ភ្នំពេញ: តារា​សម្តែង កញ្ញា វ៉ាន់ វល័ក្ខ មួយរយៈ​នេះ ហាក់​គ្រវែង​ចោល កាយ​វិការ​លែង​កាយ​ចំណាយ​សម្ផស្ស​សិច​ស៊ី​ស្ទើរ​អស់​កេរ្តិ៍​ស្ត្រី​នោះ នាង​បាន​បង្ហើប​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ ថា ៖«មួយរយៈ​នេះ ខ្ញុំ​មិន​មាន​អារម្មណ៍​សប្បាយ​ចិត្ត ហើយ​ពេល​ខ្លះ​ក៏​ស្ទើរ​នឹង​ក្លាយជា​មនុស្ស​បាត់បង់​វិញ្ញាណ​ផង​ក៏មាន»។

ការដែល​តារា​ស្រី រមែង​លែងខ្លួន​សិច​ស៊ី មាន​កំណើត​ពី​ទឹកដី​ខេត្ត​កំពង់ធំ កញ្ញា វ៉ាន់ វល័ក្ខ ទម្លាយ​អារម្មណ៍​ហ្មង​សៅ​នៅ​ក្នុង​ចិត្ត​ប្រាប់​មក ភ្នំពេញ ប៉ុស្តិ៍ នេះ មុន​នោះ​រូបភាព​នាង​ត្រូវ​ព្រះសង្ឃ​ស្រោច​ទឹក ក៏បាន​ធ្វើ​ឲ្យ​ផ្ទុះ​ការ​ជជែក​គ្នា ពី​ចង្កោម​អ្នក​សិល្បៈ​យ៉ាង​កក្រើក ខណៈ​សម្តី​ចេញ​ពី​អ្នក​រួម​អាជីព​ក៏បាន​និយាយ​ថា៖ «មួយ​រយៈ​នេះ អាល័ក្ខ នាង​ដូចជា​មិន​សូវ​ជា​សប្បាយ​ចិត្ត​មែន ហើយ​រូបថត​នាង​ទៅ​ឲ្យ​ព្រះសង្ឃ​ស្រោច​ទឹក​នេះ ទំនង​នាង​មាន​គ្រោះ​ភ័យ​អី​មួយ​ហើយ បាន​ជា​នាង​រក​លោក​រំដោះ​គ្រោះ​ស៊យ»។

តែ​យ៉ាងណា​ការជជែក ពី​ហ្វូង​អ្នក​រួម​អាជីព​នោះ ក៏​មិនបាន​ទម្លាយ​ដែរ​ថា តារា​ស្រី​ស្រស់​រមែង​លែង​សម្ផស្ស​ដើម​ទ្រូង​សិច​ស៊ី កញ្ញា វ៉ាន់ វល័ក្ខ នាង​កំពុង​ពិបាក​ចិត្ត​រឿង​អ្វី ហើយ​រឿង​អ្វី​បាន​ជា​រុញ​ច្រាន​ឲ្យ​ភាព​ស្រស់​ស្រាយ​របស់​បុប្ផា​មក​ពី​ក្រុង​ស្ទឹងសែន​រូប​នេះ ចាំ​បាច់​រត់​រក​ព្រះសង្ឃ​រំដោះ​គ្រោះ។

ប៉ុន្តែ​យ៉ាងណា នាង វ៉ាន់ វល័ក្ខ មិនបាន​បង្ហាញ​ពី​មូលហេតុ​ច្បាស់​លាស់​ពី​ដំណើរ​រត់​រក​ព្រះសង្ឃ​រំដោះ​គ្រោះ​នោះ​ឡើយ ដោយ​នាង​គ្រាន់​តែ​ប្រាប់​តាម​សារ​អេឡិច​ត្រូនិក​មក​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «មាន​រឿង​ខ្លះ​ដែល​មិន​អាច​និយាយ​បាន តែ​រឿង​នោះ ពេល​ខ្លះ​សឹង​តែ​គិត​ថា គិត​ខ្លី​តែ​ម្តង»។

ស្ថិតក្នុង​អាការ​ដូចជា​ទន់ខ្សោយ​សុខភាព ខណៈ​សម្ដី​ឆ្លើយ​ឆ្លង​មក​ក៏មាន​សំឡេង​ខ្សាវៗ តារា​ស្រី​ធ្លាប់​ញ៉ាំង​វិថី​សិល្បៈ​ឲ្យ​កក្រើក​ដោយ​ភាព​ក្លាហាន​ថត​រូប លែង​ប្រាណ កាច់​រាង​អែ​នអន​លើ​គ្រែ កញ្ញា វ៉ាន់ វល័ក្ខ ក៏បាន​ប្រាប់​ថា៖ «ពេល​នេះ​សុខភាព​ខ្ញុំ ពិត​ជា​ខ្សោយ​ណាស់ ព្រោះ​មួយរយៈ​នេះ​ពិបាក​ចិត្ត​ខ្លាំង ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​បង​មុន​អ៊ីចឹង​ថា ខ្ញុំ​ស្ទើរ​នឹង​គិត​ខ្លី រក​វិធី​ប្រល័យ​ជីវិត ដោយ​ភាព​មោហ៍​បាំង​ជញ្ជាំង​បិទ​មួយ​គ្រា តែ​ពេល​នេះ ដ្បិត​សុខភាព​នៅ​ខ្សោយ តែ​ក្រោយ​ពី​បាន​ទៅ​ឲ្យ​ព្រះសង្ឃ​ស្រោច​ទឹក​រំដោះ​គ្រោះ​រួច​មក ដូចជា​ស្រឡះ​មុខ ស្រឡះ​មុខ មាត់​បន្តិច​ហើយ»។

បើទោះជា​មានការ​ត្អូញត្អែរ​ពី​ការ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត ដល់​ថ្នាក់​ចង់​គិត​ខ្លី ក្នុង​ស្ថានភាព​សុខភាព​ចុះ​ខ្សោយ​នេះ​ក្តី តែ​ធីតា លែង​កាយ​សិចស៊ី​មក​ពី​ក្រុង​ស្ទឹងសែន រីករាយ​សម្ផស្ស​នៅ​លើ​វិថី​សិល្បៈ​រូប​នេះ នៅ​អះ​អាង​ថា៖ «យ៉ាង​ណា ខ្ញុំ​នៅ​តែ​បន្ត​ការងារ​សិល្បៈ​រលូន​ធម្មតា​ទេ​បង។ រឿង​ពិបាក​ចិត្ត​ជា​រឿង​ក្នុង​ខ្លួន តែ​សម្រាប់​ការងារ​រក​ចំណូល ទទួល​ទាន​នោះ​នៅ​តែ​បន្ត​ដោយ​ធម្មតា»។

តារា​សម្តែង កញ្ញា វ៉ាន់ វល័ក្ខ ក៏បាន​បញ្ជាក់​ថា៖ «ក្រោយ​បាន​ស្រោច​ទឹក រំដោះ​គ្រោះ​បាន​ស្តាប់​ធម៌​ស្ដាប់​ចាស់​ទុំ ហើយ និយាយ​ពី​ការ​រំងាប់​ចិត្ត​អី​ហ្នឹង​ទៅ​អារម្មណ៍​ខ្ញុំ​ធូរ​ស្បើយ​ច្រើន»។

តារា​សិច​ស៊ី​រូបនេះ​ក៏បាន​បញ្ជាក់​ទៀត​ថា៖«ហើយ​អារម្មណ៍​មោហ៍​បាំង​ជញ្ជាំង​បិទ​មុន​នេះ ដែល​ចង់​គិត​ខ្លី​ក៏​រសាយ​ដែរ»៕