ភ្នំពេញៈ ចាប់តាំង​ពី​អវត្តមាន​ក្នុង​ពិធី​មង្គល​ជ័យ​បង​ប្រុស​បង្កើត​ជា​កវីនិពន្ធ​បទ​ចម្រៀង​ដ៏​ល្បី លោក សុខ ជំនោរ កាល​ពី​ថ្ងៃ​ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ មក តារា​ចម្រៀង​ស្រី​ជ្រក​ក្រោម​ទ្រនំ​ភ្លេងរីខត ដែល​បាន​ជំពប់​រឿង​អាស្រូវ​ស្នេហា​ដោយសារ​អតីត​មិត្ត​ប្រុស​ទម្លាយ​រូប​អាក្រាត កញ្ញា វ៉ាន់ នីឡា ក៏បាន​បង្ហាញ​វត្តមាន​នៃ​ការ​ដើរ​កម្សាន្ត លម្ហែ​អារម្មណ៍​នៅ​លើ​ទឹកដី​អឺរ៉ុប​កាន់​ខែ​តែម្តង សូម្បី​តែ​ថ្ងៃ​ឆ្លង​ឆ្នាំ​ក៏​នាង​ធ្វើ​នៅ​ទីនោះ​ដែរ។

នេះ​បើតាម​ការ​បង្ហោះ​រូបភាព​គូស្នេហ៍​មួយគូ​អង្គុយ​រង់ចាំ​ពេលវេលា​រាប់​ថយ​ក្រោយ នៃ​ថ្ងៃ​ឆ្លង​ឆ្នាំ ២០១៧ ឈាន​ចូល​ដល់​ឆ្នាំ ២០១៨ និង​សារ​ហាក់​ដូចជា​ចង់​រំឭក​គ្រា​កម្សត់​មួយ​ថា៖ «ពេល​មនុស្ស ២ នាក់ មាន​ការ​ព្រួយបារម្ភ​ពីគ្នា​ទៅវិញ​ទៅ​មក​ពិត​ប្រាកដ​នោះ គឺ​ពួកគេ​តែងតែ​រក​វិធី​ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ល្អ ដោយ​មិន​បាន​គិត​ដល់​ការ​លំបាក​កម្រិត​ណា​នោះ​ឡើយ»។

នាង​បង្កើត​ចម្ងល់​យ៉ាងខ្លាំង ខណៈ​ពេល​ដែល​នាង​បាន​សម្រេច​ចិត្ត​ហោះ​ហើរ​ទៅ​កាន់​ទឹកដី​អឺរ៉ុប យ៉ាង បន្ទាន់​នៅ​ចំថ្ងៃ​នៃ​ការ​រៀបចំ​មង្គល​ការ​បង​ប្រុស​បង្កើត​របស់​ខ្លួន ដោយ​នាង​គ្រាន់​តែ​បង្ហើរ​សារ​នៅ​ក្នុង​បណ្តាញ​សង្គម ថា៖ «មិន​បាន​ចូលរួម​ពិធី​មង្គការ​បងប្រុស​ទេ ព្រោះ​រវល់​នឹង​ការងារ​ចាំបាច់​បំផុត គឺ​ត្រូវ​ទៅ​នាំ​គ្រឿង​សម្អាង​ចូល​មក​លក់​នៅ​ហាង» នោះ គេ​ក៏បាន​ឃើញ​កញ្ញា វ៉ាន់ នីឡា បង្ហោះ​រូប​ដើរ​កម្សាន្ត​យ៉ាង​ស្និទ្ធស្នាល​បែប​ដូចជា​គូស្នេហ៍ គឺ​ជាមួយ​នឹង​បុរស​ជនបរទេស​ម្នាក់ ដែល​រូបភាព​មាន​ចាប់បី​នាង​លើក​ដាំដូង នៅ​ឯ​ប្រទេស​អ៊ីតាលី។

តែ​កញ្ញា វ៉ាន់ នី​ឡា ក៏បាន​ព្រលយ​សារ​តប​បក​ស្រាយ​វិញ​ដែរ ខណៈ​ពេល​មាន​ក្រុម​មិត្តភក្តិ​លេង​បណ្តាញ​សង្គម​ទៅ​សួរនាំ​ថា តើ​ជា​គូស្នេហ៍​ថ្មី​របស់​នាង​មែន បាន​ជា​ផ្អែម​ល្ហែម​ម្ល៉េះ​នោះ​ដែរ​ថា៖ «ខ្ញុំ​អត់​មាន​អ្វី​និយាយ​នោះ​ទេ!ផ្អែម​ល្ហែម​អី គឺ​គាត់​គ្រាន់​តែ​ជា​មិត្តភក្តិ​របស់​អូន​ទេ​តើ!»។

ខណៈពេល​បង្ហាញ​វត្តមាន​ដើរ​កម្សាន្ត លម្ហែកាយ​នៅ​ឯ​ប្រទេស​នានា​នៃ​ទឹកដី​តំបន់​អឺរ៉ុប​ដែល​មាន​ដូចជា​ប្រទេស​បារាំង អ៊ីតាលី អេស្ប៉ាញ និង​ម៉ូណាកូ ជា​ដើម​នោះ ក៏​ឃើញ​តារា​ចម្រៀង​ស្រី​មិន​សូវ​ជា​ល្បី​ឈ្មោះ​ជ្រក​ទ្រនំ​ភ្លេងរីខត ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ផលិតកម្ម​ហង្សមាស ឈ្មោះ​ពិត​ថា សុខ ចិន្តា ហៅ​កញ្ញា វ៉ាន់ នីឡា​ឧស្សាហ៍​បង្ហោះ​សារ​ប្លែកៗ​ជា​ហូរហែ​ផងដែរ។

កាន់តែ ជាក់ស្តែង​នាង​សរសេរ​សារ​បែប​ជាការ​តាំង​ចិត្ត​ដោយ​ខ្លួនឯង សម្រាប់​ទទួល​យក​ភាព​រីករាយ​សប្បាយចិត្ត​ឆ្នាំ​ថ្មី​នេះ ចំពោះ​រូប​ខ្លួន​ឯង​តែ​ម្តង​ថា៖ «សួស្តី​ឆ្នាំ​ថ្មី!នាង​ខ្ញុំ​ចង់ ឲ្យ​ឆ្នាំ ២០១៨ សាប​ព្រោះ​នូវ​សេចក្តីសុខ​សុភមង្គល​ដល់​អ្នក​ទាំង​អស់​គ្នា ហើយ​នៅ​ឆ្នាំ​នេះ​ដែរ​នាង​ខ្ញុំ​ក៏​អាច​នាំនូវ​ស្នាម​ញញឹម និង​ភាព​រីករាយ​ទាំងឡាយ​ទាំងពួង​មក​ចែក​ជូន​អ្នក​ទាំងអស់​គ្នា​បាន​ទៀត​ផង»៕