ក្រុងវ៉ាស៊ីនតោន: Bess អាយុ ១១ ​ឆ្នាំ​រង់ចាំ​ឲ្យ​គេ​ចាប់​ជ្រមុជ​ទឹក​យ៉ាង​អត់ធ្មត់​ក្នុង​សីតុណ្ហភាព​ត្រជាក់​ជាង​កម្ដៅ​រាងកាយ​របស់​វា​បន្ដិច​ប៉ុណ្ណោះ​។ ការព្យាបាល​រោគ​ដោយ​ការ​ត្រាំ​ទឹក​ត្រជាក់ នឹង​មាន​រយៈពេល​តែ ១៧ នាទី តែ​វា​មាន​ប្រសិទ្ធភាព​ចំពោះ​ជំងឺ​សន្លាក់​។ Bess គឺជា​សត្វ​ឆ្មា​!

ដើម្បី​សម្រួល​អាការ​ជំងឺ​សន្លាក់ ឆ្មា​អម្បូរ Maine Coon មាន​ទម្ងន់ ១០ គីឡូក្រាម​ត្រូវ​បាន​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​មិត្ដភាព​សត្វ​រាល់​សប្ដាហ៍ ជា​គ្លីនិក​ពេទ្យសត្វ​មួយ​ស្ថិត​នៅ​លើ​វិថី​ដ៏អ៊ូអរ​នៃ​ក្រុង​វ៉ាស៊ីនតោន​។

លើសពី​ការព្យាបាល​បែប​បុរាណ គ្លីនិក​នេះ​ផ្ដល់​ការថែទាំ​តាម​បែបផែន​មនុស្ស ដូចជា​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​ និង​អេកូសាស្ដ្រ​ជាដើម​។

Christine Klippen ជា​គ្រូ​ពេទ្យសត្វ​ម្នាក់​ក្នុង​ចំណោម ៦៣ ​នាក់​ដែល​បម្រើការ​នៅ​គ្លីនិក​រៀងរាល់​ថ្ងៃ​ពេញ​ ១ ​ឆ្នាំ និយាយ​ថា​សត្វ​ចិញ្ចឹម​ត្រូវ​បាន​ចាត់ទុក​ជា​សមាជិក​គ្រួសារ​។

ការព្យាបាល​ជំងឺ​សន្លាក់​សត្វ ដោយ​ប្រើ​បច្ចេកទេស​ប្ដូរ​សីតុណ្ហភាព​ទឹក​។ រូបថត AFP

យោង​តាម​លោក ស្ដេវ ឃីង ប្រធាន​សមាគម​ផលិតផល​សត្វ​ចិញ្ចឹម​នៅ​អាមេរិក ប្រទេស​មហាអំណាច​មាន​ពលរដ្ឋ ៨៤,៩ ​លាន​គ្រួសារ ឬ ៦៨ ភាគរយ​មាន​សត្វ​ចិញ្ចឹម​ក្នុងផ្ទះ​។

លោក​បាន​និយាយ​ថា​៖ «​មហាសេដ្ឋី​គ្រប់​ជំនាន់​សុទ្ធ​តែ​មាន​សត្វ​ចិញ្ចឹម​ផ្ទាល់ខ្លួន ដែល​ច្រើន​ជាង​ការរីកចម្រើន​នៃ​ចំនួន​ប្រជាសាស្ដ្រ​ក្រោយ​សម័យ​សង្គ្រាម​»​។

កាលពី​ឆ្នាំ​មុន​អតិថិជន​ចំណាយ​លើ​សត្វ​ចិញ្ចឹម​រហូត​ដល់ ៧២,៦ ​ពាន់​លាន​ដុល្លារ ហើយ APPA រំពឹង​ថា​ចំនួន​នេះ​នឹង​កើន​ដល់ ៧៥,៤ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​នេះ​។

លោក ឃីង មកពី​សមាគម APPA បាន​បន្ដ​ថា​៖ «​ដោយសារ​តែ​យើង​យល់ឃើញ​ចំពោះ​សត្វ​ចិញ្ចឹម​ក្នុង​ទស្សនៈ​ខុសៗ​គ្នា វា​លែង​ជា​ទម្លាប់​ឲ្យ​នំ​ឆ្កែ​ស៊ី​ធម្មតាៗ​ទៀតហើយ​»​។

ម្ចាស់​សត្វ​ចិញ្ចឹម​ខ្លះ​ត្រៀម​ចំណាយ​ប្រាក់​សន្ធឹក​លើ​សុខភាព​របស់​វា រួមមាន​ការលាង​ឈាម​មាន​តម្លៃ​ចន្លោះ​ពី ១២០០០ ទៅ ១៥០០០ ​ដុល្លារ ខណៈ​តម្លៃ​នៃ​ការវះកាត់​សន្លាក់​អាច​ចំណាយ​ពី ៥០០០ ទៅ ៧០០០ ដុល្លារ​ឯណោះ​៕ HR