ភ្នំពេញ៖ ថ្មីៗនេះបង្កើតភាពភ្ញាក់ផ្អើលពីអ្នកលេងបណ្តាញសង្គម ស្រាប់តែអតីតតារាចម្រៀងទ្រនំភ្លេងរីខតឈ្មោះពិត សុខ ចិន្តា ហៅ វ៉ាន់ នីឡា បញ្ចេញសារប្រតិកម្មខ្លាំង ចំពោះអ្នកដែលនិយាយអុចអាល និងសើរើពីរឿងអតីតកាលរបស់ខ្លួន។ ខណៈតារាស្រីរូបនេះ ក៏ឆ្លៀតបង្ហាញមុខមាត់ម្ចាស់ចិត្តថ្មីរបស់ខ្លួនផងដែរ ក្រៅពីសារតបនឹងអ្នកធ្វើខ្លួនក្តៅក្រហាយចិត្ត។
អតីតជាតារាចម្រៀងជ្រកនៅទ្រនំភ្លេងរីខត ជាបុត្រសម្ព័ន្ធផលិតកម្មហង្សមាស ដែលធ្លាប់បានជំពប់រឿងអាស្រូវស្នេហា ដោយសារតែអតីតមិត្តប្រុសលួចទម្លាយរូបអាក្រាតកញ្ញា វ៉ាន់ នីឡា ចេញសារព្រលះអ្នកសើរើរឿងចាស់ខ្លួនថា៖ «ផ្ញើជូនមនុស្សមួយចំនួន ខ្ញុំដឹងខ្លួនថា ខ្ញុំមានអតីតកាលមិនល្អ តែខ្ញុំអត់ដែលទៅឆក់ប្លន់ធ្វើបាបអ្នកណា ឬមាត់ឆ្កែដូចពួកអ្នកដែលដៀលត្មះគេនោះទេ មានពេលយកពេលវេលានេះ ទៅឈឺឆ្អាល នឹងក្រពះខ្លួនឯងសិន ចាំមកវិភាគហែករឿងរបស់គេ ហើយកុំភ្លេចការពារកូនក្មួយស្រី អស់លោកឯងឱ្យបានល្អ។ ដើរឃ្វាលគ្រប់វិនាទីក្រែងលោចិត្តទន់ ជឿសម្តីគេដូចខ្ញុំ បើសិនកូនក្មួយពួកលោកឯងជួបរឿងដូចខ្ញុំ ប្រហែលមួយៗទៅចងក ហក់ទឹក ងាប់បាត់អស់ហើយ។ ខ្ញុំអត់ចង់ជេរលើសហ្នឹងទេ ព្រោះមួយចំនួន fake profile ទោះជេរវា ក៏វាមិនចេះឈឺដែរ លុះត្រាតែរឿងនេះកើតឡើងលើគ្រួសារពួកគាត់»។
យ៉ាងណាគេក៏ឃើញមានអ្នកបណ្តាញសង្គមជាច្រើន និងជាមិត្តគាំទ្រកញ្ញា វ៉ាន់ នីឡា បញ្ចេញយោបល់លួងចិត្តកញ្ញាឱ្យស្ងប់ដែរថា៖ «កុំតបតនឹងពួកមនុស្សទាំងនោះអី សំខាន់បច្ចុប្បន្ន និងអនាគត អតីតកាលគ្រាន់តែជាពេលវេលាដែលឱ្យយើងឆ្លងកាត់ និងសិក្សាពីវាទេ។ គេនិយាយអាក្រក់ពីយើងព្រោះចង់ឱ្យយើងខឹង នៅពេលណាយើងខឹងបំណងគេបានសម្រេច ធ្វើឱ្យគេសប្បាយចិត្ត ប្អូនត្រូវគិតថា គេនោះជាអ្នកណា ហេតុអ្វីមានឥទ្ធិពលខ្លាំងម្ល៉េះ អាចធ្វើឱ្យយើងខឹង ឈឺចាប់បានជឿបងចុះជីវិតជារបស់យើងកុំឱ្យអ្នកណាម្នាក់មកបញ្ជាឱ្យយើងសប្បាយ ឫកើតទុក្ខបានឱ្យសោះ សម្ដីណាអវិជ្ជមានកុំយកត្រចៀកស្ដាប់»។
កញ្ញា វ៉ាន់ នីឡា ក៏ឆ្លៀតបង្ហើរសារអមដោយរូបសិ្នទ្ធស្នាលនឹងបុរសម្នាក់ ដែលទំនងជាម្ចាស់ចិត្តថ្មីនោះថា៖ «អរគុណខ្លាំងណាស់ម្ចាស់ចិត្ត សម្រាប់ពេលមួយរយៈនៅជាមួយអូន! អូនស្រឡាញ់បងគ្មានលក្ខខណ្ឌឡើយ»៕