ភ្នំពេញៈ ទើបតែបានស្ងាត់អំពីការបង្ហើរសារមួយឃ្លាអមដោយឈុតកូនក្រមុំហាក់ដូចជាចង់បង្ហាញពីដំណឹងល្អជិតចូលរោងការក៏លេចឮថា តារាចម្រៀងស្រីស្រស់ កញ្ញា វ៉ាន់ នីឡា គ្រោងនឹងវិលចូលសិល្បៈវិញនៅឆ្នាំ ២០២០ ដែលជ្រកក្រោមផលិតកម្មថ្មីជារបស់បងប្រុសបង្កើតនាងលោក សុខ ជំនោរ។
តារាចម្រៀងស្រីជ្រកក្រោមទ្រនំភ្លេងរីខត កញ្ញា វ៉ាន់ នីឡា បានបាត់ទាំងមុខទាំងសំឡេងក្នុងការបំពេអារម្មណ៍ប្រិយមិត្តអ្នកស្តាប់មួយរយៈយូរគួរសមក៏ដោយសារតែរឿងអតីតដែលបានជំពប់រឿងអាស្រូវស្នេហាដោយសារអតីតមិត្តប្រុសទម្លាយរូបអាក្រាត និងរង់ចាំការរកភាពយុត្តិធម៌ពីផ្លូវច្បាប់ ទើបបន្លាយពេលវេលារហូតដល់បច្ចុប្បន្ន។
យ៉ាងណាបើមើលបច្ចុប្បន្នភាពរបស់កញ្ញា សុខ ចិន្តា ហៅកញ្ញា វ៉ាន់ នីឡា នោះគឺមានភាពប្រក្រតីវិញសម្រាប់អារម្មណ៍របស់នាង ហើយកាន់តែពិសេសនោះកញ្ញាក៏កំពុងតែត្រៀមខ្លួនវិលមកប្រឡូកវិស័យសិល្បៈចម្រៀងវិញផងដែរ នៅឆ្នាំក្រោយគឺឆ្នាំ ២០២០។
កញ្ញា វ៉ាន់ នីឡា បានបង្ហើបប្រាប់ថា៖ «ចាស!បង នាងខ្ញុំពិតជាមានគម្រោងវិលចូលសិល្បៈចម្រៀងវិញមែន ខណៈកាលពីដើមឆ្នាំនេះ នាងខ្ញុំធ្លាប់បង្ហើបដែរថានឹងចូលវិញនៅពាក់កណ្តាលឆ្នាំនេះ។ តែដោយសារគិតម្តងទៀតវិញទៅ ក៏នឹកគិតថាកាលណាវិលចូលវិញត្រូវតែមានអ្វីឲ្យប្លែកសម្រាប់ការបំពេអារម្មណ៍ប្រិយមិត្ត ទើបបានជារឿងល្អ ហើយខ្ញុំក៏មិនចង់វិលវិញដោយខ្វះការគាំទ្រនោះឡើយ។ ហេតុដូច្នេះហើយនាងខ្ញុំក៏សម្រេចសាជាថ្មីថានឹងគ្រោងចូលសិល្បៈវិញ នៅឆ្នាំក្រោយដោយទុកពេលនៅឆ្នាំនេះសម្រាប់ការបង្កើតថ្មីរបស់ខ្លួន ជាពិសេសនោះការផលិតជាបទចម្រៀងប្រភេទអូរីជីណលតែម្តង ដោយនាងខ្ញុំត្រូវមានបងជំនោរ ជាអ្នកនិពន្ធទំនុកច្រៀង និងភ្លេងដូចជាកាលនាងខ្ញុំនៅផលិតកម្មភ្លេងរីខតនោះដែរ»។
កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា បានបន្តថា៖ «ការចេញមុខម្តងទៀតអាចនិយាយបានថាគឺជាការសហការជាមួយនឹងបងប្រុសនាងខ្ញុំ ក្រោមផលិតកម្មរបស់គាត់គឺ BigReel Films។ នាងខ្ញុំនឹងចេញចម្រៀងប្រភេទអូរីជីណលដែលជាការច្រៀងទោលតែប៉ុណ្ណោះ មិនទាន់គិតថានឹងចេញជាបទដែលត្រូវច្រៀងលក្ខណៈជាគូនោះឡើយ»។
មុននេះបន្តិចកញ្ញា វ៉ាន់ នីឡា បានបង្ហោះបង្ហើបសាររឿងរបស់ខ្លួនបែបជាការតាំងចិត្តយ៉ាងមុតមាំថា៖ «មិនសំខាន់ទេ ថាអ្នកណាដែលបានធ្វើឲ្យយើងឈឺចាប់ និងអាប់អោនអ្វីដែលសំខាន់នោះគឺថាបានជួបអ្នកដែលធ្វើឲ្យរូបយើងមានកើតនូវស្នាមអ្វីជាស្នាមញញឹមម្តងទៀត» ជាមួយនឹងការស្លៀកឈុតរ៉ូបកូនក្រមុំពណ៌ស ដៃកាន់កម្រងផ្កាក៏ពណ៌ស បានបង្កើតការងឿងឆ្ងល់ពីសំណាក់អ្នកលេងបណ្តាញនៃអ៊ីនស្តាក្រាមតែម្តង៕