ភ្នំពេញៈ នាពេលថ្មីៗនេះ ទោះបីជាតារាប្រុសស្រីមួយចំនួនជាប់ឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយឃើញមានអ្នកខ្លះក៏រងព្រនង់នៃការព្រមានផ្អាកអាជីពសិល្បៈមួយរយៈទៅហើយក្តី តែតារាសម្តែងស្រីរាងស្ល៊ីម កញ្ញា វ៉ាន់ វល័ក្ខ ហាក់នៅបន្តបង្ហាញពីគោលជំហរខ្លួនហ៊ានថតឈុតសិចស៊ី និងកុនស៊ីអារម្មណ៍ដដែលទៅតាមតម្រូវការចង់បានរបស់ផលិតកម្មនានាមិនរារែកនោះឡើយ។
នេះបើតាមតារាសម្តែងស្រីស្រស់ជាបុប្ផាមក-ពីក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ វ៉ាន់ វល័ក្ខ ដែលអាជីពសិល្បៈកំពុងតែដំណើរការឈានទៅមុខដោយជោគជ័យក្នុងការថតកុនទាំងដុំ និងកុនភាគជាប់រដឹក សឹងតែគ្មានពេលទំនេរ ឲ្យដឹងពីគេឧស្សាហ៍ឃើញនាងបានបង្ហោះរូបភាពសិចស៊ីបន្តបន្ទាប់ រហូតដល់មានមហាជនគាំទ្រខ្លះបង្ហាញពីការព្រួយបារម្ភ ខ្លាចនាងត្រូវក្រសួងវប្បធម៌ អាចនឹងចេញលិខិតព្រមានផ្អាកការងារសិល្បៈ ១ ឆ្នាំ ដូចទៅនឹងតារាស្រីសិចស៊ី ២ ដួងគឺកញ្ញា ដេននី ក្វាន់ និង កញ្ញា សេង សូណា នោះ។
តារាស្រីដែលទើបមានឱកាសលើកដំបូងក្លាយជាតួឯក តាមរយៈការថតកុនភាគរឿង «កូនក្រមុំលោកមេភូមិ» គឺជាការបំបែកកំណត់ត្រានៃតំណែងសម្តែងភាពយន្ដត្រឹមតែតួរងដែលដើរលើវិថីសិល្បៈជិតកន្លះទសវត្សរ៍ និងជះលុយកែដើមទ្រូងឲ្យកាន់តែសិចស៊ីខ្លាំងនោះ កញ្ញា វ៉ាន់ វល័ក្ខ បង្ហើបបញ្ជាក់ពីគោលជំហររបស់ខ្លួនថា៖ «សម្រាប់រូបនាងខ្ញុំ ដូចជាមិនមានអ្វីប្រែប្រួលឡើយចំពោះការថតកុនដែលមានឈុតសិចស៊ី ឬស៊ីអារម្មណ៍-ស្រើបស្រាលជាមួយនឹងតួប្រុសទៅតាមការចង់បានពីផលិតករដដែលឲ្យតែខាងផលិតកម្មនោះ គាត់ទទួលបានការអនុញ្ញាតសិទ្ធិឲ្យថតពីខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួចជាស្រេចនោះ»។
កញ្ញា វ៉ាន់ វល័ក្ខ តារាសម្តែងស្រីដែលទើបតែទិញរថយន្តទំនើបថ្មីម៉ាកឡង់គ្រីស័រ ដែលមានតម្លៃមិនក្រោម ១០ ម៉ឺនដុល្លារនោះបន្តទៀតថា៖ «នាងខ្ញុំនឹងមិនរារែកឡើយចំពោះការថតឈុតសិចស៊ី និងស្រើបស្រាលស៊ីអារម្មណ៍ទាំងឡាយ ប្រសិនបើមានការយល់ស្របគ្នារវាងផលិតកម្មនិងក្រសួងវប្បធម៌ព្រោះថា ការថតបែបនេះជាចំណូលចិត្តរបស់ខ្ញុំតាំងពី ដំបូង ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈមកហើយចំពោះការផូស្តរូបសិចស៊ីតាមហ្វេសប៊ុកនាពេលមួយរយៈចុងក្រោយនេះ ក៏ជាផ្នែកមួយនៃសិល្បៈផងដែរទេ សម្រាប់អារម្មណ៍របស់នាងខ្ញុំផ្ទាល់នោះ»។
ខណៈមួយរយៈពេលចុងក្រោយនេះ គេក៏ឧស្សាហ៍ឃើញ តារាស្រីស្រស់រាងស្រលូន និយមការសម្តែងសិចស៊ី និងស៊ីអារម្មណ៍ជាមួយតួប្រុសក្នុងភាពយន្តកញ្ញា វ៉ាន់ វល័ក្ខ បង្ហើរសារហាក់កំពុងតែមានរឿងបែបរកាំរកូសក្នុងចិត្តនឹងគូស្នេហ៍ខ្លួននៅក្រៅឆាកកុនផងដែរ។
តែកញ្ញា វ៉ាន់ វល័ក្ខ បានព្រលយថា៖ «មិនមែនជារឿងធំដុំអីនោះទេ គ្រាន់តែជារឿងតូចតាចធម្មតា។ ពីមុនមានអ្នកស្រឡាញ់មែន តែឥឡូវនេះ គ្មានទេគឺនៅទំនេរឲ្យម្នាក់ឯងគត់តែម្តង»៕