុង​​គ្រា​មាន​វិបត្តិ​ ដែល​បាន​បង្ក​ឡើង​ដោយ​​មេរោគ​កូវីដ ១៩ ក្នុង​ប្រទេស ​កម្ពុជា​។​

តារា​​ចម្រៀង​ប្រុស​​មាន​ មាឌ​​ល្អិត សំឡេង​ក្រអួន​ តែ​មាន​ទឹក​ដម​ ស្រូប​បាន​ប្រជាប្រិយភាព​ខ្លាំង​​នៅ​ទ្រនំ​​ផលិតកម្ម​​​សាន់ដេ លោក ឆាយ វីរៈយុទ្ធ ក៏​ត្រូវ​បាន​​​មហាជន​​លាន់មាត់​សរសើរ​ពី​ភាព​ប៉ិន​ប្រសប់​ និង​​ទេពកោសល្យ​​​​ឧត្តម​ភរិយា​របស់​លោក ​ដែល​តែង​តែ​​​ឆ្លៀត​និពន្ធ​ទំនុក​ច្រៀង​ឲ្យ​ប្តី​ជា​រឿយៗ ហើយ​​កាន់​តែ​ជួយ​ឲ្យ​សម្បូរ​​​​នូវ​ការ​គាំទ្រ​ខ្លាំង​ឡើងៗ​ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ទឹកចិត្ត​​សប្បុរស​នៅ​ក្នុង​​ការ​ចូល​រួម​សកម្មភាព​សង្គម​ផង​ដែរ​​។

នាពេល​ថ្មីៗ​នេះ​ កំពូល​​តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​សាន់ដេ ឆាយ វីរៈយុទ្ធ និង​ភរិយា ប្រកាស​ជួយ​ស្បៀង​ចាំបាច់​ គឺ​អង្ករ ដោយ​​លោក និង​​​ភរិយា ក៏​មាន​អាជីវកម្ម​​លក់​អង្ករ​មាន​យីហោ​ថា «ស្តេច​អង្ករ»​ នោះ ជូន​ទៅ​ដល់​សហគមន៍​​ខ្វះខាត​​ ៣ ផ្នែក​សំខាន់ៗ នា​គ្រា​កំពុង​តែ​មាន​វិបត្តិ​ ដែល​​​បង្ក​ឡើង​ដោយសារ​តែ​ មេរោគ​ឆ្លង​គួរ​ឲ្យ​ភ័យ​ខ្លាច​កូវីដ ១៩ ខណៈ​បើ​គិត​មក​ត្រឹម​ថ្ងៃ​ចុង​សប្តាហ៍​មុន​​នេះ មាន​ចំនួន​សរុប ៧,៥ តោន។

លោក ឆាយ វីរៈ​យុទ្ធ បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​​ការ​​ឧបត្ថម្ភ​អង្ករ​ទាំង​​នោះ​ថា៖ «​ការ​​​ឧបត្ថម្ភ​នេះ ចែក​ជា ​៣ ចំណែក​ធំៗ គឺ​អង្ករ​ចំនួន​​ ៣​ តោន ជួយ​បងប្អូន​​អ្នក​​សិល្បៈ​ខ្វះខាត ចំនួន ៣ តោន ជួយ​ដល់​បងប្អូន​​​​ខ្មែរ​​ទូទៅ ដែល​ជួប​​​នូវ​បញ្ហា​ខ្វះខាត​ស្បៀង​ ដោយ​យើង​​​បាន​​ប្រគល់​ជូន​ឲ្យ​សមាគម​សិល្បករ​ខ្មែរ​របស់​បង ហេង ឡុង មាន​រយៈពេល​ ៣ ខែ​​។ ដោយ​​​ឡែក​​កាល​ពី​ថ្មីៗ​នេះ យើង​ក៏​បាន​ជួយ​អង្ករ​ចំនួន ១,៥ តោន បន្ថែម​​​ទៀត​តាម​រយៈ​​ព្រះ​សង្ឃ ដែល​​​គង់​នៅ​​ឯ​វត្ត​​ធម្មយុត្តិ​ ស្ថិត​ក្នុង​ក្រុង​កំពង់ឆ្នាំង ​​ខេត្ត​កំពង់ឆ្នាំង។ ដោយ​ក្នុង​នោះ យើង​ក៏​បាន​ប្រគេន​​​ព្រះអង្គ​ចំនួន​កន្លះ​​តោន និង​ចំនួន​ ១ តោន ទៀត ​យើង​ជួយ​ទៅ​ដល់​បងប្អូន ដែល​​មាន​ជីវ​ភាព​ខ្វះ​ខាត​នៅ​តំបន់​ក្នុង​ខេត្ត​​កំពង់ឆ្នាំង​​​»។​​

កំពូល​​តារា​ចម្រៀង​ប្រុស ​ប្រចាំ​នៅ​ផលិតកម្ម​សាន់ដេ លោក ឆាយ វីរៈ​យុទ្ធ ក៏​​​បាន​បញ្ចាក់​ដែរ​ថា​​៖ «​ចំពោះ​អង្ករ​ចំនួន​ ​៦ តោន ដែល​ខ្ញុំ និង​ភរិយា បាន​​​​​ជូន​​​តាមរយៈ​សមាគម​សិល្បៈ​នោះ បងប្អូន​អាច​​ទំនាក់​ទំនង​ទៅ​​ខាង​​គាត់​បាន​​ចាប់​ពេល​នេះ​​ទៅ​រយៈពេល​ ៣ ​ខែ​»។

ដោយ​ឡែក​​ក្នុង​​​វិស័យ​សិល្បៈ​ចម្រៀង​វិញ តារា​ចម្រៀង​ប្រុស​លោក ឆាយ វីរៈ​យុទ្ធ ពិត​ជា​សំណាង​ណាស់ ដោយ​លោក​ក៏​មាន​ភរិយា​ជា​ទី​ស្រឡាញ់​​ចូល​​ចិត្ត​សិល្បៈ​ចម្រៀង​ដូចជា​លោក ហើយ​ចេះ​​​និពន្ធ​​​ទំនុក​​​​ច្រៀង សម្រាប់​លោក​ច្រៀង​ជា​រឿយៗ​​។​

លោក ឆាយ វីរៈយុទ្ធ ក៏​ធ្លាប់​បាន​​បង្ហើប​ពី​អារម្មណ៍​​សប្បាយ​ចិត្ត​ចំពោះ​ការ​យក​​ចិត្ត​ទុក​ដាក់​ពី​​​សំណាក់​​ភរិយា​លោក​ ដែល​​​កើត​ចេញ​ពី​សេចក្តី​ស្រឡាញ់​ចូលចិត្ត​​វិស័យ​សិល្បៈ​​ ហើយ​​ចេះ​និពន្ធ​ទំនុក​​ច្រៀង បើ​​ទោះបី​ជា​មាន​​តួនាទី​ភរិយា​ផង ម្តាយ​ផង និង​មាន​ភាព​មមាញឹក​ទៅ​នឹង​ការ​ប្រកប​របរ​រកស៊ី ​គឺ​ជា​ថៅកែ​ហាង​លក់​អង្ករ​​​​​យី​ហោ​​ថា​ «​ស្តេច​អង្ករ​»- ​មែន​ក្តី តែ​នៅ​តែ​អាច​ឆ្លៀត​​​ពេល​មក​និពន្ធ​ទំនុក​ច្រៀង​ឲ្យលោក​ជា​​ស្វាម​ី​​​ផង​​ដែរ​។​

គួរ​បញ្ជាក់​ដែរ​ថា លោក ឆាយ វីរៈ​យុទ្ធ បាន​រៀប​មង្គលការ​តាម​គន្លង​​ប្រពៃណី​ខ្មែរ​នឹង​កូន​ក្រមុំ​​ជា​កូនស្រី​ថៅ​កែ​​រោង​ម៉ាស៊ីន​កិន​ស្រូវ​ នៅ​ខេត្ត​កំពង់ចាម​កាល​​ពី​ឆ្នាំ ​២០១៧ មាន​ឈ្មោះ​ថា សែ ចាន់ឌី និង​មួយ​រយៈ​ក្រោយ​មក​​ក៏​បាន​​បើក​​អាជីវកម្ម​​ហាង​​​លក់​​អង្ករ​​ខ្នាត​ធំ​មួយ​ដែល​មាន​យីហោ​ថា​ «​ស្តេច​អង្ករ​» ដែល​អ្នក​ទាំង ​២ បាន​ប្រើ​ដើម​ទុន​រក​ស៊ី​នោះ​​មាន​ចំនួន​ ១ សែន​ដុល្លារ ហើយ​នា​​ពេល​​បច្ចុប្បន្ន​នេះ​ អ្នក​ទាំង ២ ​ក៏​មាន​កូនស្រី​ជា​​ចំណង​ស្នេហ៍​​អាពាហ៍ពិពាហ៍​​៕​